រាជធានីភ្នំពេញ ៖ មានមនុស្សចំនួន៤នាក់បានភ័យព្រលឹងចុងសក់ ក្នុងនោះមានអ្នកលក់ដូរ និងអ្នកអង្គុយលេងកន្លែងលក់ដូរផងដែរ ខណៈពេលដែលនៅសុខៗ ក៏ស្រាប់តែមានដែកទីប១កំណាត់ ប្រវែងប្រមាណ២ម៉ែត្រ ធ្លាក់ចុះមកពីលើអគារកម្ពស់ជាច្រើនជាន់ដែលកំពុងសាងសង់ បណ្ដាលឲ្យត្រូវចំធុងទឹកកកធំ១លាន់សូរដូចរន្ទះគួរឲ្យខ្លាច ប៉ុន្តែចាត់ទុកថា ជាសំណាង១ក្នុងចំណោម១ពាន់គ្រោះថ្នាក់ ដែលជីវិតពួកគាត់ថ្លៃ ដោយដែកនោះបានធ្លាក់ចុះមកមិនត្រូវពួកគាត់ឡើយ បណ្ដាលឲ្យមានគ្រោះថ្នាក់ឡើយ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ នៅក្បែរការដ្ឋានសំណង់មួយកន្លែង តាមផ្លូវលេខ១១ ស្ថិតក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ អ្នកលក់ដូរ និងជាម្ចាស់ធុងទឹកកកដែលត្រូវដែកទីបធ្លាក់ពីលើនោះ រួមជាមួយមនុស្ស៣នាក់ផ្សេងទៀតមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ ហើយពួកគាត់បានទទួលនូរការភិតភ័យយ៉ាងខ្លាំងពីសុវត្ថិភាពរបស់ពួកគាត់។

អ្នកទាំងអស់នោះបាននិយាយថាថា នៅមុនពេលកើតហេតុ ខណៈពេលដែលពួកគាត់មានគ្នាចំនួន៤នាក់ ខ្លះអង្គុយ និងខ្លះទៀតឈរនៅកន្លែងលក់ដូរតាមចិញ្ចើមផ្លូវលេខ១១ ក្បែររបងបុរីមួយកន្លែង ដែលទីនោះមានសំណង់អគារកំពុងសាងសង់ ដែលមានកម្ពស់ជាច្រើនជាន់ផងដែរ។ ពេលនោះ នៅសុខៗក៏ស្រាប់តែមានដែកទីប១កំណាត់បានធ្លាក់ចុះមកក្រោម បណ្ដាលឲ្យត្រូវធុងទឹកកកឮសំឡេងលាន់សូរដូចរន្ទះ ដែលជាហេតុធ្វើឲ្យពួកគាត់មានការភិតភ័យយ៉ាងខ្លាំង ប៉ុន្តែចាត់ទុកថា អាយុជីវិតរបស់គាត់ថ្លៃខ្លាំងណាស់ ដែលដែកនោះធ្លាក់មិនត្រូវ ប៉ុន្តែព្រលឹងរបស់ពួកគាត់បានហោះចេញពីខ្លួនបាត់អស់ទៅហើយ។

ប្រភពខាងលើបន្តឲ្យដឹងទៀតថា ការដ្ឋានសំណង់ខាងលើនេះ មានបិទបាំងដោយការពារស្បៃត្រឹមត្រូវដែរ ប៉ុន្តែពុំដឹងថា យ៉ាងម៉េចនោះទេ? ទើបបានជាដែកទីបធ្លាក់ចុះមកទាំងកំរោលបែបនេះ ហើយចាត់ទុកថា ជាការធ្វេសប្រហែសរបស់ក្រុមមេការ និងជាងសំណង់នៅក្នុងការដ្ឋានសំណង់នេះតែម្ដង។

ប្រភពដដែលបន្តទៀតថា បន្ទាប់ពីមានហេតុការណ៍គួរឲ្យភ័យខ្លាចបែបនេះហើយ មេភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ បានចុះទៅដល់កាន់កន្លែងកើតហេតុ រួចធ្វើការសាកសួរចំពោះហេតុការណ៍ដែលបានកើតឡើងនោះ ហើយក្រុមមេការ និងជាសំណង់ បាននិយាយថា ពិតជាមានដែកដែលបានធ្លាក់ចុះមកពីលើការដ្ឋានសំណង់របស់ខ្លួនមែន ដោយសារតែវារបូតង៉ាំធ្លាក់មក ។

ក្រោយមកទៀត ជនរងគ្រោះទាំងអស់បានស្នើសុំឲ្យអាជ្ញាធរ ហៅអ្នកទទួលខុសត្រូវនៅការដ្ឋានសំណង់ខាងលើ ធ្វើយ៉ាងណាឈប់ឲ្យមានហេតុការណ៍អាក្រក់បែបនេះកើតឡើងនៅថ្ងៃក្រោយបន្តទៀត៕









ចែករំលែកព័តមាននេះ