ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាឃ្មុំ​ខ្មៅ​អាស៊ី​ដែល​ចិញ្ចឹម​បូម​យក​ទឹកប្រមាត់​ធ្វើ​ឧស​ថ​ត្រូវ​បាន​សង្គ្រោះ

16 ឆ្នាំ មុន

តាម​ប្រភព AFP បានឱ្យ​ដឹង​ថា ក្រុម​អនុរក្ស​សត្វ​របស់​ប្រទេស​វៀតណាមបាន​ធ្វើការដកហូត​ខ្លាឃ្មុំ​ចំនួន​១៩​ក្បាល ដែល​ត្រូវ​គេដាក់​ក្នុង​ទ្រុង​នៅ​ឯ​កសិដ្ឋាន​មួយ​សំរាប់​ចិញ្ចឹមវា​ដើម្បី​បូម​ចំរាញ់​យក​ទឹកប្រមាត់​ធ្វើ​ឱសថខុសច្បាប់ ។

មូលនិធិ​សត្វ​អាស៊ី​បាន​ថ្លែង​ថា ខ្លាឃ្មុំ​ទាំងអស់​នឹង​ត្រូវ​យក​ទៅ​ថែរក្សា​នៅ​មជ្ឈមណ្ឌល​ជួយ​សង្គ្រោះ​ខ្លាឃ្មុំ​ខ្មៅ​អាស៊ី (Asian Black Bear) ដែល​មា​នទី​តាំងនៅ​ក្បែរ​ទីក្រុង​ហាណូ​យ ។ មុន​ពេលធ្វើការ​ដកហូត​យក​ទៅសង្គ្រោះ ខ្លាឃ្មុំ​ទាំងនេះ​ត្រូវ​បាន​គេ​ឃុំឃាំងក្នុង​ទ្រុង​ប្រវែង​១២​ម៉ែត្រ នៅ​ខេត្ដ​ប៊ិ​ញ​ដួង (Binh Duong) ក្បែរ​ទីក្រុង​ហូ​ជី​មិ​ញ​។ លោក​ទួន​បេន​ឌិ​ក សេន (Tuan Bendixsen) នាយក​មូលនិធិ​សត្វ​អាស៊ី​សាខា​ក្នុង​ប្រទេសវៀតណាម​បាន ឱ្យ​ដឹង​ថា ទ្រុង​ធំ​នេះ​ត្រូវ​បានចែក​ចេញ​ជា​៦-៧​ប្រឡោះ​សំរាប់​ឃុំឃាំង​ខ្លាឃ្មុំ​នីមួយ​ៗ ហើយ​ក៏​ជា​លើក​ដំបូង​ផង​ដែរ ដែល​យើង​ប្រទះ​ឃើញ​ខ្លាឃ្មុំ​ក្នុង​ស្ថានភាពខាងលើ ។

ក្រុម​អ្នក​ជួយ​សង្គ្រោះ​សត្វ​បាន​បញ្ជាក់​ថា ស្ថាប័ន​ព្រៃឈើ​ខេត្ដ​បាន​ស្នើ​សុំ​ឱ្យ​មូលនិធិ របស់​លោក​ទួន បេន​ឌិ​ក​សេន ជួយ​សង្គ្រោះខ្លាឃ្មុំ​ទាំងនេះ​កាលពី​២-៣​សបា្ដហ៍​មុន បន្ទាប់ពី​អាជ្ញាធរ​បាន​សំរេច​បិទ​កសិដ្ឋាន​ខ្លាឃ្មុំ ព្រោះតែ​អ្នក​ចិញ្ចឹម​អនុវត្ដ​មិន​ស្រប​តាម​ក្បួនខ្នាតដែល​បាន​កំណត់​ទុក ។

មុន​ការ​ដកហូតអ្នកជំនួញ​ជនជាតិ​តៃវ៉ាន់ ដែល​ជា​ម្ចាស់​ខ្លា​ឃ្ម្មុំ​បាន​យក​ខ្លាឃ្មុំ​ទៅ​លាក់ទុក​នៅ​ក្នុង​កុងតឺន័រ​កាលពី​ខែ​មុន ខណៈ​ដែលក្រុម​សកម្មជន (​មូលនិធិ​សត្វ​អាស៊ី​) បញ្ជាក់ថា ប្រមាត់​ខ្លាឃ្មុំ​ត្រូវ​បូម​ចំរាញ់​ដោយ​ម្ជុល គឺជា​ទ​ង្វើ​ដ៏​គ្រោះថ្នាក់​បំផុត ។

ក្នុង​ក្បួនតម្រា​ថ្នាំបុរាណ​ចិន គឺ​ទឹកប្រមាត់ខ្លាឃ្មុំ​ទាំងនេះ​ចាត់​ទុក​ថា​ជា​ថ្នាំ​ប៉ូវ​សុខភាព ការពារ​អាកា​រៈរ​លាក​, ព្យាបាល​ថ្លើម និងជួយ​បំប៉ន​បេះដូង រួម​ទាំង​ជា​ឱសថ ឬ​សារធាតុ​ជំរុញ​តំរូវការ​ផ្លូវភេទ​ផង​ដែរ ។ ជួនកាលគេ​បាន​ស្រាវជ្រាវ​រក​ឃើញ​ទឹកប្រមាត់​ខ្លាឃ្មុំ មាន​ផ្សំ​នៅ​ក្នុង​សាប៊ូ​កក់សក់ ថ្នាំដុសធ្មេញ និងភេសជ្ជៈ​ទឹកក្រូច​ផង​ដែរ​។ កសិដ្ឋាន​បូម​ចំរាញ់ទឹកប្រមាត់​ខ្លាឃ្មុំ គឺជា​ជំនួញ​ខុសច្បាប់​មួយនៅ​ក្នុង​ប្រទេស​វៀតណាម ប៉ុន្ដែ​បណ្ដា​ម្ចាស់ កសិដ្ឋាន​ដែល​បាន​ទទួល​ច្បាប់​អនុញាត​ឱ្យចិញ្ចឹម​ខ្លាឃ្មុំ​នេះ គឺ​ពួក​គេ​សុំ​សិទ្ធិ​ត្រឹមតែ​អាជីវកម្ម​នាំ​ចេញ​តែ​ប៉ុណ្ណោះ ។ ក្នុង​ឆ្នាំ​២០០៥ មាន​ខ្លាឃ្មុំ​ជា​ច្រើន​ពាន់​ក្បាល​ត្រូវ​បាន​បង្កប់ឧបករណ៍ “​មីក្រូ​ឈី​ប​” ដើម្បី​តាមដាន និងគ្រប់គ្រង​ចំនួន​ខ្លាឃ្មុំ​ដែល​ត្រូវ​ចិញ្ចឹម ៕