អភិបាលខេត្តកំពង់ចាមចុះពិនិត្យមេទឹកពោធិ៍តាត្រេស អាចស្តុកទឹកបាន១០លានម៉ែត្រគូប
- កំពង់ចាម
ខេត្តកំពង់ចាម ៖ ដំណាំស្រូវរបស់ប្រជាពលរដ្ឋប្រមាណជិត៣០០ហិកតា នៅតំបន់មេទឹកពោធិ៍តាត្រេស ភូមិក្រដាស(ក)ឃុំតាំងក្រសាំង ស្រុកបាធាយ របស់ប្រជាកសិករចំនួន៣៨០ គ្រួសារ ត្រូវបានទឹកភ្លៀងជន់លិចបណ្ដាលឱ្យរងការខូចខាត។ ហើយនៅព្រឹកថ្ងៃទី២៥ តុលា ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងសាហការីជាច្រើននាក់បានអញ្ជើញចុះមកពិនិត្យដោយផ្ទាល់ ដោយបានណែនាំឲ្យអាជ្ញាធរមូលដ្ឋានបន្តការតាមដាន យកចិត្តទុកដាក់ និងការពារមេទឹកដែលបន្សល់ទុកពីសម័យប៉ុល ពត ដែលអាចផ្ទុកទឹកបានប្រមាណ១០លានម៉ែត្រត្រីគុណ សម្រាប់ស្រោចស្រពដំណាំស្រូវជាង២.០០០ហិកតាផងដែរ។

លោក យ៉ិន យីម អាយុ៦៣ឆ្នាំ រស់នៅភូមិក្រដាស(ក) បានរៀបរាប់ឲ្យដឹងថា ចាប់តាំងពីក្រោយឆ្នាំ១៩៧៩ គាត់បានចាប់ផ្ដើមធ្វើស្រែនៅតំបន់ទំនប់មេទឹកពោធិ៍តាត្រេស និងបានទិញដីគេបន្ថែមទៀតកើនដល់៥ ហិកតា ហើយទឹកសម្រាប់ធ្វើស្រែគឺមិនដែលខ្វះនោះទេព្រោះនៅជាប់នឹងជើងទំនប់តែម្ដង។ ហើយព្រមទាំងសល់ស្រូវអាចលក់ឱ្យឈ្មួញកណ្ដាលដោះស្រាយជីវភាពបានគ្រប់គ្រាន់ ហូបចុកមិនខ្វះនោះទេ។ បុរសកសិករវ័យ៦៣ឆ្នាំរូបនេះ បានប្រាប់បន្តថា ចំពោះដីស្រែខាងលើត្រូវបានចែកឲ្យកូនៗអស់មួយចំនួននៅសល់ប្រមាណ២ហិកតា គាត់ធ្វើស្រូវប្រភេទ៨៨ ក្នុងរយៈពេលជាងបីខែនឹងហុចផល។

តែមកដល់ឆ្នាំ២០២០នេះ ស្រែនៅផ្នែកខាងក្រោមជិតកន្លះហិកតា ត្រូវបានទឹកភ្លៀងជន់លិចខូចខាតរលួយអស់ ក្នុងពេលខាងមុខពេលដែលទឹកស្រកគាត់ និងព្រួសស្រូវធ្វើជាលើកទី២ ចំពោះជីដែលគាត់ដាក់ស្រែគឺប្រើលាមកក្របី ភាគច្រើនដែលធ្វើឲ្យដីធូរគាត់រំពឹងថាផលដែលទទួលបាននឹងអាចដោះស្រាយជីវភាពបានគ្រប់គ្រាន់។ លោក ស៊ិន ក្រឹប មេឃុំតាំងក្រសាំងមានប្រសាសន៍ឲ្យដឹងថា មេទឹកពោធិ៍តាត្រេសនេះត្រូវបានក្នុងជំនាន់ប៉ុលពត ឆ្នាំ១៩៧៨ ក្នុងគ្រានោះគេបានកែនប្រជាជនស្ទើរមួយស្រុកបាធាយ ឲ្យមកលើកទំនប់នេះហើយក្នុងពេលនោះគាត់ក្នុងវ័យជាយុវជនម្នាក់ក៏បានចូលរួមលើកដោយប្រើពេលរហូតដល់៣ខែ។

