​សម្បុក​សត្វ​ចង្កៀលខ្យង​ជាង​២​ពាន់​​រក​ឃើញ​នៅ​តំបន់​បឹង​ព្រែក​ល្ពៅ ខេត្ត​តាកែវ


​ខេត្តតាកែវ ៖ បឹង​ព្រែក​ល្ពៅ គឺជា​តំបន់ដីសើម​ដ៏​ធំ​មួយ​ដែល​ស្ថិត​ក្នុង​តំបន់​ដីសណ្ត​ទន្លេមេគង្គ​ក្រោម និង​ត្រូវ​បាន​កំណត់​ជា​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​តាម​រយៈ​អនុក្រឹត្យ​លេខ​៩០​អន​ក្រ​.​បក ចុះ​នៅ​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៦ ដែល​មាន​ទីតាំង​ភូមិសាស្ត្រ​ស្ថិត​នៅ​ស្រុក​បូ​រី​ជលសារ និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

តំបន់ដីសើម​នេះ​មាន​សារៈសំខាន់​ក្នុង​ការ​ទ្រទ្រង់ ផ្គត់ផ្គង់ និង​ជាទី​ជម្រក​របស់​សត្វ​ស្លាប រុក្ខជាតិ មច្ឆជាតិ និង​សត្វព្រៃ​ផ្សេង​ៗ ដែល​ក្នុង​នោះ​មាន​សត្វ និង​រុក្ខជាតិ​មួយ​ចំនួន​មិន​ទាន់​បាន​កត់ត្រា​លម្អិត​នៅឡើយ​ទេ​។

អង្គការ​BirdLife ក្រោម​កិច្ចសហការ​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​ធ្វើការ​គាំទ្រ​ដល់​ការ​អង្កេត​តាមដាន​ជីវៈចម្រុះ​នៅ​តំបន់​បឹង​ព្រែក​ល្ពៅ​តាំងពី​ឆ្នាំ​២០០៣​មក​ម្ល៉េះ​។ តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​បាន​នឹង​កំពុង​គាំទ្រ​ដល់​សត្វ​ក្រៀល​រក​ចំណី​នៅ​រដូវ​មិន​បន្ត​ពូជ​ប្រមាណ​៣០% នៃ​ចំនួន​សត្វ​ក្រៀល​សរុប​ទូ​ទាំង​ប្រទេស និង​បាន​គាំទ្រ​ដល់​សត្វ​ស្លាប​ផ្សេង​ៗ​ទៀត​ប្រមាណ​ជា​១២៩​ប្រភេទ ព្រមទាំង​បាន​ផ្តល់​គុណ​តម្លៃ​សេវាកម្ម​អេកូឡូស៊ី​(​ត្រី ទឹក កសិកម្ម​…) ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ជុំវិញ ក្នុង​តម្លៃ​ប្រមាណ​ជាង​ពីរ​លាន​ដុល្លា​អា​មេ​រិច​ក្នុង​មួយ​ឆ្នាំ (WWT, ២០១២ )​។

សត្វ​ចង្កៀលខ្យង ត្រូវ​បាន​កត់ត្រា​មាន​វត្ត​មាននៅ​តំបន់​បឹង​ព្រែក​ល្ពៅ​តាំងពី​ឆ្នាំ​២០0៣​មក​ម្ល៉េះ ដែល​មាន​ចំនួន​ប្រហែល​ជាង​មួយ​រយ​ក្បាល​ប៉ុណ្ណោះ​។ ចំនួន​សត្វ​នេះ​បាន​នឹង​កំពុង​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​គួរ​ឱ្យ​កត់សម្គាល់​។

យោង​តាម​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​មន្ត្រី​ជីវៈចម្រុះ នៅ​ក្នុង​ឆ្នាំ​២០២០​នេះ ចំនួន​របស់​ពួក​វា​បាន​កើនឡើង​រហូត​ដល់​រាប់​ពាន់​ក្បាល និង​មាន​សម្បុក​ពង​កូន​យ៉ាងតិច​ចំនួន​២១៨៦ នៅ​លើ​ដើម​រាំង​ចំនួន​២៧០​ដើម​។ ការ​ធ្វើ​សម្បុក​នេះ ជា​កំណត់​ត្រា​ថ្មី​ដែល​ពុំ​ធ្លាប់​មាន​ក្នុង​រយៈពេល​ប្រមាណ​ជាង​១៥​ឆ្នាំ​ចុង​ក្រោយ​នេះ​។

