ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​CCP ៖ គណបក្ស​ប្រជាជន​កម្ពុជា​បាន និង​កំពុង​អភិវឌ្ឍ​ព្រមទាំង​អនុវត្ត​គំរោង «​ភូមិ​តេ​ជោ​១០០»

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈប្រតិភូ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រាប់​ទៅ​កាន់​បណ្តា​គណបក្ស​នយោបាយ​អន្តរជាតិ​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន និង​កំពុង​អភិវឌ្ឍ ព្រមទាំង​អនុវត្ត​គំរោង «​ភូមិ​តេ​ជោ​១០០» ។ ការ​លើក​ឡើង​នេះ ខណៈ​លោក​ជំទាវ…

រាជធានី​ភ្នំពេញ ៖ គណៈប្រតិភូ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រាប់​ទៅ​កាន់​បណ្តា​គណបក្ស​នយោបាយ​អន្តរជាតិ​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន និង​កំពុង​អភិវឌ្ឍ ព្រមទាំង​អនុវត្ត​គំរោង «​ភូមិ​តេ​ជោ​១០០» ។

ការ​លើក​ឡើង​នេះ ខណៈ​លោក​ជំទាវ កិត្តិ​សង្គហ​បណ្ឌិត ឃួ​ន សុ​ដា​រី អញ្ជើញ​ចូលរួម​ជា​ភ្ញៀវ​ឥស្សរជន​ជាន់ខ្ពស់ ក្នុង​វេទិកា​អន្តរ​គណបក្ស​អន្តរជាតិ​នៃ​អង្គការ​សហប្រតិបត្តិការ​សៀង​ហៃ (SCO) ។ លោក​ជំទាវ ឃួ​ន សុ​ដា​រី សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា អនុប្រធាន​ទី​២ នៃ​រដ្ឋសភា និង​ជា​អនុប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សន្និសីទ​អន្តរជាតិ​នៃ​បណ្តា​គណបក្ស​នយោបាយ​នៅ​អាស៊ី (​អាយ​កាប់​-ICAPP) នៅ​រសៀល​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០ នៅ​វិមាន​រដ្ឋសភា បាន​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវ​ឥស្សរជន​ជាន់ខ្ពស់​ក្នុង​ពិធី​បើក​វេទិកា​អន្តរ​គណបក្ស​អន្តរជាតិ (Internal Inter-Party Forum SCO+) នៃ​អង្គការ​សហប្រតិបត្តិការ​សៀង​ហៃ​(SCO+) តាម​ប្រព័ន្ធ​វី​ដេ​អូ ក្រោម​ប្រធានបទ​ស្តី​ពី «​ការ​ធ្វើ​ពាណិជ្ជកម្ម​សម្រាប់​ប្រជាជន​» ។

ការ​អញ្ជើញ​ចូលរួម​របស់​ប្រតិភូ​តំណាង​គណបក្ស​ប្រជាជន​កម្ពុ​ជានា​ពេល​នេះ ធ្វើ​ឡើង​តប​តាម​ការ​អញ្ជើញ​របស់​ម្ចាស់ផ្ទះ គណបក្ស​រួបរួម​រុ​ស្សី តាម​រយៈ​ឯកឧត្តម អង់​ដ្រេ គ្លី​ម៉ៅ អគ្គលេខាធិការ​រង ក្រុមប្រឹក្សា​ទូទៅ គណបក្ស​រួបរួម​រុ​ស្សី និង​ជា​អនុប្រធាន​អង្គការ ICAPP ។

សូម​ជម្រាប​ថា សហព័ន្ធ​រុ​ស្សី ក្នុង​នាម​ជា​ប្រធាន​ប្តូរ​វេន​នៃ​អង្គការ​សហប្រតិបត្តិការ​សៀង​ហៃ (SCO) បាន​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ វេទិកា​អន្តរ​គណបក្ស​អន្តរជាតិ ក្រោម​ប្រធានបទ​ស្តី​ពី «​ការ​ធ្វើ​ពាណិជ្ជកម្ម​សម្រាប់​ប្រជាជន​» ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​មក​ពី​គណបក្ស​រួបរួម​រុ​ស្សី ថ្នាក់ដឹកនាំ​គណបក្សកាន់អំណាច និង​តំណាង​អ្នក​វិនិយោគិន​មក​ពី SCO ក្រុម​ប្រទេស BRICS (​ប្រេ​ស៊ី​ល រុ​ស្សី ឥណ្ឌា ចិន និង​អាហ្វ្រិក​ខាងត្បូង​) និង​សមាគម​ន៍​រដ្ឋ​ឯករាជ្យ​កុំ​ម្មុន​វែ​ល (Commonwealth of Independent States-CIS) និង​អ្នក​សង្កេតការណ៍​មក​ពី​ប្រទេស​ផ្សេង​ៗ តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត ពី​ថ្ងៃ​ទី ២២-២៣ ខែតុលា ឆ្នាំ​២០២០ ។

