ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​ទៅ​ដែល​ហៅ​ថា ទារក​កើត​មិន​គ្រប់​ខែ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្វី​ទៅ​ដែល​ហៅ​ថា​”​ទារក​កើត​មិន​គ្រប់​ខែ ? ទារក​កើត​មិន​គ្រប់​ខែ​គឺ​ទារក​ទាំងឡាយ​ដែល​សម្រាល​មុន​អាយុ​៣៧​ស​ប្ដា​ហ៍ ឬ​អាយុ​តិច​ជាង​២៥៩​ថ្ងៃនេះ​ជា​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត

រាជធានី​ភ្នំពេញ ៖ អ្វី​ទៅ​ដែល​ហៅ​ថា​”​ទារក​កើត​មិន​គ្រប់​ខែ ? ទារក​កើត​មិន​គ្រប់​ខែ​គឺ​ទារក​ទាំងឡាយ​ដែល​សម្រាល​មុន​អាយុ​៣៧​ស​ប្ដា​ហ៍ ឬ​អាយុ​តិច​ជាង​២៥៩​ថ្ងៃនេះ​ជា​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត​លឹ​ម វណ្ណ​និ​ត ឯកទេស​កុមារ​ទារក​គ្រូពេទ្យ​ផ្នែក​ប្រ​ពោ​ធន​កម្ម​ទារក​នៅ​មន្ទីរពេទ្យ​កាល់​មែ​៉​ត​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន ។

លោក​វេជ្ជបណ្ឌិត លឹ​ម វណ្ណ​និ​ត បាន​ថ្លែង​ថា មូលហេតុ​សំខាន់​ដែល​បណ្តាល​ឲ្យ​ទារក​កើត​មិន​គ្រប់​ខែ​មក​ពី​ទី​១-​អាច​មក​ពី​ស្ត្រី​ហ្នឹង​មាន​ផ្ទៃពោះ​ច្រើន​ដង​(គាត់​កូន​ច្រើន​)​អាច​ប្រឈម​មុខ​នឹង​កើត​មិន​គ្រប់​ខែ ។ មាន​កត្តា​ផ្សេង​ទៀត​ដូច​ជា អាច​មាន​មេរោគ​បង្ក​រលាក​តម្រងនោម ឧស្សាហ៍​ផ្តាសាយ រលាក​ស្រោម​ទឹកភ្លោះ នេះ​សុទ្ធតែ​ជា​មូលហេតុ​ធ្វើ​ឲ្យ​ទារក​កើត​មិន​គ្រប់​ខែ​។ បែក​ទឹកភ្លោះ​មុន​កំណត់ ជួនកាល​មាន​បញ្ហា​ទាក់ទង​ទៅ​នឹង​សុក គឺ​សុក​នៅ​ពាំង​មាត់ស្បូន ដល់​រយៈពេល​អាយុ​ត្រឹម​៣៧​ស​ប្តា​ហ៍​ក៏​មាន​ឈាម​ដូច្នេះ​យើង​ត្រូវ​ស​ម្រ​ច​ចិត្ត​ឲ្យ​សម្រាល​មុន​៣៧​ស​ប្តា​ហ៍ ។ មាន​ហេតុផល​ផ្សេង​ទៀត​ដែល​បណ្តាល​ឲ្យ​ទារក​កើត​មិន​គ្រប់​ខែ ឧ​ទា​ហណ៍ ម្តាយ​ឡើង​សម្ពាធ​ឈាម​ខ្ពស់​នូវ​ត្រីមាស​ចុង​ក្រោយ មាន​ជំងឺ​ទឹកនោមផ្អែម មាន​ជំងឺ​ធ្ងន់​ៗ​រួម​ផ្សំ​អាច​ជំងឺ​មហារីក ជំងឺ​បេះដូង ជំងឺ​សួត​និង​ករណី​ខ្លះ​បណ្ដាល​មក​ពី​គ្រោះថ្នាក់​ចរាចរណ៍​អីុ​ចឹ​ង​បង្ខំចិត្ត​ឲ្យ​កើត​មុន​អាយុ​៣៧​ស​ប្តា​ហ៍ ។ ការ​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​លើ​ទារក​មិន​គ្រប់​ខែ​យើង​ពឹងផ្អែក​ទៅ​លើ​អ្នកជំងឺ​បើ​គាត់​ចាំ​ច្បាស់​យើង​អាច​វាយតម្លៃ​ថា​កូន​ហ្នឹង​កើត​មាន​អាយុ​ប៉ុ​ន្មា​ន​ស​ប្តា​ហ៍​ហើយ និង​ពឹងផ្អែក​ទៅ​លើ​កត្តា​មួយទៀត​គឺ​គាត់​ពិនិត្យ​អេកូ​ផ្ទៃពោះ​នៅ​ត្រីមាស​ទី​១​គឺ​អាច​កំណត់​រយៈពេល​កើត​និង​កំណត់​អាយុ​នៃ​គភ៌​បាន ។ កត្តា​ចុង​ក្រោយ​គឺ​យើង​ជា​គ្រូពេទ្យ​ពិនិត្យ​ផ្ទាល់​ទៅ​លើ​ទារក​តែ​ម្តង ។