លោក លឹ​ម វ៉ា​ត នាយករង​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ បាន​មាន​ប្រសាសន៍​ថា​៖ ក្នុង​រយៈពេល​៤​ឆ្នាំ​ដែល​ក្រសួងបរិស្ថាន​បាន​គ្រប់គ្រង​តំបន់​នេះ យើង​សង្កេត​ឃើញ​ថា​ចំនួន​សត្វ​ស្លាប​ព្រៃ​មានការ​កើន​ឡើងជា​លំដាប់​។ ជាក់ស្ដែង​ដូច​ជា​វត្តមាន​ពង​កូន​សត្វ​ចង្កៀលខ្យង​ដែល​ទើបនឹង​រក​ឃើញ​ជា​លើក​ទី​១​នា​ពេល​ថ្មី​ៗ​នេះ​។ ទិន្នន័យ​នេះ បាន​បញ្ជាក់​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​នូវ​លទ្ធផល​ជា​វិជ្ជមាន​នៃ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងារ​យើង​កន្លង​មក ក្នុង​ការ​ការពារ និង​អភិរក្ស​ធនធាន​ជីវៈចម្រុះ​នៅ​តំបន់ដីសើម​នេះ​។ ក្នុង​នាម​ជា​នាយករង​តំបន់​ការពារ ខ្ញុំ​សូម​ប្ដេជ្ញា​ចិត្ត​បន្ត​ដឹកនាំ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ថែរក្សា​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​តំបន់​នេះ​ឱ្យ​នៅ​គង់វង្ស ដើម្បី​បន្សល់​ទុក​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​។

លោក ឆ​យ ម៉ុ​ន​លី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តតាកែវ មាន​ប្រសាសន៍​ថា​៖ មន្ទីរ​បរិស្ថាន​ខេត្តតាកែវ ដែល​ជា​អង្គភាព​គ្រប់គ្រង​តំបន់ការពារទេសភាព​នេះ​ដោយ​ផ្ទាល់ មាន​សេចក្ដី​សោមនស្ស​រីករាយ​ជា​ខ្លាំង​ចំពោះ​កំណើន​សត្វ និង​កំណត់​ត្រា​ថ្មី​នេះ​។ ការ​សម្រេចចិត្ត​ធ្វើ​សម្បុក​ពង​កូន​របស់​សត្វ​ចង្កៀលខ្យង​នៅ​តំបន់​នេះ​មាន​ន័យ​ថា​យើង​បាន​ផ្តល់​ទីជម្រក​សុវត្ថិភាព​ដល់​ពួក​វា​។ ហេតុនេះ ក្នុង​នាម​មន្ទីរ​បរិស្ថាន​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​កាន់តែ​ខ្លាំង​ថែម​ទៀត ដោយ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ស្ថាប័ន​ពាក់ព័ន្ធ សហគមន៍ និង​អង្គការ​ដៃគូ​ដើម្បី​ការពារ​ទីជម្រក​ព្រៃ​លិច​ទឹក​នេះ​មិន​ឱ្យ​បាត់បង់​។

លោក ម៉ឹង វុ​ធី អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្តតាកែវ មាន​ប្រសាសន៍​ថា​៖ កន្លង​មក​ខ្ញុំ​ពុំដែល​ឃើញ​សត្វ​ចង្កៀលខ្យង​មាន​វត្តមាន​ច្រើន​កុះករ​នឹង​កំពុង​បន្ត​ពូជ​ធ្វើ​សម្បុក​ពង​កូន​ក្នុង​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​ច្រើន​បែប​នេះ​ទេ​។ ក្នុង​នាម​រដ្ឋបាល​ខេត្តតាកែវ ខ្ញុំ​សូម​កោតសរសើរ​ដល់​មន្ទីរ​បរិស្ថាន​ខេត្ត និង​អង្គការ​ដៃគូ​ដែល​បាន​ខិតខំ​អភិរក្ស​ធនធានធម្មជាតិ​ក្នុង​តំបន់ការពារធម្មជាតិ​នេះ យើង​នឹង​ធ្វើ​កិច្ចសហការ​ក្នុង​ការ​អភិរក្ស​ធនធានធម្មជាតិ​នេះ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​បន្ត​ទៀត​។

