ខេត្តបាត់ដំបង ៖ យ៉ាងហោចណាស់ ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនមានប្រុសមានស្រីចំនួន០៥នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៣ តុលា នៅចំណុចភូមិព្រៃផ្ដៅ ឃុំតាគ្រាម ស្រុកបាណន់ ជាមួយនឹងវត្ថុតាងពាក់ព័ន្ធជាច្រើនផង។
តាមរយ:របាយការណ៍ លោក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ជនសង្ស័យទាំង០៥នាក់នោះមាន ១-ឈ្មោះ ជេត ភារុណ ហៅដូច ភេទប្រុសអាយុ២៤ឆ្នាំ នៅភូមិព្រៃផ្ដៅ ឃុំតាគ្រាម ស្រុកបាណន់ ២-ឈ្មោះ ឈិន ចាន់ថន ហៅម៉ូ ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិគ្រូស ឃុំជ្រៃ ស្រុកថ្មគោល ៣-ឈ្មោះ ប៊ុន គឹមសាន ហៅ ហ៊ី ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិគ្រូស ឃុំជ្រៃ ៤-ឈ្មោះ សៀន ហ៊ាន ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិសុភី ឃុំអន្លង់រុន ស្រុកថ្មគោល និង៥-ឈ្មោះ ម៉ង់ ម្លិះ ហៅយាយស្រូយ ភេទស្រី អាយុ១៧ឆ្នាំ នៅភូមិអូរតាគី ស្រុកថ្មគោល។
លោកសុខ និមល បានបញ្ជាក់ថា ជនសង្ស័យទាំង០៥នាក់នេះ ត្រូវកម្លាំងការិយាល័យរបស់លោក ដែលមានកិច្ចសហការពីកម្លាំងអធិការស្រុកបាណន់ផង បានចុះបង្ក្រាបពេលពួកគេកំពុងប្រមូលផ្ដុំគ្នាប្រព្រឹត្តបទល្មើសជាក់ស្ដែង។ ជាមួយនឹងការឃាត់ខ្លួននេះ មន្ត្រីជំនាញដកហូតបានវត្ថុតាងមួយចំនួនផងដែរ។ បើយោងលើរបាយការណ៏របស់ការិយាល័យប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងបានមួយចំនួនដែរ។
ដូចជា ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICE (ម៉ាទឹកកក) ចំនួន០៤ថង់ កាំបិត១ដើម ម៉ូតូ១គ្រឿងជាមធ្យោបាយជិះប្រព្រឹត្តបទល្មើស រួមទាំងថង់សម្រាប់វិចខ្ចប់មួយចំនួនទៀត។
ប្រធានការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនបាននិយាយថា ក្រោយពេលឃាត់ខ្លួននាំទៅសាកសួរ ក្រុមជនសង្ស័យបានសារភាពទទូលស្គាល់វត្ថុតាងទាំងនោះហើយ។ ពួកគេបានសារភាពថា ពួកគេពិតជាបានប្រមូលផ្ដុំគ្នាធ្វើសកម្មភាពប្រព្រឹត្តបទល្មើសជួញដូរគ្រឿងញៀនទាំងនោះមែន។ ពេលនេះ មន្ត្រីជំនាញកំពុសសួរនាំបន្ត ដើម្បីកសាងសំណុំរឿងបញ្ជួនពួកគេ និង វត្ថុតាងទៅកាន់សាលាដំបូងខេត្តហើយ ៕
ចែករំលែកព័តមាននេះ