ប្រទេសថៃ ៖ រូបភាពនៃក្ដារមឈូស ការជេរប្រមាថ និងការគំរាមសម្លាប់ប្រឈមនឹងក្រុមនិស្សិតធ្វើបាតុកម្មតវ៉ា ដែលហា៊នរហូតដល់ប្រឆាំងនឹងព្រះមហាក្សត្រ និងសុន្ទរកថានានារបស់ពួករាជានិយមជ្រុលថៃដែលកំពុងតែបញ្ចេញជាការបង្ហាញថា និន្នាការបែបនេះអាចនាំឲ្យវិបត្តិនយោបាយនៅថៃកាន់តែស្រអាប់ ។
តាមទីភ្នាក់ងារព័ត៌មានបារាំង AFP ថា សកម្មជនរាជានិយមថៃម្នាក់ដែលកាន់កាំភ្លើងស្វ័យប្រវត្តិ១ដើមនៅនឹងដៃ បានសច្ចាថារូបគេនឹងការពារព្រះមហាក្សត្រ ។ រូបភាពនៃគំនិតហិង្សាទាំងនេះ ត្រូវបានឃើញតាមអីុនធើរណេតចាប់តាំងពីប៉ុន្មានថ្ងៃមកហើយ ។ វោហារ រររសាស្ត្រកាន់តែសាហាវមាននៅក្នុងសារនានា ដែលសារទាំងនេះសរសេរថា បណ្ដាអ្នកដែលប្រមាថព្រះមហាក្សត្រសមនឹងស្លាប់ ។
ចំណែកក្រុមដែលហៅខ្លួនថាអង្គការប្រមូលសំរាម បានអំពាវនាវឲ្យមានការតាមប្រមាញ់មួយ ។ ក្រុមនោះលើកឡើងថា គេត្រូវធ្វើប្រតិបត្តិការមួយ ដើម្បីប្រមូលសំរាមសង្គមចេញ ។ នេះជាសារតាមហ្វេសបុ៊ករបស់ស្ថាបនិកអង្គការនោះ ឧត្ដមសេនីយ Rienthong Nanna ដែលថា រូបលោកត្រៀមចូលគុកដើម្បីការពារព្រះមហាក្សត្រ ។
ព្រះមហាក្សត្រដែលការពារដោយច្បាប់តឹងតែង ទទួលការគាំទ្រជាពិសេសពីសំណាក់សង្គមជាន់ខ្ពស់ថៃនិងប្រជាជនថៃភាគច្រើន ជាមួយរជ្ជកាលព្រះមហាក្សត្រភូមីបុល អាឌុលយ៉ាដេតដែលគ្រងរាជ្យអស់រយៈពេល៧០ឆ្នាំ ។ ផ្ទុយទៅវិញ យុវជនថៃមួយផ្នែកពេលនេះហ៊ានប្រទូស្តរ៉ាយជាមួយស្ថាប័នព្រះមហាក្សត្រ ដោយស្នើឲ្យលុបចោលច្បាប់ស្ដីពីការប្រមាថព្រះមហាក្សត្រឲ្យមានការត្រួតពិនិត្យលើទ្រព្យសម្បត្តិព្រះមហាក្សត្រ និងកុំឲ្យមានការជ្រៀតជ្រែករបស់ព្រះមហាក្សត្រក្នុងកិច្ចការនយោបាយ ។
កាយវិការប៉ះពាល់ដល់ព្រះមហាក្សត្រ ត្រូវបានកត់សម្គាល់ឃើញនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅខាងក្រៅការប្រមូលផ្ដុំគ្នារបស់ពួកស្និទ្ធប្រជាធិបតេយ្យ ដែលប្រមូលផ្ដុំមនុស្សរហូតដល់ជាង៣មុឺននាក់នៅក្រុងបាងកក ។ជាមួយនេះ មានរហូតដល់ការលើកប៉ាណូដែលសរសេរថា «សាធារណរដ្ឋថៃ»ទៀតផង ។ក្រុមអ្នកតវ៉ាហាក់ពុំចុះញ៉មចំពោះការដើរហែក្បួនរបស់ពួករាជានិយមដែលពាក់អាវពណ៌លឿងនោះឡើយ ។ ពួកស្និទ្ធប្រជាធិបតេយ្យបានលើកម្រាមដៃ៣ជាសញ្ញា នៃការតស៊ូទាមទារពិសេសចំនួន៣ចំណុច ។
អតីតប្រមុខយោធាថៃឧត្ដមសេនីយ៍ Apirat Kongsompong បានចេញពីភាពស្ងៀមស្ងាត់ដោយធ្វើការប្រៀបធៀបការតវ៉ាទៅនឹងជំងឹមួយដែលពិបាកព្យាបាលជាងជំងឺកូវីដ-១៩ទៅទៀត ។ ចំណែកការជេរប្រមាថរើសអើងនិងការគំរាមសម្លាប់របស់ពួករាជានិយមជ្រុលកំពុងលេចចេញច្រើន ។ សភាពការណ៍បែបនោះនាំឲ្យគេមានការភ័យខ្លាចចំពោះអំពើហិង្សានៅក្នុងប្រទេសថៃ ដែលតែងតែមានចលាចលនយោបាយ ។
ចែករំលែកព័តមាននេះ