លោក Saber Masoomi អ្នកសម្របសម្រួល​ប្រចាំ​ប្រទេស​កម្ពុជា​អង្គការ WWT មាន​ប្រសាសន៍​ថា​ ៖ បឹង​ព្រែក​ល្ពៅ​ជា​ផ្នែក​មួយ​នៃ​ធនធានធម្មជាតិ​ដ៏​ធំ​បំផុត​ដែល​មាន​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​ដីសណ្ដ​ទន្លេមេគង្គ​ក្រោម​នៃ​ប្រទេស​កម្ពុជា​។ តំបន់ដីសើម​នេះ មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ជាង ៥.០០០ គ្រួសារ​មក​ពី​២២ ភូមិ​ជុំវិញ​តាម​រយៈ​ការ​ផ្តល់​ជា​ទឹកសាប ត្រី និង​រុក្ខជាតិ​ឱសថ​។ តំបន់​នេះ ក៏​ផ្តល់​ការ​គាំទ្រ​ដ៏​សំខាន់​សម្រាប់​សន្តិសុខ​ស្បៀង និង​ភាព​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។ ក្នុង​នាម​ជា​អង្គការ​ដៃគូ WWT នឹង​បន្ត​ជួយ​គាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ​នៅ​តំបន់​នេះ​បន្ត​ទៀត​។

លោក ប៊ូ វរ​សក្ស នាយក​កម្មវិធី​ប្រចាំ​នៅ​កម្ពុជា​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ មាន​ប្រសាសន៍​ថា​ ៖ ទីជម្រក​ព្រៃ​លិច​ទឹក វាលស្មៅ និង​តំបន់ដីសើម​នៅ​នេះ ផ្តល់​ផលប្រយោជន៍​មិន​អាច​កាត់ថ្លៃ​បាន​ក្នុង​ការ​គាំទ្រ​ជីវភាព​ប្រជា​សហគមន៍ សត្វព្រៃ និង​ធនធាន​ជីវៈចម្រុះ​។ ការ​រក​ឃើញ​សម្បុក​ពង​កូន​សត្វ​ចង្កៀលខ្យង​នេះ ជា​ភស្តុ​តាង​យ៉ាង​ច្បាស់​ថា​តំបន់ដីសើម​នេះ​មិន​ត្រឹមតែ​សំខាន់​សម្រាប់​សត្វ​ក្រៀល​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​មាន​សក្តានុពល​សម្រាប់​សត្វ​ស្លាប​ជា​ច្រើន​ប្រភេទ​ទៀត​។ ដើម្បី​រក្សា​តម្លៃ​ជាស​កល​នៃ​តំបន់​ដី​សើ​នេះ អង្គការ​BirdLife សូម​សំណូមពរ​ដល់​អាជ្ញាធរ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ទប់ស្កាត់​បទល្មើស​ផ្សេង​ៗ ដូច​ជា​ការ​ទន្ទ្រាន​យក​ដី ការ​រំខាន និង​ការ​បំពុល​ជាដើម ហើយ​ជា​ពិសេស​ព​ន្លឿ​ន​ការ​កំណត់ និង​បែងចែក​តំបន់​គ្រប់គ្រង​។

លោក ស្រី ស៊ុន​លាង ប្រធាន​នាយកដ្ឋាន​អភិរក្ស​តំបន់ដីសើម​ទឹកសាប​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ ក្រសួងបរិស្ថាន​មាន​ប្រសាសន៍​ថា​៖ ការ​កើនឡើង​នូវ​ចំនួន​សត្វ​ចង្កៀលខ្យង​នៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ គឺ​បង្ហាញ​ពី​ប្រសិទ្ធភាព​នៃ​ការងារ​គ្រប់គ្រង ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​តំបន់​នោះ​។

លោកស្រីបានបន្ត​ថា ពិត​ណាស់​ការងារ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ វា​មិនមែន​ជា​បន្ទុក​របស់​ក្រសួងបរិស្ថាន​តែ​ម្នាក់​នោះ​ទេ គឺ​វា​ទាមទារ​ឱ្យ​ការ​ចូលរួម​សហការ​គ្នា​រវាង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ទើប​ការ​អនុវត្ត​ការងារ​នេះ​ប្រកបដោយ​រលូន និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។ ខ្ញុំ​សូម​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ដល់​រដ្ឋបាល​ខេត្តតាកែវ មន្ទីរ​បរិស្ថាន​ខេត្ត អាជ្ញា​ធរមាន​សមត្ថកិច្ច និង​អង្គការ​ដៃគូ ដែល​បាន​ផ្តល់​កិច្ចសហការ​យ៉ាង​ល្អ​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ថែរក្សា ការពារ អភិរក្ស​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​នៅ​តំបន់​នេះ ហើយ​ខ្ញុំ​សូម​លើកទឹកចិត្ត​ឱ្យ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​បន្ត​ផ្តល់​កិច្ចសហការ និង​គាំទ្រ​លើ​ការងារ​នេះ​បន្ត​ទៀត ​៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