ខេត្ដសៀមរាប ៖ ក្រុមលោកគ្រូ-អ្នកគ្រូនៅវិទ្យាល័យក្រឡាញ់ចំនួន២៣នាក់ ក្នុងចំណោម៥០នាក់ បាននាំគ្នាធ្វើកូដកម្មមិនចូលបង្រៀន ដើម្បីទាមទារដកនាយកស្តីទីម្នាក់ឈ្មោះស៊ាន ផល្លា ចេញពីតួនាទី ដោយបានចោទប្រកាន់ថា ប្រព្រឹត្តិអំពើពុករលួយចាយប្រាក់បេសកម្មមិនត្រឹមត្រូវ ព្រមទាំងការតែងតាំងដោយបក្សពួក និងប្រើពាក្យសម្តីអសុរោះដល់លោកគ្រូ-អ្នកគ្រូ និងរើសអើងសិស្សានុសិស្សផងដែរ ។
ការធ្វើកូដកម្មនេះ ធ្វើឡើងកាលពីវេលាព្រឹកថ្ងៃទី២៥ ឧសភា ២០១៥ នេះ ស្ថិតនៅក្នុងវិទ្យាល័យក្រឡាញ់ ស្រុកក្រឡាញ់ ខេត្ដសៀមរាប ។
ប្រភពពីក្រុមគ្រូបង្រៀននៃវិទ្យាល័យក្រឡាញ់បានឱ្យកោះសន្តិភាពដឹងថា គ្រូបង្រៀនមានចំនួន២៣នាក់ ក្នុងចំណោមជាង៥០នាក់ បាននាំគ្នាផ្ដិតមេដៃស្នើសុំទៅលោកប្រធានមន្ទីរអប់រំខេត្ត ដើម្បីសុំផ្លាស់ប្ដូរនាយកស្ដីទីឈ្មោះស៊ាន ផល្លា ចេញពីតួនាទី ដោយសារនាយកស្តីទីរូបនេះ ប្រព្រឹត្តអំពើពុករលួយចាយវាយប្រាក់PBមិនបានត្រឹមត្រូវ និងបន្លំធ្វើឯកសារបង្រៀនក្រៅម៉ោងផងដែរ។
ប្រភពបន្ដថា មិនតែប៉ុណ្ណោះ នាយកស្ដីទីរូបនោះ មិនមានការតែងតាំង ឬសេចក្ដីប្រកាសចេញពីក្រសួងអប់រំឡើយ គឺធ្វើឡើង ដោយការឃុបឃិតគ្នាជាមួយមន្ដ្រីរអប់រំខេត្ដប៉ុណ្ណោះ ។ ពួកគាត់ទាមទារឱ្យក្រសួងអប់រំចាត់វិធានការលើលោកនាយកស្ដីទីរូបនោះតាមផ្លូវច្បាប់ ឬដកចេញជាប្រញាប់ ។
ប្រភពពីអ្នកគ្រូបង្រៀនឱ្យដឹងស្រដៀងគ្នាថា នាយកសាលាស្ដីទី គឺលោក ស៊ានផល្លា រូបនោះ ទើបផ្លាស់ប្ដូរមកពីសាលាផ្សេង ទើបផ្លាស់មកពីសាលាវិទ្យាល័យអង្គរ បាន៤ឆ្នាំប៉ុណ្ណោះ ហើយសមាជិកក្រុមប្រឹក្សាស្រុកក្រឡាញ់ ក៏បានបោះឆ្នោតទម្លាក់លោកស៊ាន ផល្លា នោះ ចេញពីនាយកសាលាដែរ ។
ជាមួយគ្នានោះដែរ ក្រុមគ្រូងបង្រៀនបានបន្ថែមថា ចាប់តាំងពីគ្រូរូបនោះ ឡើងជានាយកសាលាស្តីទីរូបនេះ មានរឿងអាស្រូវ និងប្រើពាក្យអសុរោះដល់លោកគ្រូអ្នកគ្រូក្នុងសាលានោះជាបន្តបន្ទាប់ ខណៈដែលនាយកសាលារូបនោះ មានអាយុប្រហែលជាង៣០ឆ្នាំប៉ុណ្ណោះ ។ ប៉ុន្តែពួកគាត់បានបន្ថែមថា កាលពីកន្លងទៅ លោកនាយកស្តីទីនោះមកកាន់តែងតែមានរឿងអាស្រូវជាញឹកញាប់ ប៉ុន្តែត្រូវបានប្រធានមន្ទីរអប់រំ និងលោកម៉ៅ វុឌ្ឍី អភិបាលរងខេត្ដសៀមរាប ទៅប្រជុំដោះស្រាយជាច្រើនលើកមកហើយ ប៉ុន្ដែគ្មានទទួលបានផ្លែផ្កាអ្វីសោះ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