រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យព្រឹទ្ធសភាបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ចំនួន៥ ដែលព្រឹទ្ធសភាបានអនុម័តនៅសម័យប្រជុំពេញអង្គលើកទី៦ នីតិកាលទី៤ ពិតជាមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ។
លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងក្រោយកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា លើកទី៦ នីតិកាលទី៤ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ថា សមាជិកព្រឹទ្ធសភាចំនួន៥៦រូប បានអនុម័តសេចក្តីព្រាងច្បាប់ចំនួន៥ នៅថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសជាតិ ។
លោក ម៉ម ប៊ុននាង បានបញ្ជាក់ថា ៖«សេចក្តីព្រាងច្បាប់ទាំងនេះតាក់តែងឡើងស្របតាមច្បាប់រដ្ឋធម្មនុញ្ញ និងមានលក្ខខណៈត្រឹមត្រូវតាមទម្រង់ និងគតិច្បាប់ ។ លោកថា ទោះបីជាជួបគ្រោះជំងឺកូវីដ១៩និងគ្រោះទឹកជំនន់យ៉ាងណាក្តី រាជរដ្ឋាភិបាលខិតខំធ្វើការកែទម្រង់ឲ្យខានតែបាននូវគ្រប់វិស័យ ពិសេសវិស័យច្បាប់នេះ គឺមានសារៈសំខាន់ណាស់ ដើម្បីនាំឲ្យប្រទេសកម្ពុជាស្មើរមុខមាត់នឹងបណ្តាប្រទេសធំៗ នៅលើកសកលលោក មិនថា ប្រទេសអ្នកមាន អ្នកក្រ មានសេដ្ឋកិច្ចជឿនលឿនអ្វីនោះទេ» ។
លោកបន្តថា នៅពេលកម្ពុជាបានចុះសន្ធីសញ្ញាជាមួយបណ្តាប្រទេសធំៗ គឺមានន័យថា កម្ពុជាមានភាពស្មើមុខជាមួយបណ្តាប្រទេសទាំងនោះ និងគោរពអធិបតេយ្យភាពទាំងវិញទៅមក។ លោកគូសបញ្ជាក់ថា ៖«រាជរដ្ឋាភិបាលខិតខំធ្វើឲ្យប្រទេសស្មើមុខមាត់នៅលើឆាកអន្តរជាតិ ។ យើងបានធ្វើបត្យាប័នបញ្ជូនទណ្ឌិតទៅវិញទៅមកបានហើយ យើងជួយការកាត់ក្តីផងដែរ ចំពោះប្រជាជន ដូចជា ប្រទេសគេមានការកាត់ទោសប្រហារជីវិត តែយើងអត់មាន តែយើងអាចជួយប្រជាជនបានដោយខាងក្រសួងយុត្តិធម៌អាចស្នើយកប្រជាពលរដ្ឋមកដាក់ទោសនៅក្នុងប្រទេសវិញបានដោយមិនប្រហារជីវិត ។ នេះហើយជាការជួយ និងការពារប្រជាជនយើងនៅពេលធ្វើខុសនៅក្រៅប្រទេស» ។
ជាមួយគ្នានោះដែរ អ្នកនាំពាក្យព្រឹទ្ធសភាក៏បានលើកឡើងថា ការដែលកម្ពុជាមានសន្ធិសញ្ញាជាមួយបណ្តាប្រទេសធំៗលើវិស័យច្បាប់នេះក៏ធ្វើឲ្យប្រជាជនមានសិទ្ធិស្មើគ្នាជាមួយប្រជាជននៅបណ្តាប្រទេសធំនោះដែរ ។ ជាងនេះការមានសិទ្ធិការពារផ្នែកច្បាប់ចំពោះប្រ ជាជនខ្លួនផងដែរ ។
លោកថា ៖«អីញ្ចឹងហើយការគិតគូររបស់រាជរដ្ឋាភិបាលគិតគូរចំពោះប្រជាពលរដ្ឋឲ្យស្មើមុខមាត់ និងដោះស្រាយឲ្យស្មើភាពមិនឈរទៅលើប្រទេសតូច ឬធំ ឬប្រទេសអ្នកមាន ឬអ្នក ក្រនោះទេ ។ ច្បាប់ទាំងនេះក៏មានតម្រូវការសំខាន់ណាស់សម្រាប់អ្នកវិនិយោគផងដែរ ព្រោះ ដើម្បីធ្វើឲ្យពួកគេមានការទុកចិត្តផងដែរ» ៕
ចែករំលែកព័តមាននេះ