រាជធានីភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី៤នាក់ ពាក់ព័ន្ធនឹងការជួញដូរថ្នាំញៀនជិត១គីឡូក្រាម ត្រូវបានរត់គេចខ្លួនបានសម្រេច ចេញពីបន្ទប់ឃុំឃាំងរបស់សមត្ថកិច្ចខណ្ឌមានជ័យ កាលពីវេលាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ។ គួររំលឹកថា ចាប់បានម្នាក់ លុះសួរនាំចុះឡើងៗបែកធ្លាយបន្តបន្ទាប់ដល់ទៅ៤នាក់

ជនសង្ស័យទាំង៤នាក់ខាងលើ រួមមានឈ្មោះ ទី១-ឈ្មោះសុខ លីន ភេទប្រុស អាយុ៣៩ឆ្នាំ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១៦ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ ភ្នំពេញ, ទី២-ឈ្មោះ ហុង បូរី ភេទស្រី អាយុ២០ឆ្នាំ មុនរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១៦ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ ភ្នំពេញ , ទី៣-ឈ្មោះ វ៉ាន់ ធី ភេទប្រុស អាយុ១៨ឆ្នាំ មុនរបរមិនពិត ប្រាកដស្នាក់នៅវត្តនន្ទមុនី ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ ភ្នំពេញ និងទី៤-ឈ្មោះហ៊ិន សុបិន ភេទប្រុស អាយុ៣២ឆ្នាំ មុនរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៨០៧ ផ្លូវ លំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ ភ្នំពេញ ។

ពួកគេទាំង៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ សហការជាមួយនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ ធ្វើការបង្ក្រាបបានកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចទីតាំង២ផ្សេងគ្នា ក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងជ័យទី២ ខណ្ឌមានជ័យ មានដោយដកហូតបានថ្នាំញៀនក្រាមសថ្លា សរុប២០កញ្ចប់តូចធំ ដែលស្មើរនឹងជិត១គីឡូក្រាម រួមជាមួយវត្ថុតាងគ្រឿងញៀនមួយចំនួនធំទៀតផងដែរ ។

ក្រោយការបង្ក្រាបបានហើយនោះ ជនសង្ស័យទាំង៤នាក់ ត្រូវបានបញ្ជូនទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យទី២ ដើម្បីធ្វើការឃុំខ្លួនបណ្តោះអាសន្ននៅទីនោះ រង់ចាំសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់នៅពេលខាងមុខ ប៉ុន្តែ ខណៈដែលការបន្តនីតិវិធី មិនទាន់បានធ្វើចប់សព្វគ្រប់ផង ក្រុមជនសង្ស័យ ក៏បានរត់គេចខ្លួនដោយសុវត្ថិភាព ពីក្នុងបន្ទប់ឃុំឃាំងរបស់សមត្ថកិច្ចតែម្តងទៅ ។
អ្វីដែលជាមន្ទិល និងការងឿងឆ្ងល់បំផុតនោះ ហេតុអ្វីបានជាក្រុមជនសង្ស័យអាចហែកគុកចេញពីខាងក្រៅបាន ខណៈដែលបន្ទប់ឃុំឃាំងរបស់សមត្ថកិច្ច បានចាក់សោរពីខាងក្រៅទ្វារឃុំឃាំងយ៉ាងរឹងមាំ ? បន្ថែមពីនោះ កំឡុងពេលដែលជនសង្ស័យអាចរត់គេចខ្លួនបាន តើមានកម្លាំងនគរបាលប្រចាំការនៅប៉ុស្តិ៍ដែរឬទេ បានជាពួកគេទាំង៤ អាចចាកចេញពីក្នុងប៉ុស្តិ៍ ហើយរត់ចេញពីក្រៅបានយ៉ាងស្រួល ដោយគ្មានការប្រទះឃើញពីសំណាក់ក្រុមនគរបាលបែបនេះ ?
ជុំវិញបាតុភាពខាងលើនេះ អធិការនគរបាលខណ្ឌមានជ័យ លោកម៉េង វិមានតារ៉ា បានបញ្ជាក់ប្រាប់កោះសន្តិភាពតាមរយៈទូរស័ព្ទ នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ អោយដឹងថា ក្រោយការពិនិត្យយ៉ាងល្អិតល្អន់ពីសំណាក់ក្រុមសមត្ថកិច្ចផ្នែកកោសល្យវិច្ច័យ បញ្ជាក់ថា ក្រុមជនសង្ស័យទាំង៤នាក់ គឺបានគាស់សោរទ្វាររត់គេចខ្លួនប្រាកដមែន ដោយពួកគេបានប្រើវត្ថុរឹង ( ពុំទាន់ដឹងថាអ្វីអោយប្រាកដ ) ក្នុងការគាស់ក្រយ៉ូវទ្វារផ្នែកខាងក្នុងនៃបន្ទប់ឃុំឃាំង រួចក៏បន្តគាស់សោរដែលចាក់ពីខាងក្រៅ ហើយបើកទ្វាររត់គេចចេញពីប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យទី២ បាត់ស្រមោលសូន្យតែម្តងទៅ ។
លោកអធិការបន្តថា នៅវេលាយប់រំលងអាធ្រាត្រកើតហេតុ មានកម្លាំងនគរបាលចំនួន៦នាក់ ដែលប្រចាំការនៅក្នុងប៉ុស្តិ៍ ប៉ុន្តែគ្រាដែលក្រុមជនល្មើសរត់គេចខ្លួននោះ គឺនគរបាលទាំង៦នាក់នោះ បានសម្រាកអស់ ដោយកំពុងលង់លក់ក្នុងដំណេក ទើបពុំបានដឹងថាក្រុមជនសង្ស័យរត់គេចខ្លួនតាំងពីពេលណាឡើយ លុះរហូតវេលាម៉ោង៥ព្រឹកឡើង ក៏បាត់ជនសង្ស័យពីបន្ទប់ឃុំឃាំងអស់ ទើបបង្កការភ្ញាក់ផ្អើលតែម្តង ។
លោកបន្តបន្ថែមថា នៅវេលាម៉ោង១២រំលងអាធ្រាត្រ លោកណេង សាមឿន នាយប៉ុស្តិ៍នគរបាល ក៏បានចូលទៅពិនិត្យមើលក្រុមជនសង្ស័យដែរ ប៉ុន្តែវេលានោះ គឺពួកគេជាប់ក្នុងបន្ទប់ឃុំឃាំងធម្មតា លុះដល់ភ្លឺឡើងទើបដឹងថា ពួកគេ គាស់ទ្វាររត់គេចខ្លួនបាត់ ។
យ៉ាងណាមិញ បច្ចុប្បន្ន កម្លាំងនគរបាលខណ្ឌមានជ័យ នគរបាលប៉ុស្តិ៍ សហការជាមួយនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងបើកការស្រាវជ្រាវក្នុងការតាមប្រមាញ់ចាប់ខ្លួនក្រុមជនសង្ស័យខាងលើ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់វិញ ផងដែរ ៕ (កែសម្រួលដោយ ៖ ធីតា)


ចែករំលែកព័តមាននេះ