ជា​ទូទៅ​ទារក​កើត​មិន​គ្រប់​ខែ​មាន​ផលវិបាក​ច្រើន​ហើយ​សំខាន់​វា​ទាក់ទង​ទៅ​នឹង​សួត​(​សួត​ទារក​មាន​លក្ខណៈ​មិន​ពេញលេញ​) ធ្វើ​ឲ្យ​កុមារ​ហត់​ដង្ហក់ បបូរមាត់​ស្វាយ​ដែល​ទាមទារ​ឲ្យ​មានការ​សង្គ្រោះ​បន្ទាន់ ។

ផលវិបាក​ទី​២-​វា​ទាក់ទង​ទៅ​នឹង​ជំងឺ​បេះដូង​គឺ​ទារក​អាច​មាន​ជំងឺ​បេះដូង​គឺ​សរសៃឈាម​បេះដូង​បិទ​មិន​ជិត​ជា​ធម្មតា​ត្រូវ​បិទ​ជិត​យ៉ា​ង​យូរ​ត្រឹម​៧២​ម៉ោង​តែ​ទារក​មិន​គ្រប់​ខែ​គឺ​សរសៃឈាម​នៅ​ចំហ​រហូត​ដែល​មាន​ផលវិបាក​ទៅ​ដល់​ការ​រំលាយ​អាហារ​និង​ប្រព័ន្ធ​ដកដង្ហើម ។

ផលវិបាក​ទី​៣-​ប្រព័ន្ធ​រំលាយ​អាហារ​ដោយសារ​ទារក​មាន​អាយុ​មិន​គ្រប់​ខែ​គឺ​ពោះវៀនធំ ក្រពះ​មិន​ទាន់​ពេញលេញ​ពិបាក​រំលាយ​អាហារ​បាន​ល្អ ពេល​ខ្លះ​មិន​អាច​រលាយ​ទឹក​គោ​ទឹកដោះ​ម្តាយ​ទៅ​រំលាយ​ដើម្បី​ទទួល​ការ​លូតលាស់​បាន​ផង ។ ផលវិបាក​ទាក់ទង​នឹង​ខួរក្បាល​គឺ​ទារក​អាច​មាន​បញ្ហា​ឈាម​នៅ​ក្នុង​ខួរក្បាល អាច​មិន​ដកដង្ហើម តែ​គេ​ធ្វើ​រោគវិនិច្ឆ័យ​បាន​ដោយ​វាស់​អេកូ​ខួរក្បាល​អាច​រក​ឃើញ​ថា​តើ​ទារក​មាន​ហូរ​ឈាម​ក្នុង​ខួរក្បាល​ឬ​អត់ ។ បន្ទាប់​គឺ​ផលវិបាក​ដោយសារ​ប្រព័ន្ធ​ធាតុ​ផ្សំ​របស់​ទារក​មិន​មាន​ពេញលេញ ទារក​ងាយ​ទទួល​រង​ការ​បង្ក​រោគ​និយាយ​សាមញ្ញ​ទារក​ងាយ​នឹង​ទទួល​ជំងឺ​ជាង​ក្មេង​ដែល​កើត​ធម្មតា ។ ផលវិបាក​មួយទៀត​គឺ​ច្រើន​តែ​ទារក​មាន​ខាន់លឿង​ដែល​ទាមទារ​ឲ្យ​មានការ​ព្យាបាល ។

