ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​លេង​ឆ្នេរ​ខ្ពើម​ទឹក​សំអុយ​ដែល​បង្ហូរ​ចូល​សមុទ្រ

8 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ​៖ លោក នូ សុផល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ឧសភា ដែល​ជា​ថ្ងៃ​ចុងបញ្ចប់​នៃ
ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​គម្រប់​៦២​យាង​ចូល​៦៣​ព្រះ​វស្សា​របស់​ព្រះករុណា​ព្រះបាទ​សម្តេច

ខេត្ត​ព្រះ​សីហ​នុ ​៖ លោក នូ សុផល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ឧសភា ដែល​ជា​ថ្ងៃ​ចុងបញ្ចប់​នៃ
ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​គម្រប់​៦២ ​យាង​ចូល​៦៣​ព្រះ​វស្សា ​របស់​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថា ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ ធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ ក្នុង​រយៈពេល​៣​ថ្ងៃ​ មាន​ចំនួន​សរុប​៨៤.៩៦០​នាក់ កើនឡើង​២៥,៥២% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៤​។

លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ថា ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ​មាន​ចំនួន​៨១.២៤៩​នាក់ កើនឡើង​ជាង​ឆ្នាំ​២០១៤ ចំនួន​២៣,២៧% ចំណែក​ភ្ញៀវ​អន្តរជាតិ មាន​ចំនួន​៣.៧១១​នាក់ ថយ​ចុះ​ជាង​ឆ្នាំ​២០១៤ ចំនួន​១៩%​។ ដោយឡែក​តម្លៃ​សេវា​ស្នាក់​នៅ​តាម​សណ្ឋាគារ ផ្ទះសំណាក់ សេវា​ម្ហូបអាហារ នៅ​តាម​ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន មិន​មានការ​ដំឡើង​ថ្លៃ​ខ្ពស់ ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ទេ ។ អាជ្ញាធរ​ក្រុង​-​ខេត្ត ក៏​ដូច​ជា​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​បាន​ប្រជុំ​ផ្សព្វផ្សាយ​ដល់​បងប្អូន​ជា​អាជីវករ ពាណិជ្ជករ មុន​ថ្ងៃ​បុណ្យ​ឈាន​ចូល​មក​ដល់​ដោយ​បាន​សង្កត់ធ្ងន់​តាម​ពាក្យស្លោក ​«​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​សមរម្យ​» ដែល​អាច​ទាក់ទង​ទៅ​នឹង​អារម្មណ៍​របស់​ភ្ញៀវ​ទេសចរ​ដែល​គេ​បាន​មក​កម្សាន្ត​ម្តង​ហើយ​ចង់​មក​កម្សាន្ត​ម្តងទៀត ។

យ៉ាងណា​ក៏​ដោយ ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ដែល​ទៅ​កម្សាន្ត​នៅ​តំបន់ឆ្នេរ​អូរ​ឈើទាល ​បាន​រិះគន់​ទៅ​លើ​អាជ្ញាធរ​ក្រុង​-​ខេត្ត​ និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ថា បណ្តែតបណ្តោយ​ឱ្យ​តូប​អាជីវករ​លក់ដូរ តាម​ឆ្នេរ​មួយ​ចំនួន​រាប់​បញ្ចូល​ទាំង​សណ្ឋាគារ ផ្ទះសំណាក់ មួយ​ចំនួន​ផង​ដែរ បង្ហូរទឹក​ស្អុយ​ចូល​ទៅ​ក្នុង​សមុទ្រ ​បណ្តាល​ឱ្យ​ទឹកសមុទ្រ​ប្រែ​ពណ៌​ជា​ល្អក់ និង​មាន​ក្លិនស្អុយ​ថែម​ទៀត​ផង ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ដែល​នាំ​គ្នា​ចុះ​មុជទឹក​នៅ​ឆ្នេរ​អូរ​ឈើទាល​នា​ឱកាស​បុណ្យ​ខាងលើ​នេះ ។

ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា កន្លង​មក​ឆ្នេរសមុទ្រ​ខេត្ត​ព្រះ​សីហ​នុ​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សមាជិក​ក្លិប​ឆ្នេរ​ដ៏​ស្រស់​ស្អាត​ជាងគេ​នៅ​លើ​ពិភពលោក​ និង​បាន​ប្រសិទ្ធ​នាម​ថា​ជា «​តារា​រះ​នា​ទិសនិរតី​» ។ ប៉ុន្ដែ​នា​ឱកាស​បុណ្យ​ខាងលើ​នេះ ខណៈ​ដែល​ពួក​គាត់​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ បានឃើញ​ផ្ទាល់​ភ្នែក​ពី​ទឹកសមុទ្រ​បែរជា​ប្រែ​ពណ៌​ល្អក់ និង​មាន​ក្លិនស្អុយ​គួរ​ឱ្យ​ខ្ពើម​ទៅ​វិញ ដោយសារ​តែ​ការ​បង្ហូរទឹក​កខ្វក់​ចូល​ពី​តូប​អាជីវករ​លក់ដូរ និង​សណ្ឋាគារ​ខ្លះ​ដូច​បាន​រៀបរាប់​ខាងលើ ។

