រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ស្ទឹងព្រែកត្នោតជន់លិចផ្ទះសម្បែងនៅក្នុងបុរីមួយកន្លែង ស្ថិតនៅក្នុងភូមិម៉ឺនត្រា សង្កាត់ស្ពាននថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញមួយចំនួនបានវិលត្រឡប់ទៅកាន់ផ្ទះរបស់ខ្លួនវិញហើយ កាលពីវេលាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ បន្ទាប់ពីត្រូវបានអាជ្ញាធរនិងក្រុមប្រតិបត្តិការចម្រុះជួយសង្គ្រោះដោយធ្វើការជម្លៀសចេញទៅដាក់នៅទីទួលសុវត្ថិភាពរយៈពេល១អាទិត្យកន្លងមកហើយនោះ។
គិតមកត្រឹមថ្ងៃដដែលនេះ ទឹកជំនន់នៅតំបន់ខាងលើហាក់មានការនៅនឹងថ្កល់មិនឡើងហើយក៏មិនស្រកចុះដែរ ប៉ុន្តែបានស្រកចេញពីក្នុងផ្ទះរបស់ពួកគាត់ហើយ តែនៅលិចផ្លូវមុខផ្ទះត្រឹម.កជើងប៉ុណ្ណោះ ។ ពួកគាត់បានចូលទៅបោសជូតនិងលាងសម្អាតផ្ទះដែលពោរពេញទៅដោយភក់និងសម្រាម ដោយឡែកផ្ទះមួយចំនួនដែលនៅលិចតិចៗពួកគាត់ច្រកដីក្នុងបាវរួចទប់មាត់ទ្វារនិងបាចទឹកចេញទើបជូតសម្អាតតាមក្រោយ។
ប្រជាពលរដ្ឋដែលមានផ្ទះនៅជិតផ្សារបុរីមួយកន្លែងនៅទីតាំងខាងលើបាននិយាយថា ពួកគាត់ត្រូវបានអាជ្ញាធរនិងក្រុមប្រតិបត្តិការចម្រុះជម្លៀសចេញពីផ្ទះទៅកាន់ទីទួលសុវត្ថិភាពកាលពីវេលាយប់ថ្ងៃទី១៤ និងខ្លះទៀតនៅវេលាព្រឹកថ្ងៃទី១៥ ខែតុលា ខណៈដែលទឹកជន់ឡើងខ្លាំងយ៉ាងគំហុកគួរឲ្យខ្លាច ។ ផ្ទះសម្បែងត្រូវបានបិទទ្វារចោល ចំណែកអីវ៉ាន់ដែលដាក់លក់ដូរពុំមានការខូចខាតនោះទេ ព្រោះពួកគាត់បានត្រៀមខ្លួនមុនពេលទឹកចូលដល់បានលើកដាក់ឡើងទៅលើផ្ទះបានមុន ហើយពួកគាត់បានឃ្លាតឆ្ងាយពីផ្ទះរយៈពេល១អាទិត្យ និងទើបតែបានត្រឡប់ទៅបោស ជូត និងលាងផ្ទះឡើងវិញនៅវេលាព្រឹកថ្ងៃទី២១ ខែតុលានេះប៉ុណ្ណោះ បន្ទាប់ពីទឹកស្រកហូរចេញអស់ពីក្នុងផ្ទះ ។
តាមប្រភពដដែលបានបន្តទៀតថា នឹកឃើញកាលពីថ្ងៃដែលទឹកជន់លិចដំបូងគួរឲ្យខ្លាច ពេលនោះល្បឿនទឹកហូរចូលបុរីខាងលើលឿនខ្លាំងណាស់ ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះទឹកបានហូរចូលដល់ក្នុងផ្ទះតែម្ដង ប៉ុន្តែដោយសារតែនៅទីនោះខ្ពស់បន្តិចដែរ ទើបបណ្ដាលឲ្យលិចចូលក្នុងផ្ទះកន្លែងខ្លះត្រឹមជង្គង់និងកន្លែងខ្លះទៀតត្រឹមភ្លៅ រីឯតាមផ្លូវត្រឹមចង្កេះ ។
ពួកគាត់បានបញ្ជាក់បន្ថែមទៀតថា ទឹកចាប់ផ្ដើមស្រកខ្លាំងកាលពីថ្ងៃទី១៩ ខែតុលា ប៉ុន្តែនៅវេលាយប់ថ្ងៃដដែលមានភ្លៀងធ្លាក់ខ្លាំង ជាហេតុធ្វើឲ្យទឹកហក់ឡើងបន្តិចវិញនៅថ្ងៃទី២០ ខែតុលា លុះរហូតមកដល់ថ្ងៃទី២១ ខែតុលានេះ ទឹកហាក់នៅនឹងថ្កល់វិញ អត់ចុះនិងអត់ឡើងសោះ ។
ទោះបីជាបែបណា ពួកគាត់សង្ឃឹមថា ទឹកនិងស្រកគោករីងក្នុងពេលឆាប់ៗខាងមុខនេះ ហើយពួកគាត់និងអាចធ្វើដំណើររកស៊ីបានស្រួល ហើយខណៈនេះថ្វីដ្បិតតែទឹកស្រកចេញពីផ្ទះ ប៉ុន្តែចង់ទៅណាមកណាអត់អាចជិះរថយន្តឬម៉ូតូបានទេ គឺបានក្រុមសង្គ្រោះអង្គភាព៧១១ជូនតាមទូកនិងអូប័រតែប៉ុណ្ណោះ ព្រោះទឹកនៅលិចផ្លូវជ្រៅនៅឡើយ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០នេះភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ បានរងគ្រោះដោយទឹកជនន់ស្ទឹងព្រែកត្នោតផង និងជំនន់ទឹកភ្លៀងផងដែលបានធ្វើឲ្យទឹកជន់លិចសង្កាត់ចំនួន១១របស់ខណ្ឌនេះ មានចំនួន៤២ភូមិ មានផ្ទះចំនួន៤,៩៦៥ខ្នង ស្មើនឹង៥,៥៩៩គ្រួសារ ដែលមានមនុស្សចំនួន២៣៥២០នាក់។ខណៈនេះក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ និងកម្លាំងកងរាជអាវុធហត្ថបាននៅប្រចាំការចាំជួយចម្លងប្រជាពលរដ្ឋទៅមកក្នុង១ថ្ងៃៗរាប់រយជើង៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