ហើយនៅក្រោយថ្ងៃរំដោះ ៧មករា១៩៧៩ ប្រជាពលរដ្ឋរស់នៅក្បែរតំបន់នោះបាននាំគ្នាបង្កបង្កើនផលដាំដំណាំស្រូវ ដើម្បីដោះស្រាយជីវភាពគ្រួសារដែលក្នុងពេលដំបូងធ្វើប្រមាណជា ៥០០ហិកតាប៉ុណ្ណោះ។ ក្រោយមកទៀតចេះតែនាំគ្នាដាំដុះបន្ថែមហើយត្រូវខ្វះខាតទឹកសម្រាប់ប្រើប្រាស់ ដោយមានការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំអាជ្ញាធរស្រុកក៏ដូចជាខេត្តបានធ្វើការពង្រីកទំនប់មេទឹកដុសឡើងអាចស្តុកទឹកបានប្រមាណ១០លានម៉ែត្រត្រីគុណ មកដល់សព្វថ្ងៃដែលអាចស្រោចស្រពដំណាំស្រូវបានរហូតដល់ជាង២.០០០ហិកតា។ចំពោះទំនប់ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងនឹងត្រូវធ្វើការជួសជុល ដោយសហគមន៍ជាអ្នកមើលថែទាំ។

លោកមេឃុំតាំងក្រសាំង មានប្រសាសន៍បន្តថា ចំពោះដំណាំស្រូវរបស់ប្រជាពលរដ្ឋដែលបានដាំដុះនៅផ្នែកខាងក្រោមទំនប់មេទឹកប្រមាណជា១៧០ហិកតា ត្រូវបានជំនន់ទឹកភ្លៀងលិចខូចនិងមួយផ្នែកទៀតទឹកជន់ពីដៃបឹងទន្លេសាបជាប់នឹងស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។ លោក ផេន សុផល អភិបាលស្រុកបាធាយ បានបញ្ជាក់ថា ចំពោះដំណាំស្រូវប្រមាណជិត ៣០០ហិកតា របស់ប្រជាកសិករ៣៨០គ្រួសារដែលបានដាំដុះលើកទី២ នៅក្បែរមេទឹកពោធិ៍តាត្រេស នៅក្នុងភូមិក្រដាស(ក) ឃុំតាំងក្រសាំង ត្រូវបានជំនន់ទឹកភ្លៀងលិច ជាមួយនោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តបានចាត់ឲ្យកម្លាំងរបស់អាជ្ញាធរមូលដ្ឋានបន្តការយកចិត្តទុកដាក់តាមដានមើលដំណាំស្រូវរបស់ប្រជាពលរដ្ឋក្នុងរវាង១សប្តាហ៍ទៀត ដើម្បីឱ្យដឹងពីទំហំផលប៉ះពាល់ដោយសហការជាមួយនឹងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីមានវិធានការអន្តរាគមន៍ជួយដល់ប្រជាកសិករ។

ជាមួយនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានណែនាំឲ្យកម្លាំងប្រជាការពាររួមនឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែរួមគ្នាការពារទឹកភ្លៀងដែលស្តុកទុកនៅក្នុងមេទឹកត្រូវរក្សាទុកប្រើប្រាស់ឲ្យបានយូរអង្វែង និងត្រូវឧស្សាហ៍ចុះពិនិត្យទ្វារទឹក ក្រែងមានជនខិលខូចមកលួចបើកបង្ហូរទឹកឱ្យឆាប់រីង ដែលអាចធ្វើឲ្យខ្វះខាតទឹកសម្រាប់ស្រោចស្រពដំណាំស្រូវ៕ ដោយ ៖ យ៉ាន់ ចាន់ថេត









ចែករំលែកព័តមាននេះ