ក្នុងនាមជាមហាសេដ្ឋី វិនិយោគិន សប្បុរសជន និងអ្នកនិពន្ធមួយរូប លោកប៊ីល ហ្គេតស៍ (Bill Gates) ដែលជាសហស្ថាបនិក និងអតីតនាយកប្រតិបត្តិរបស់ Microsoft ជាបុរសដែលទទួលបានការគោរពពីមនុស្សជាច្រើន។ ក្រៅពីបានបង្កើតក្រុមហ៊ុនមួយដែលស្ថិតក្នុងចំណោមក្រុមហ៊ុនដែលមានតម្លៃជាងគេលើលោកហើយ លោកក៏បានចាប់ផ្តើមមូលនិធិសប្បុរសធម៌ Bill and Melinda Gates Foundation ដែលបានចេញមុខជួយដោះស្រាយបញ្ហាសុខភាពសាធារណៈ និងការអប់រំផងដែរ។
ខាងក្រោមគឺជាប្រសាសន៍មួយចំនួនពីលោកហ្គេតស៍ ដែលអ្នកគួរស្តាប់ ៖
១. ភាពជោគជ័យមិនមែនជាគ្រូបង្រៀនល្អមួយទេ ៖
លោកហ្គេតស៍គិតថា ភាពជោគជ័យមានតែបោកបញ្ឆោតឲ្យមនុស្សដែលឆ្លាតវៃគិតថា ពួកគេមិនអាចបរាជ័យទេ។ មនុស្សត្រូវខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីសម្រេចបានភាពជោគជ័យ ប៉ុន្តែការបន្តធ្វើជាមនុស្សជោគជ័យ គឺកាន់តែពិបាកទៅទៀត។ មនុស្សជាច្រើនមិនយល់ពីចំណុចនេះ និងបានធ្វើឲ្យអ្នកដទៃក្នុងសង្គមស្អប់ខ្ពើម។

២. កុំប្រៀបធៀបខ្លួនជាមួយអ្នកដទៃ ៖
ប្រសិនបើអ្នកប្រៀបធៀបខ្លួនអ្នកជាមួយអ្នកដទៃ វាប្រៀបដូចអ្នកកំពុងតែមើលងាយខ្លួនឯងទេ។ មនុស្សម្នាក់ៗមានចំណុចពិសេស និងប្លែកៗពីគ្នាជានិច្ច ដូច្នេះវាមិនមែនជាបញ្ហាក្នុងការធ្វើជាមនុស្សដែលខុសពីអ្នកដទៃបន្តិចទេ។ មិនមាននរណាម្នាក់ដែលល្អឥតខ្ចោះទេ ហើយមិនមាននរណាម្នាក់ដែលអាចល្អឥតខ្ចោះបានដែរ។ ផ្ទុយមកវិញ ផ្តោតស្មារតីលើអ្វីដែលអ្នកត្រូវធ្វើ ដើម្បីបន្តអភិវឌ្ឍន៍ខ្លួនវិញ។
៣. ការមានលុយ និងមិនមានលុយ ៖
លោកហ្គេតស៍ ធ្លាប់មានប្រសាសន៍ថា ពេលដែលអ្នកមានលុយក្នុងដៃ មានតែអ្នកទេដែលភ្លេចថាអ្នកជានរណា តែពេលដែលអ្នកមិនមានលុយក្នុងដៃ ពិភពលោកទាំងមូលភ្លេចថាអ្នកជានរណា។ វាជាការពិតជាក់ស្តែងក្នុងជីវិតមនុស្ស។ មានន័យថា ក្នុងពិភពលោកសព្វថ្ងៃនេះ លុយមានសារៈសំខាន់ណាស់ ប៉ុន្តែលុយមិនមែនជាអ្វីដែលអាចបង្ហាញពីជីវិត ឬអត្តចរិតរបស់មនុស្សម្នាក់ទេ។ ប្រសិនបើអ្នកឲ្យតម្លៃលើលុយ លុយក៏ឲ្យតម្លៃលើអ្នកវិញដែរ។
៤. អ្នកដឹកនាំនៅថ្ងៃមុខជាមនុស្សដែលជួយអ្នកដទៃ ៖
លោកហ្គេតស៍គិតថា អ្នកដឹកនាំសម្រាប់ថ្ងៃអនាគតមិនមែនជាមនុស្សដែលចាំគ្រប់គ្រង និងឲ្យបញ្ជាដល់អ្នកដទៃទេ។ ផ្ទុយមកវិញ ពួកគេជាមនុស្សដែលមានសមត្ថភាពក្នុងការជួយឲ្យអ្នកដទៃជោគជ័យ និងលូតលាស់ ខណៈដែលស្តាប់មតិយោបល់របស់ពួកគេផងដែរ។ ដកស្រង់ចេញពីវេបសាយ ៖ mirrorreview
ចែករំលែកព័តមាននេះ