ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាយ​វប្បកម្ម​មាន​ទឹកមាត់​លេបហើយ​ ក្រោយ​ក្លាយជា​វិញ្ញាសា​មួយ​ក្នុង​សុ​ី​ហ្គេម​​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​ពេល​កន្លង​មក កីឡា​កាយ​វប្បកម្ម មិន​ត្រូវ​បាន​គេ​ដាក់​បញ្ចូល​នៅ​ក្នុង​ការ​ប្រកួត​​ស៊ី​ហ្គេ​ម​នោះ​ទេ ដោយ​កីឡា​មួយ​នេះ ត្រូវ​បាន​គេ​បើក​ប្រកួតប្រជែង​តែ​ក្នុង​ក្រប​ខណ្ឌ​ឯក​ជន ក្រោម​ការ​រៀបចំ​របស់​ប្រទេស​ខ្លះ​ដែល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប៉ុណ្ណោះ ។ ការ​ប្រកួត​នា​ពេល​កន្លង​មក…

រាជធានី​ភ្នំពេញ ៖ នា​ពេល​កន្លង​មក កីឡា​កាយ​វប្បកម្ម មិន​ត្រូវ​បាន​គេ​ដាក់​បញ្ចូល​នៅ​ក្នុង​ការ​ប្រកួត​​ស៊ី​ហ្គេ​ម​នោះ​ទេ ដោយ​កីឡា​មួយ​នេះ ត្រូវ​បាន​គេ​បើក​ប្រកួតប្រជែង​តែ​ក្នុង​ក្រប​ខណ្ឌ​ឯក​ជន ក្រោម​ការ​រៀបចំ​របស់​ប្រទេស​ខ្លះ​ដែល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប៉ុណ្ណោះ ។ ការ​ប្រកួត​នា​ពេល​កន្លង​មក ក៏​ត្រូវ​គេ​ចាត់​ទុក​ថា មិនសូវ​មាន​ភាព​ទូលំទូលាយ​នោះ​ដែរ បើ​ទោះជា​កីឡា​នេះ មានការ​រីក​ចម្រើន​ច្រើន​មក​ហើយ​ក្ដី​។

យ៉ាងណា​ក៏​ដោយ​យោង​តាម​ការ​បញ្ជាក់ សម្រាប់ស៊ី​ហ្គេ​ម​នៅ​ឆ្នាំ​២០២១ ខាង​មុខ វៀតណាម ជា​ម្ចាស់ផ្ទះ បាន​ដាក់​បញ្ចូល​កាយ​វប្បកម្ម​ឱ្យ​ក្លាយជា​វិញ្ញាសា​ប្រកួត​ផ្លូវការ ទើប​គេ​មើលឃើញ​ថា អត្ត​ព​លិ​ក​នៅ​ក្នុង​វិស័យ​នេះ​ទាំងអស់​ចាប់ផ្ដើម​មាន​ទឹកមាត់​លេប ស្រប​ពេល​ដែល​កម្ពុជា ក៏​មាន​ធនធាន​កីឡា​ផ្នែក​កាយ​វប្បកម្ម​ល្អ​ៗ ដែល​ម​រំពឹង​ថា​នឹង​ទទួល​បាន​មេដាយ​នៅ​ក្នុង​ការ​ប្រកួត​នោះ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) បាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​មាន គោលដៅ​ចង់​ឈាន​ជើង​ចូល​ចំណាត់ថ្នាក់​លេខ​៧ ក្នុង​ចំណោម​១១​ប្រទេស នៃ​ការ​ប្រកួត​កីឡា SEA GAMES នៅ​ប្រទេស​វៀតណាម ។ លោក​ពិតជា​បង្ហាញ​នូវ​ការ​សាទរ​យ៉ាង​ខ្លាំង ដែល​ប្រទេស​វៀតណាម​សម្រេច​ដាក់​បញ្ចូល​កីឡា​ផ្នែក​កាយ​វប្បកម្ម និង​វ៉ូ​វី​ណា​ម ឱ្យ​ក្លាយជា​វិញ្ញាសា​ផ្លូវការ ដែល​កីឡា​ទាំង​ពីរ​នេះ​សុទ្ធតែ​កម្ពុជា មាន​ធនធាន​ល្អ​ៗ​អាច​ដណ្ដើម​បាន​មេដាយ ។

លោក​បន្ត​ថា កីឡា​វ៉ូ​វី​ណា​ម​ដ្បិតថា កម្ពុជា​ទើប​មាននៅ​ក្នុង​ប្រទេស តែ​កម្ពុជា​ក៏​មាន​ឥទ្ធិពល ដែរ ។ ដោយឡែក កីឡា​កាយ​វប្បកម្ម ក៏​កម្ពុជា​មាន​ធនធាន​ល្អ​សម្រាប់​ការ​ដណ្ដើម​បាន​មេដាយ​ផង​ដែរ ដោយសារ​តែ​ផ្អែក​តាម​កន្លង​មក គឺ​កីឡា​កាយ​វប្បកម្ម​របស់​កម្ពុជា មានឱកាស​ដណ្ដើម​បាន​មេដាយ​រួច​ស្រេច​ទៅ​ហើយ ។

