មិនបានក្លាយជាថ្ងៃឈប់សម្រាក តែអ្នកនយោបាយ ពលរដ្ឋខ្មែរបាន​រំលឹក​ពីថ្ងៃ ២៣ តុលា


រាជធានីភ្នំពេញ ៖ កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ដែលភាគីខ្មែរមានជម្លោះនឹងគ្នា បានព្រមចុះហត្ថលេខា បញ្ចប់សង្រ្គាមនៅកម្ពុជា បានឈានដល់ខួប ២៩ឆ្នាំ ហើយនៅថ្ងៃទី២៣ តុលា ឆ្នាំ២០២០នេះ។

កាលពីឆ្នាំមុនៗ ថ្ងៃប្រវត្តិសាស្រ្តជាតិខ្មែរនេះ បានក្លាយជាថ្ងៃបុណ្យជាតិ អនុញ្ញាតឲ្យមន្រ្តីរាជការ កម្មករ និយោជិត បានឈប់សម្រាក ។ ទោះឆ្នាំនេះមិនឈប់សម្រាកក្តី តែគេសង្កេតឃើញអ្នកនយោបាយ ប្រជាពលរដ្ឋខ្មែរបានចងចំា និងបានបង្ហោះពីអត្ថន័យថ្ងៃ២៣តុលាផ្សេងៗគ្នា។

សម្តេចនាយករដ្ឋមន្រ្តី ដែលជាឥស្សរជនសំខាន់ម្នាក់ ចូលរួមចចារ និងបង្កើតកិច្ចព្រមព្រៀងនេះ បានលើកឡើងថា« កាលពី២៩ឆ្នាំ ភាគីទាំង៤ របស់កម្ពុជារួមមាន សម្តេចតេជោ ហ៊ុន សែន តំណាងអោយរដ្ឋាភិបាលកម្ពុជា, ចលនាតស៊ូហ៊្វុនស៊ីនប៉ិច ដែលតំណាងដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា» ។

សម្តេចបន្តថា មុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា គឺ សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅ ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ដែលការចរចានេះមានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេចតេជោ ហ៊ុន សែន ដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ១៩៨៧)។ ហើយបន្ទាប់មកក៏មានកិច្ចចរចាបន្តរវាង សីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងៗមួយចំនួនទៀត។

ចំណែកលោក កឹម សុខា អតីតប្រធានគណបក្សប្រឆំាងដែលបានរំលាយ បានលើកឡើងថា ខ្មែរ និង សហគមន៍អន្តរជាតិ បានជ្រោមជ្រែងឲ្យមាន កិច្ចព្រមព្រៀងសន្តិភាពនេះឡើង។

លោកកឹម សុខា បានចោទជាសំណួរ​ថា តើហេតុអ្វីបានជាមានកិច្ចព្រមព្រៀងជាអន្តរជាតិនេះ ហើយកិច្ចព្រមព្រៀងនេះ ភាគីខ្មែរយើងបានសន្យា​ និងមានកាតព្វកិច្ចធ្វើអ្វីខ្លះ? រៀបចំប្រទេសជាតិរបៀបណា? ហើយសហគមន៍អន្តរជាតិ​ ជាពិសេសប្រទេសហត្ថលេខីមានកាតព្វកិច្ចអ្វីដែរ?

ជាសំណួរដែលលោកកឹម សុខាទំនងឲ្យមានសាធារជនសិក្សាស្វែងយល់និងឆ្លើយនោះ។ លោកសរសេរបន្តថា «យើងគួរគិតពិចារណា ពិនិត្យមើលមូលហេតុ កុំឲ្យជាន់ដានអាក្រក់ ហើយយើងត្រូវវាយតម្លៃនូវអ្វីដែលយើងបានសន្យា​ ថាតើអ្វីដែលធ្វើបានល្អប្រសើរហើយ​ និងអ្វីដែលជាកាតព្វកិច្ចទាំងភាគីខ្មែរ​ និងអន្តរជាតិមិនទាន់បានធ្វើ​ ឬធ្វើមិនទាន់បានត្រឹមត្រូវពេញលេញ​ ដូចមានចែងក្នុងកិច្ចព្រមព្រៀងនេះ» ។​

លោក កឹម សុខា បានបញ្ចេញមតិផ្ទាល់ខ្លួនថា «ទស្សនៈរបស់ខ្ញុំគឺ មានតែការរួបរួមគ្នារវាងខ្មែរនិងខ្មែរ ក៏ដូចជាសហគមន៍អន្តរជាតិ យកស្មារតីនៃកិច្ចព្រមព្រៀងនេះ​ មកបន្តធ្វើនូវអ្វីដែលមិនទាន់សម្រេចបាន ដើម្បីឲ្យកាន់តែប្រសើរឡើង ជាជាងការយកប្រជាពលរដ្ឋខ្មែរ​ និងទឹកដីកម្ពុជា​ ដែលរងទុក្ខវេទនាជាច្រើនណាស់មកហើយ បម្រេីតាមមហិច្ឆតារៀងៗខ្លួនតទៅទៀត»។

ជាអ្នកនយោបាលជំនាន់ថ្មី ដែលអះអាងថាមាននិន្នាកាលនយោបាយកណ្តាល មិនហិង្សា យកគោលការណ៍លទ្ធិប្រជាធិបតយេ្យជាធំនោះ លោក សាម អ៊ីន បានលោកឡើងថា បច្ចុប្បន្ន កម្ពុជាមានសន្តិភាពពេញផ្ទៃប្រទេសហើយ មានការអភិវឌ្ឍល្មមគួរសមដែរ។ លោកបន្តថា«អ្វីដែលយើងត្រូវយកចិត្តទុកដាក់បន្ត គឺការខំប្រឹងពង្រឹងការគោរពសិទ្ធិមនុស្ស និងប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស។ អ្នកដឹកនាំនយោបាយខ្មែរមិនត្រូវរុញឱ្យជម្លោះទស្សនៈនយោបាយ ជម្លោះគោលនយោបាយ ក្លាយជាជម្លោះនៃភាពជាសត្រូវនឹងគ្នារវាងខ្មែរនិងខ្មែរទេ។ ការនេះនឹងធ្វើមានហានិភ័យជាថ្មី ដូចក្នុងកំឡុងឆ្នាំ១៩៦០ ដែលបញ្ហាខាងក្រៅ ដូចជាជម្លោះសមុទ្រចិនខាងត្បូង អាចជ្រាបចូលស្រុកខ្មែរ ហើយបង្កទៅជារងើកភ្លើងសង្រ្គាមស៊ីវិលឡើងវិញ» ។

ពលរដ្ឋជាច្រើនបានរំលឹកពីថ្ងៃប្រវត្តិសាស្រ្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសក្នុងថ្ងៃ២៣តុលានេះ។ ទោះអ្នកខ្លះមិនមានការបញ្ចេញមតិយោបល់ច្រើនតែពួកគេបានបង្ហោះរូបថតកាលពី២៩ឆ្នាំមុននេះ ដែលបង្ហាញពីការចងចំារបស់ប្រជាពលរដ្ឋមិនភ្លេចថ្ងៃ២៣តុលាឆ្នាំ១៩៩១​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