មនុស្សជាច្រើនចំណាយពេលវេលាលើការព្យាយាមធ្វើអ្វីមួយ ឬចាត់ចែងអ្វីមួយ ។ ពួកយើងផ្តោតស្មារតីលើកិច្ចការធំៗ និងត្រូវចូលរួមក្នុងកិច្ចប្រជុំ ទាក់ទងទៅភ្ញៀវ និងសួរនាំបុគ្គលិកពីការងារដទៃជាដើម។ ការធ្វើដូច្នេះបង្កជាបញ្ហាធំមួយដែលអាចងាយឲ្យអ្នកខ្ជះខ្ជាយពេលវេលា និងងាយនឹងអស់កម្លាំងផងដែរ។
ដើម្បីមានពេលវេលា និងកម្លាំងដើម្បីសម្រេចបានកិច្ចការធំៗ ខណៈដែលនៅសល់ពេលវេលាសម្រាប់មើលថែខ្លួនឯងនិងមនុស្សជាទីស្រលាញ់ អ្នកអាចសាកល្បងអនុវត្តតាមយុទ្ធសាស្ត្រខាងក្រោមនេះបាន៖
១. បែងចែកការងារក្នុងសប្តាហ៍នីមួយៗ
ប្រសិនបើការងាររបស់អ្នកទាក់ទងទៅនឹងការបំពេញកិច្ចការ និងការគ្រប់គ្រងកិច្ចការ អ្នកអាចបែងចែកថ្ងៃដែលអ្នកទុកសម្រាប់តែបំពេញកិច្ចការដូចជាការសរសេរអត្ថបទ ឬថតវីឌីអូជាដើម និងថ្ងៃដែលអ្នកទុកសម្រាប់ចាត់ចែងការងារដែលមានក្នុងស្ថាប័នដូចជាការត្រួតពិនិត្យការងាររបស់មិត្តរួមការងារដទៃ។
ការធ្វើដូច្នេះអនុញ្ញាតឲ្យអ្នកផ្តោតស្មារតីបានល្អជាងមុនលើកិច្ចការដែលសំខាន់សម្រាប់ថ្ងៃនីមួយៗ។ លើសពីនេះទៅទៀត ប្រសិនបើអ្នកមានក្រុមការងារដែលធ្លាប់តែពឹងផ្អែកច្រើនលើអ្នកនោះ ការដើរចេញខ្លះអាចបង្ខំឲ្យពួកគេរកដំណោះស្រាយដោយខ្លួនឯង និងចាប់ផ្តើមមានឯករាជ្យភាពជាងមុនដែរ។
២. បែងចែកពេលវេលាក្នុងថ្ងៃនីមួយៗ
មនុស្សម្នាក់ៗតែងតែមានពេលដែលពួកគេអាចធ្វើការបានដោយមានប្រសិទ្ធភាពជាងគេ។ ក្នុងពេលនោះ អ្នកអាចទុកវាសម្រាប់កិច្ចការដែលទាមទារឲ្យអ្នកគិតច្រើន ឬផ្តោតស្មារតីច្រើន ខណៈដែលទុកពេលវេលាដទៃសម្រាប់កិច្ចការតូចតាចដូចជាការឆ្លើយតបអ៊ីមែល និងចូលរួមកិច្ចប្រជុំជាដើម។
៣. បង្កើតជាទម្លាប់ក្នុងការងារ
អ្នកមិនអាចបង្ខំឲ្យខួរក្បាលរបស់អ្នកចាប់ផ្តើមធ្វើការងារបានទេប្រសិនបើអ្នកមិនទាន់បានត្រៀមខ្លួនសម្រាប់វា។ អ្នកអាចដោះស្រាយបញ្ហានេះបានដោយបង្កើតជាទម្លាប់អ្វីមួយដែលអ្នកត្រូវធ្វើមុនពេលចាប់ផ្តើមធ្វើការងារ។ ទម្លាប់ទាំងនេះនឹងផ្តល់សញ្ញាដល់ខួរក្បាលរបស់អ្នកថាវាដល់ពេលធ្វើការហើយ។ ឧទាហរណ៍នៃទម្លាប់ទាំងនេះរួមមានការផឹកកាហ្វេបន្តិចមុនពេលចាប់ផ្តើមធ្វើការ ការពត់ខ្លួន ឬការរៀបចំតុធ្វើការជាដើម ៕
ចែករំលែកព័តមាននេះ