ការ​ដាក់​បញ្ចូល​កាយ​វប្បកម្ម​ចូល​ក្នុង​ស៊ី​ហ្គេ​ម​នៅ​វៀតណាម មិន​ត្រឹមតែ​ធ្វើ​ឱ្យ​កីឡា​មួយ​នេះ មាន​ចរន្ត​នៅ​ក្នុង​ស៊ី​ហ្គេ​ម​ប៉ុណ្ណោះ​ទេ តែ​ក៏​នឹង​ជួយ​ឱ្យ​កម្ពុជា អាច​ចំណេញ​មេដាយ​ជាង​មុន សម្រាប់​ស៊ី​ហ្គេ​ម​ឆ្នាំ​ក្រោយ​ផង​ដែរ ។ ម្យ៉ាង​មក​ពី​កម្ពុជា សំបូរ​ធនធាន​អ្នកមាន​សាច់ដុំ​ល្អ ដែល​សូ​ម្បី​តែ​ប្រទេស​​មួយ​ចំនួន ក៏​ពិបាក​មើល​ស្រាល​នោះ​ផង ទើប​កម្ពុជា​បង្ហាញ​ការ​រំពឹង​នៅ​ពេល​វៀតណាម​សម្រេច​យក​វិញ្ញាសា​កាយ​វប្បកម្ម​ឱ្យ​ក្លាយជា​វិញ្ញាសា​ប្រកួត​នៅ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២១ ។ លោក​ថា​កម្ពុជា​នឹង​អាច​រំកិល​ចំណាត់ថ្នាក់ ដោយ​ផ្អែក​ថា​ការ​ប្រកួត​នៅ​ហ្វី​លី​ពី​ន ម៉ា​ឡេ​ស៊ី និង​សិង្ហ​បុរី យើង​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៨​ជាប់​ៗ​គ្នា​រួច​ស្រេច​នោះ​។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC បន្ត​ថា ប្រសិនបើ​យើង​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៧ យើង​នឹង​សម្រុក​សម្រាប់​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​នៅ​កម្ពុជា​ឲ្យ​ឈរ​ចំណាត់ថ្នាក់​លេខ​៦ ឬ​លេខ​៥ ដែល​ជា​ក្ដី​ស្រមៃ​ចង់បាន​របស់​យើង ។ ដូច្នេះ​ប្រសិនជា​យើង​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៧ ពី​ការ​ប្រកួត​កីឡា​ស៊ីហ្គា​ម​នៅ​ប្រទេស​វៀតណាម ពិតមែន​គឺជា​សញ្ញា​ល្អ​បំផុត​ហើយ ។

ោក វ៉ា​ត់ ចំរើន បាន​បន្ថែម​ទៀត​ថា ម្ចាស់ផ្ទះ​វៀតណាម​ដាក់​៣៦​ប្រភេទ​កីឡា​ក្នុង​ការ​ប្រកួត ។ ចំណែក​កម្ពុជា​នឹង​បញ្ជូន​៣១ ប្រភេទ​កីឡា​ត្រៀម​ចូលរួម​ជាមួយ​ប្រភេទ​កីឡា មាន​សក្ដានុពល​ដណ្ដើម​មេដាយ​បាន​ចំនួន​១១ ប្រភេទ​រួម​មាន កីឡា​ប៉េតង់ តេ​ក្វា​ន់​ដូ WT វ៉ូ វី​ណា​ម ចំបាប់ វាយ​កូន​បាល់ វ៉ូ​ស៊ូ ប្រដាល់សកល ប្រដាល់ Kick Boxing សីដក់ ប្រដាល់​(​គុន​ខ្មែរ​) និង​កីឡា​កាយ​វប្ប​កម្ម ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡា​កាយ​វប្បកម្ម និង​វ៉ូ​វី​ណា​ម ជា​ប្រភេទ​កីឡា​ដែល​អត្ត​ព​លិ​ក​កម្ពុជា អាច​មាន​សមត្ថភាព​ដណ្ដើម​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេ​ម​នៅ​ប្រទេស​វៀតណាម​ព្រោះ​ទាំង​២​ប្រភេទ​កីឡា​ចេញ​ប្រកួត​លើ​ឆាក​អន្តរជាតិ តែងតែ​ឈ្នះ​មេដាយមាស​រហូត ។ ប្រភេទ​កីឡា​អាច​ឈាន​ដល់​រក​មេដាយ​រួម​មាន កីឡា​កា​រ៉ា​តេ កីឡា​រាំ កីឡា​អុក Xiangqi និង បាល់បោះ​៣​ទល់​៣​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