ក្នុង​សុន្ទរកថា​របស់ លោក​ជំទាវ ឃួ​ន សុ​ដា​រី បាន​សម្តែង​នូវ​ក្តី​រីករាយ និង​អបអរសាទរ​ដល់​គណបក្ស​រួបរួម​រុ​ស្សី​ដែល​បាន​រៀបចំ​វេទិកា​អន្តរ​គណបក្ស​យ៉ាង​រហ័ស​ទាន់​ពេលវេលា​ដោយ​ផ្តោត​លើ​កិច្ច​សហប្រតិបត្តិការ និង​ការ​កសាង​ភាព​ជា​ដៃគូ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រាតត្បាត​នៃ Covid-19 ។ លោក​ជំទាវ បាន​គូសបញ្ជាក់​ថា​« Covid-19 គឺជា​បញ្ហា​សកល​ដែល​ទាមទារ​ឱ្យ​មាន​សាមគ្គីភាព​គ្នា​ជាស​កល និង​ដំណោះស្រាយ​រួម ។ ជា​អកុសល ប្រទេស​ខ្លះ​បាន​កេង​ចំណេញ​នយោបាយ​ទៅ​លើ​ជំងឺ​រាតត្បាត​នេះ​ដោយសារ​ផលប្រយោជន៍ និង​ភាព​អាត្មា​និយម​តូច​ចង្អៀត​របស់​ពួក​គេ​» ។

លោក​ជំទាវ បាន​បញ្ជាក់​បន្ថែម​ថា ៖«​នៅ​ពេល​ដែល​វិបត្តិ​សកល​មាន​ទំហំ និង​ទ្រង់ទ្រាយ​ធំ​បែប​នេះ វា​ចាំបាច់​ខ្លាំង​ណាស់​សម្រាប់​យើង​ក្នុង​ជំរុញ​យុទ្ធនាការ​សកល​រួម​គ្នា ដើម្បី​ទប់ទល់​នឹង​ឯកតោភាគី​និយម និង​ជាតិនិយម​ផ្តាច់មុខ បូក​រួម​ទាំង​ជាតិនិយម​អំពី​វ៉ាក់សាំង​» ។ លោក​ជំទាវ បាន​លើក​ឡើង​បន្ត​ថា គណបក្ស​នយោបាយ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​កំណត់​នូវ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ និង​ការ​ទទួលខុសត្រូវ​ខាង​ផ្នែក​នយោបាយ សម្រាប់​ការ​បង្កើត​នូវ​របៀបវារៈ​គោលនយោបាយ និង​ការ​ប្រមូល​ធនធាន ដើម្បី​ដោះស្រាយ​វិបត្តិ​នៃ​ជំងឺ​រាតត្បាត​នេះ ។ ការ​ធ្វើការ​សម្រេចចិត្ត​ដោយ​ផ្អែក​លើ​វិទ្យាសាស្ត្រ និង​ទិន្នន័យ គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​គ្រប់គ្រង​វិបត្តិ ។

គណបក្ស​នយោបាយ​ទាំងអស់ គឺ​មាន​សារៈសំខាន់​ដូច​ជា​ភាគី​ពាក់ព័ន្ធ​ដទៃ​ជាស​កល ដែល​គួរ​ពិចារណា​លើ​ចំណុច​អាទិភាព​របស់​ពួក​គេ​ដោយ​ផ្តោត​លើ​ការ​កសាង​ស្តារ​ឡើង​វិញ​នូវ​ផែនការ​មួយ​ដែល​មាន​ភាព​ធន់​មាំ និង​បៃតង ព្រម​ជាមួយនឹង​ការ​ស្តារ​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​ប្រសើរ​ឡើងជា​មួយ​អាទិភាព​របស់​សង្គម​។ ត្រង់​ចំណុច​នេះ លោក​ជំទាវ បាន​សង្កត់ធ្ងន់​លើ «​ការ​ស្តារ​ឡើង​វិញ​ប្រកបដោយ​ភាព​បៃតង​» ដោយ​ផ្តោត​លើ​ការ​បញ្ចូល​ធម្មជាតិ​ទៅ​ក្នុង​គោលនយោបាយ​សេដ្ឋកិច្ច ។

ការងារ​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង ហើយនឹង​ត្រូវ​បាន​បង្កើត​ឡើងជា​ច្រើន​ទៀត​នៅ​ក្នុង​ថាមពល​កកើត​ឡើង​វិញ សេដ្ឋកិច្ច​រាង​ជា​រង្វង់ និង​បច្ចេកវិទ្យា​បរិស្ថាន ។ លោក​ជំទាវ បាន​ជម្រាប​ជូន​ពី​ស្ថានភាព​របស់​កម្ពុជា​នៅ​ក្នុង​វេទិកា​នេះ​ថា នៅ​ប្រទេស​កម្ពុជា​បាន​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្តី​ពី​កំណើន​បៃតង (២០១៣-២០៣០) ដោយ​ផ្តោត​លើ​ការ​ប្រើប្រាស់​ជា​និ​រន្ន​លើ​ធនធានធម្មជាតិ ប្រសិទ្ធភាព​នៃ​ថាមពល និរន្តរភាព​បរិស្ថាន ការងារ​បៃតង បច្ចេកវិទ្យា​បៃតង និង​កំណែទំរង់សេដ្ឋកិច្ច​ដោយ​ពិចារណា​លើ​ការ​លើកទឹកចិត្ត​បៃតង ដូច​ជា​ពន្ធដារ​បៃតង ហិរញ្ញវត្ថុ​បៃតង ឥណទាន​បៃតង មីក្រូហិរញ្ញវត្ថុ និង​ការ​វិនិយោគ​បៃតង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