ខេត្តព្រះសីហនុ ៖ ប្រជាពលរស់នៅខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីម៉ោងប្រមាណ០១ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណម្នាក់ បានបើកការបាញ់រះដោយកាំភ្លើងខ្លីប្រមាណ ១០គ្រាប់ សំដៅទៅលើរថយន្តចំនួន ០២គ្រឿង ដែលម្ចាស់ចតទុកនៅមុខសណ្ឋាគារចិន មួយកន្លែងស្ថិតក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានទីតាំងក្បែរអាហារដ្ឋាន «គឹមទ្រី»។ ប្រភពបញ្ជាក់ថា រថយន្តចំនួន០២គ្រឿង ដែលត្រូវខ្មាន់កាំភ្លើងបាញ់រះនោះ ម៉ាក Lang Rover ពាក់ស្លាកលេខ ភ្នំពេញ 2BP- 7777 និងម៉ាក ហាយឡែនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2AG- 3686 បានខូចខាតបែកកញ្ចក់ និងធ្លុះធ្លាយតួរថយន្តជាច្រើនកន្លែងទៀត។
![Picture]()
ត្រង់ចំណុចនេះ ប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ បន្តបង្ហាញការព្រួយបារម្ភជាថ្មីទៀត ចំពោះបញ្ហាសន្តិសុខសុវត្ថិភាពផ្ទាល់ខ្លួន និងស្នើដល់កម្លាំងសមត្ថកិច្ចស្ថាប័នជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងកងរាជអាវុធហត្ថខេត្តនេះ ជួយពន្លឿនបើកការស៊ើបអង្កេត ដើម្បីឈានទៅនាំខ្លួនជនល្មើសមកផ្តន្ទាទោសឲ្យបានឆាប់។ យ៉ាងណាក៏ដោយចុះ គិតត្រឹមរសៀលថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកានេះ គេមិនទាន់ឃើញ សមត្ថកិច្ចស្ថាប័នពាក់ព័ន្ធណាមួយ បង្ហាញរបាយការណ៍ លើករណីជនល្មើសបើកការបាញ់បោះសេរី បង្កការភ្ញាក់ផ្អើលដល់ការរស់នៅ របស់ប្រជាពលរដ្ឋ ក្រុងព្រះសីហនុនេះនៅឡើយទេ។
![Picture]()
ទោះជាបែបនេះក្តី ប្រភពពីសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្នើមិនបង្ហាញឈ្មោះ បានប្រាប់ថា ករណីខ្មាន់កាំភ្លើងដែលបានបាញ់រះ ទៅលើរថយន្តចំនួន ០២គ្រឿង ដែលម្ចាស់ចតទុក នៅមុខសណ្ឋាគារចិនខាងលើនេះ កម្លាំងជំនាញកំពុងបើកការស៊ើបអង្កេត និងបានកំណត់មុខសញ្ញាជនល្មើសខ្លះៗហើយ តាមរយៈកាមេរ៉ាសុវត្ថិភាព៕ ដោយ ៖ ហ៊ុយ ចាន់ធួន
![Picture]()
ចែករំលែកព័តមាននេះ