មន្ត្រី​សាលាខេត្ត​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​ថា គណៈកម្មការ​ត្រួតពិនិត្យ​តំបន់ឆ្នេរ​ខេត្ត​ព្រះ​សីហ​នុ​នា​ពេល​កន្លង​មកនេះ បាន​រក​ឃើញ​សណ្ឋាគារ និង ភោជនីយដ្ឋាន​ចំនួន​៦​កន្លែង ដែល​បាន​លួច​បង្ហូរទឹក​ស្អុយ​ចូល​ទៅ​ក្នុង​សមុទ្រ ។ កាលពី​ថ្ងៃ​ទី​៨ ឧសភា គណៈកម្មការ​ខាងលើ​បាន​ចេញ​លិខិត​ជូនដំណឹង​មួយ​ជូន​ដល់​ម្ចាស់​សណ្ឋាគារ​និង ភោជនីយដ្ឋាន​ទាំង​៦​កន្លែង​ខាងលើ ដោយ​ទុក​រយៈពេល​១​ខែ តម្រូវ​ឱ្យ​រៀបចំ​ប្រព័ន្ធ​អាង​ស្តុក​ចម្រោះ​ទឹក​ស្អុយ​ឱ្យ​បាន​ត្រឹមត្រូវ​មុន​នឹង​បង្ហូរ​ចូល​ទៅ​សមុទ្រ ។ ម្ចាស់​សណ្ឋាគារ ភោជនីយដ្ឋាន​ទាំងនោះ​ត្រូវ​តែ​យក​រថយន្ត​បូម​ស្តា​រអាង​ចៀសវាង​ការ​បង្ហូរទឹក​ស្អុយ​ទម្លាក់​ចូល​ទៅ​សមុទ្រ​បន្ត​ទៀត  ។

លោក ឈិ​ត សុ​ខុន អភិបាលខេត្ត ដែល​ដឹកនាំ​គណៈកម្មការ​ត្រួតពិនិត្យ​តំបន់ឆ្នេរ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ឧសភា បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា មុន​ពេល​ទិវា​បុណ្យ​ជាតិ​ធំ​ៗ​ឈាន​ចូល​មក​ដល់ អាជ្ញាធរ​តែងតែ​បង្កើត​គណៈកម្មការ ចុះ​ត្រួតពិនិត្យ និង​បាន​យក​រថយន្ត​បូម​ស្តា​រអាង​ស្តុក​ទឹក​កខ្វក់​ដើម្បី​ការពារ​ការ​កក​ស្ទះលូ​បណ្តាល​ឱ្យ​ទឹក​កខ្វក់​ហូរ​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ ។

លោក​អភិបាលខេត្ត​បាន​បន្ត​ទៀត​ថា បើ​ទោះបីជា​អាជ្ញាធរ​បាន​ប្រឹងប្រែង​យ៉ាងណា​ក្តី ក៏​នៅ​តែ​មានការ​លួច​បង្ហូរទឹក​កខ្វក់​ពី​ម្ចាស់​តូប​លក់ដូរ​ទាំងនោះ​ចូល​ទៅ​ក្នុង​សមុទ្រ​ដែរ ។ លោក​បន្ថែម​ទៀត​ថា នៅ​ពេល​ណា​សមត្ថកិច្ច​ជំនាញ ឬ​អាជ្ញាធរ​រក​ឃើញ​ម្ចាស់​តូប ឬ​ម្ចាស់​សណ្ឋាគារ​ណាមួយ​ដែល​លួច​បង្ហូរទឹក​ស្អុយ​ចូល​ទៅ​ក្នុង​សមុទ្រ សមត្ថកិច្ច​ជំនាញ នឹង​ត្រូវធ្វើ​កិច្ចសន្យា ឬ​ផាកពិន័យ និង​ឈាន​ដល់​បិទ​អាជីវកម្ម​ថែម​ទៀត​ផង ។ ដោយឡែក លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត មិន​អាច​ស្វែងរក​ការ​បំភ្លឺ​ជុំវិញ​ការ​លើក​ឡើង​របស់​ភ្ញៀវ​ទេសចរ​ខាងលើ​បាន​ទេ នៅ​ថ្ងៃ​ទី​១៥ ឧសភា ៕