ផលវិបាក​ទាក់ទង​នឹង​មួយទៀត​គឺ​ទារក​មិន​គ្រប់​ខែ​អាច​មាន​សភាព​ស្លេកស្លាំង​ជាង​ទារក​ធម្មតា​ពេល​ខ្លះ​ទាមទារ​ឲ្យ​បញ្ចូល​គ្រាប់​ឈាម​ដើម្បី​ជួយ​សង្គ្រោះ​ទារក ។ នេះ​គឺជា​ផលវិបាក​សំខាន់​ៗ​បណ្តាល​មក​ពី​ការ​កើត​មិន​គ្រប់​ខែ​ដែល​ទាមទារ​ឲ្យ​គ្រូពេទ្យ​ត្រូវ​សង្គ្រោះ​បន្ទាន់​ជា​ពិសេស​គឺ​ផ្នែក​សួត ពោះវៀន និង​បេះដូង ។ ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មាន​ផ្នែក​ប្រ​ពោ​ធន​កម្ម​នៅ​ជិត​ផ្នែក​សម្ភព​១​ហើយ​ងាយស្រួល​ក្នុង​ការ​ទំនាក់ទំនង​រវាង​គ្រូពេទ្យ​សម្ភព គ្រូពេទ្យ​កុមារ គ្រូពេទ្យ​ទារក ជាមួយ​ក្រុម​គ្រួសារ ។ ការ​ធ្វើការ​ជា​ក្រុម​បែប​នេះ​មាន​សារសំខាន់​សម្រាប់​ការ​ធ្វើ​រោគវិនិច្ឆ័យ ការ​ព្យាបាល​ទារក​បាន​ទាន់​ពេល ។ មានការ​សហការ​ល្អ​រវាង​ឆ្មប​ផ្នែក​សម្ភព​និង​គ្រូពេទ្យ​ឆ្មប​នៅ​ផ្នែក​ប្រ​ពោ​ធន​កម្ម​ទារក​ដែល​ផ្តល់​ព័ត៌មាន​ឱ្យ​គ្នា​បាន​ទាន់​ពេលវេលា ។

លោក​វេជ្ជបណ្ឌិត​លឹ​ម វណ្ណ​និ​ត បាន​បញ្ជាក់​ថា កន្លង​មក​មន្ទីរពេទ្យ​បាន​ជួប​ការ​ងាយស្រួល​ក៏​ប៉ុ​ន្តែ​ក៏​ជួប​ការ​លំបាក​ផង​ដែរ​ដូច​ជា ស្ត្រី​ជា​ម្តាយ​មិន​បាន​មក​ពិនិត្យ​ពោះ​ឲ្យ​បាន​ទៀងទាត់​គឺ​មិន​បាន​មក​ពិនិត្យ​ផ្ទៃពោះ​ទាល់តែ​សោះ​ពេល​សម្រាល​គាត់​មក​សម្រាល​តែ​ម្តង ហើយ​ស្ត្រី​ទាំងនោះ​មិន​មាន​ព័ត៌មាន​អំពី​ការ​ពិនិត្យ​ផ្ទៃពោះ​ជួនកាល​បញ្ជូន​ទារក​ដែល​មាន​បញ្ហា​មិន​គ្រប់​ខែ​មានការ​យឺត​យ៉ា​វ ហើយ​ការ​បញ្ជូន​មាន​លក្ខណៈ​មិន​សម​ស្រប ។ មានគ្រួសារ​ខ្លះ​គាត់​មិន​បាន​ផ្តល់​ព័ត៌មាន​ច្បាស់លាស់​ដល់​បុគ្គលិក​ផ្នែក​ប្រ​ពោ​ធន​កម្ម​ទារក គេ​មិន​សហការ គាត់​មិនដឹង​ហើយ​គាត់​នៅ​ខេត្ត​ឆ្ងាយ​មិន​អាច​មក​ញឹកញាប់​មើល
ថែទាំ​កូនចៅ​របស់​គាត់​បាន​ទេ​ធ្វើ​ឲ្យ​គ្រូពេទ្យ​មានការ​លំបាក ។ ការ​សម្រាក​នៅ​មន្ទីរពេទ្យ​របស់​ទារក​កើតមក​មិន​គ្រប់​ខែ​ជា​ទូទៅ​មាន​រយៈពេល​យូរយ៉ាង​តិច​មួយ​ខែ​ដូច្នេះ​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​មិន​មានការ​សហការ​ជាមួយ​គ្រូពេទ្យ​ជាប់លាប់ ។

លោក​វេជ្ជបណ្ឌិត​ក៏​បាន​អំពាវនាវ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ​ត្រូវ​មក​ពិនិត្យ​ផ្ទៃពោះ​ឲ្យ​បាន​ទៀងទាត់​និង​មក​ជួប​គ្រូពេទ្យ​ជំនាញ​ផ្នែក​សម្ភព​ដើម្បី​ពិនិត្យ​ការ​លូតលាស់​របស់​ទារក​ក្នុង​ផ្ទៃ​ដូច​ជា​ការ​តាមដាន​សម្ពាធ​ឈាម មើល​អេកូ​សាស្ត្រ ផ្តល់​ជាតិ​ដែក​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ការពារ​ភាពស្លេកស្លាំង​បើ​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថា មាន​ករណី​គំរាម​មុន​ពេល​កើត​មិន​គ្រប់​ខែ​គ្រូពេទ្យ​អាច​ឲ្យ​ដំបូន្មាន​ដើម្បី​ឲ្យ​សម្រាក​បាន​ច្រើន ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​កាល់​ឡូ​រី​ខ្ពស់ កុំ​ឲ្យ​ឡើង​គីឡូ​ច្រើន​ពេក​ព្រោះ​វា​អាច​ពិបាក​ក្នុង​ការ​ឆ្លងទន្លេ​ហើយ​ស្ត្រី​នោះ​ត្រូវ​មក​តាម​ការ​ណាត់​របស់​គ្រូពេទ្យ ។ ទារក​អាយុ​កាន់តែ​ច្រើន​និង​មាន​លទ្ធផល​រស់រៀន​មានជីវិត​ល្អ​ជាង​ទារក​ដែល​មាន​អាយុ​តិច ។ ស្ត្រី​ជា​ម្តាយ​ត្រូវ​ចៀសវាង​ការ​ទម្លាប់​បន្តក់​ទឹកដោះ​ម្តាយ​ទៅ​លើ​ភ្នែក​ទារក​នៅ​ពេល​ដែល​ទារក​ឈឺភ្នែក​ការ​ធ្វើ​បែប​នេះ​មិន​អាច​ជួយ​ការ​ព្យាបាល​ជំងឺ​រលាក​កែវភ្នែក​របស់​ទារក​បាន​ឡើយ យើង​ត្រូវ​ប្តូរ​ពី​ការ​បន្តក់​ទឹកដោះ​ម្តាយ​ទៅ​ជួប​គ្រូពេទ្យ​ដែល​មាន​ថ្នាំ​ភ្នែក​អាច​ព្យាបាល​ភ្នែក​វិញ​ជា​ការ​ប្រសើរ ហើយ​មាន​ឱ​ពុក​ម្តាយ​មួយ​ចំនួន​ច្រើន​តែ​លាប​ប្រេងកូឡា ប្រេងខ្យល់​នៅ​លើ​ពោះ​នៅ​លើ​បង្ហើយ​កូន​ដែល​អ្នក​ម្តាយ​ទាំងនោះ​យល់​ថា​អាច​ការពារ​ជំងឺ​ផ្តាសាយ តែ​តាម​ការ​ពិត​ប្រេងកូឡា​ប្រេងខ្យល់​ទាំង​ហ្នឹង​មិន​អាច​ជួយ​ការពារ​ទារក​ពី​ជំងឺ​បាន​ទេ​នេះ​ជា​ការ​មិន​ត្រឹមត្រូវ ។ មួយទៀត​អ្នក​ម្តាយ​ពេល​ដែល​ឃើញ​ទារក​ក្តៅខ្លួន​មាន​ច្រាំង​អណ្តាត​គាត់​យក​ទឹកឃ្មុំ​មក​កៀរ​អណ្តាត​ព្រោះ​គាត់​យល់​ថា អាច​ជួយ​ព្យាបាល​វា​បាន​តែ​តាម​ការ​ពិត​គាត់​គួរតែ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ផ្នែក​កុមារ​និង​ទារក​ដើម្បី​មាន​ថ្នាំ​ព្យាបាល​វា​ប្រសើរ​ជាង ។

លោក​វេជ្ជបណ្ឌិត​លឹ​ម វណ្ណ​និ​ត ឯកទេស​កុមារ ទារក គ្រូពេទ្យ​ផ្នែក​ប្រ​ពោ​ធន​កម្ម​ទារក​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​បញ្ជាក់​ថា នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​បច្ចុប្បន្ន​ផ្នែក​ប្រ​ពោ​ធន​កម្ម​ទារក​មាន​សម្ភារ​ទំនើប​ៗ​តាម​ស្តង់ដា​សម្រាប់​ជួយ​សង្គ្រោះ​ទារក​បាន​ទាន់​ពេល​ហើយ​មាន​ប្រសិទ្ធភាព​ខ្ពស់​ទៀត​ផង ៕