ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​សង្ខារ​បុរស​ម្នាក់ ក្រោយ​ដើរ​លើ​ស្នួរ​ឆ្លង​ទៅ​យក​ទឹកត្នោត​មក​រម្ងាស់​ស្ករ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ បន្ទាប់​ពី​ធ្លាក់​ពីលើ​ចុង​ត្នោត កាលពី​ម៉ោង​7​និង​30​នាទី​ព្រឹក ថ្ងៃ​ទី 23 ខែតុលា ឆ្នាំ​2020 ស្ថិត​នៅ​ភូមិ​ថ្មី…

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ បន្ទាប់​ពី​ធ្លាក់​ពីលើ​ចុង​ត្នោត កាលពី​ម៉ោង​7​និង​30​នាទី​ព្រឹក ថ្ងៃ​ទី 23 ខែតុលា ឆ្នាំ​2020 ស្ថិត​នៅ​ភូមិ​ថ្មី ឃុំ​ចោ​ង​ម៉ោង ស្រុក​ទឹកផុស ខណៈ​ពេល​រូប​គាត់​កំពុង​តែ​ដើរ​លើ​ស្នួរ​សម្រាប់​ឆ្លង​ទៅ​យក​ទឹកត្នោត​ដូច​សព្វ​ដងនោះ ក៏​ស្រាប់តែ​បាក់​ធ្លាក់​ចុះ​មក​ក្រោម​តែ​ម្តង ។

បើ​តាម​លោក ខែ​ម វិបុល អធិការ​នគរបាល​ស្រុក​ទឹកផុស បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ឆឹង សា​រឹម អាយុ​47​ឆ្នាំ មានមុខ​របរ​ធ្វើស្រែ និង​ឡើងត្នោត​យក​ទឹក​មក​រម្ងាស់​ស្ករ មាន​ប្រពន្ធ​ឈ្មោះ ប៉ែន សា​រឿ​ន អាយុ​48​ឆ្នាំ និង​កូន​ចំនួន​4​នាក់ (​ក្នុង​នោះ​ស្រី​2 និង​ប្រុស​2)​។

លោក​អធិការ​នគរបាល​ស្រុក​ទឹកផុស បាន​បន្ត​ថា មុន​ពេល​កើតហេតុ បុរស​រង​គ្រោះ​ដែល​មាន​មុខ​របរ​ធ្វើស្រែ និង​ឡើង​ដើម​ត្នោត​រូប​នេះ បាន​ទៅ​ឡើង​ដើម​ត្នោត​នៅ​ខាងក្រោយ​ភូមិ ដូច​សព្វ​ដង ប៉ុន្តែ​ចៃដន្យ​អាក្រក់ ខណៈ​ពេល​ដែល​រូប​គាត់​ឡើង​តោង​ឡើង​បង្អោង រួច​ដើរ​តាម​ស្នួរ​ឆ្លង​ពី​ដើម​ត្នោត​មួយ​ទៅ​ដើម​ត្នោត​មួយទៀត ដើម្បី​យក​ទឹកត្នោត​នោះ ក៏​ស្រាប់តែ​ស្នួរ​ដែល​ធ្វើ​អំពី​ដើម​ខ្លុង​ត្បែង បាន​បាក់ បណ្តាល​ធ្លាក់​បុរស​រង​គ្រោះ​ពីលើ​ចុះ​មក​ដី​បាត់បង់​ជីវិត​ភ្លាម​ៗ​មួយ​រំពេច​គួរ​ឲ្យ​អាណោចអាធ័ម​បំផុត ។ ចំណែក​ដើម​ត្នោត​ដែល​បាន​ដាក់​ស្នួរ បណ្តាល​ឱ្យ​ធ្លាក់​ជន​រង​គ្រោះ​មក​ដី​នោះ គឺ​មាន​កម្ពស់​ប្រមាណ​១០​ម៉ែត្រ​។

ក្រោយ​ពេល​កើតហេតុ លោក​ក៏​បាន​បញ្ជូន​កម្លាំង​របស់​នគរបាល​ស្រុក ទៅ​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​នៅ​កន្លែង​កើតហេតុ ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​បាត់បង់​ជីវិត​ដោយសារ​តែ​ឡើងត្នោត ហើយ​បាក់​ស្នួរ​ធ្លាក់​ចុះ​មក​ដី​ពិតប្រាកដ​មែន ។

ក្រោយ​ពី​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​ហើយ សមត្ថកិច្ច​ក៏​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

សមត្ថកិច្ច​នគរបាល​បាន​បញ្ជាក់​ថា ស្នួរ​ដែល​ជន​រង​គ្រោះ​នោះ​ដើរ​ឆ្លង​ពី​ដើម​មួយ​ទៅ​ដើម​មួយ​ទៀត​នោះ គឺ​ជន​រង​គ្រោះ​ដើរ​រាល់ថ្ងៃ​តែ​មិន​អី​ឡើយ ប៉ុន្តែ​ដោយសារ​តែ​យូរ​ថ្ងៃខែ ទើប​ធ្វើ​ឱ្យ​ដើម​ខ្លុង​ត្បែង ដែល​ធ្វើ​ជា​ស្នួរ​នោះ​បាន​ពុក​ផុយ បណ្តាល​ឱ្យ​បាក់​បែប​នេះ​តែ​ម្តង​។ ហេតុនេះ​ហើយ អ្នក​ប្រកប​របរ​ឡើងត្នោត គួរ​ប្រុង​ប្រយ័ត្ន និង​ប្តូរ​ស្នួរ​សម្រាប់​ដើរ​រ​សួរ​ឆ្លង​ពី​ដើម​មួយ​ទៅ​ដើម​មួយ​ឱ្យ​បាន​ញឹកញាប់ ចៀសវាង​គ្រោះថ្នាក់​ដូច​ករណី​ខាងលើ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