ប្រធាន​សហគមន៍​អភិរក្ស​សត្វ​ស្លាប​ទួល​ព័ន្ធ​តា​ឡី អំពាវនាវ​សុំ​កិច្ច​អន្តរាគមន៍​ជួយ​ការពារ​សត្វស្លាប


ខេត្តព្រៃវែង ៖ តំបន់​អភិរក្ស​សត្វ​ស្លាប​ទួល​ព័ន្ធ​តា​ឡី (​បឹង​ស្នេហ៍​) បាន​ក្លាយទៅជា​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​ដ៏​ល្បីល្បាញ​មួយ ប្រចាំ​ខេត្តព្រៃវែង ដោយសារ​តែ​តំបន់​នេះ​មាន​សត្វ​ស្លាប​រាប់​ម៉ឺន​ក្បាល​កំពុង​រស់នៅ ក្រោម​កិច្ច​ការពារ និង​អភិរក្ស ពី​សហគមន៍​មួយ​នៅ​ក្នុងស្រុក​បាភ្នំ​។ ប៉ុន្តែ​ថ្មី​ៗ​នេះ ប្រធាន​សហគមន៍​អភិរក្ស​សត្វ​ស្លាប​ទួល​ព​ន្ធ័​តា​ឡី លោក ប៉ាន់ យ​ន បាន​លើក​ឡើង​ថា សត្វ​ស្លាប​ទាំងអស់​កំពុង​ពង​កូន​រាប់​ពាន់​សម្បុក នៅ​តាម​ព្រៃរបោះ​លើ​ទួល​អភិរក្ស​ដែល​មាន​ក្រឡា​ផ្ទៃ​រហូត​ដល់​ទៅ​ជាង​៤​ពាន់​ហិ​កតា​។

ដោយសារ​តែ​សត្វ​ស្លាប​ទាំងអស់​មាន​ចំនួន​ច្រើន​លើសលុប គួប​ផ្សំ​ពេល​នេះ​ទឹកជំនន់​កំពុង​ចាប់ផ្តើម​កើនឡើង​ទៀត ជា​ហេតុ​ធ្វើ​ឲ្យ​ខាង​សហគមន៍​មានការ​ព្រួយ​បារ​ម្ម​ណ៍​ជា​ខ្លាំង អំពី​សុវត្ថិភាព​សត្វ​ស្លាប​ទាំងនោះ​។ លោក ប៉ាន់ យ​ន បាន​បន្ត​ទៀត​ថា ពេល​នេះ​ទឹកបាន​ជន់​លិច​វាល​អស់​ទៅ​ហើយ វា​ជា​កត្តា​ងាយស្រួល​បំផុត សម្រាប់​ជន​ឆ្លៀតឱកាស​ក្នុង​ការ​ចូល​មក​ប្រមាញ់​សត្វ​ស្លាប​ទាំងអស់ ដោយឡែក​កម្លាំង​ការពារ​នៅ​ក្នុង​សហគមន៍ គឺ​មាន​គ្នា​តែ​៥​នាក់​ប៉ុណ្ណោះ គឺ​មិន​អាច​ដើរ​ល្បាត​បាន​ពេញលេញ នៅ​លើ​ផ្ទះ​ដី​ទំហំ​ជាង​៤​ពាន់​ហិ​កតា​នេះ​ទេ ជា​ពិសេស​គឺ​ក្នុង​ពេល​ដែល​ទឹក​ជន់​លិច​អស់បែប​នេះ ដូច្នេះ​ហើយ​ទើប​ក្នុង​នាម​សហគមន៍ អភិរក្ស​សត្វ​ស្លាប​ទួល​ព​ន្ធ័​តា​ឡី​នេះ លោក​សូម​អំពាវនាវ​ដល់​ខាង​អាជ្ញាធរ ក្រសួង និង​ស្ថាប័ន​ពាក់​ព​ន្ធ័​ទាំងអស់ មេត្តា​ផ្តល់​កិច្ច​អន្តរាគមន៍​ជួយ​ការពារ​សត្វ​ស្លាប​ទាំងអស់ ដែល​កំពុង​តែ​ពង​កូន​នៅ​ក្នុង​តំបន់​នេះ​ផង​។

ប្រធាន​សហគមន៍​អភិរក្ស​សត្វ​ស្លាប​នេះ បាន​បញ្ជាក់​ទៀត​ថា ពេល​នេះ​ទួល​ព​ន្ធ័​តា​ឡី ត្រូវ​ទឹក​ជន់​លិច​ទាំងស្រុង​ហើយ ប៉ុន្តែ​សត្វ​ស្លាប​ទាំងអស់​គឺ​មិន​បាន​ហើរ​ចេញ​ទៅ​ណា​ទេ គឺ​ថែម​ទាំង​មាន​សត្វ​នៅ​ខាងក្រៅ បាន​នាំ​គ្នា​ហើរ​មក​រស់នៅ និង​ពង​កូន​នៅ​លើ​ទួល​នេះ កាន់តែ​ច្រើន​ថែម​ទៀត គឺ​រាប់​ម៉ឺន​ក្បាល​ទៅ​ហើយ ក្នុង​នោះ​មាន​ដូច​ជា សត្វ​រនាល ចង្កៀលខ្យង ក្អែកទឹក កុក ខ្វែក ទុង និង​សត្វ​ខ្សឹប​ជាដើម ហើយ​សត្វ​មួយ​ចំនួន​នៅ​ក្នុង​តំបន់​នេះ គឺ​មាន​សត្វ​ខ្លះ​បាន​ងាប់​ដោយសារ​ចាស់​អាយុ និង​ខ្លះ​ទៀត​មាន​ជំងឺ ចំណែក​ចំណី​សត្វ​ស្លាប​ទាំងនោះ មាន​ដូច​ជា​ត្រី ខ្យង ក្ដាម កង្កែប​ជាដើម ដែល​ពួក​វា​ហើរ​រក​ចំណី​នៅ​ក្បែរ​តំបន់​អភិរក្ស​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា តំបន់​អភិរក្ស​សត្វ​ស្លាប​ទួល​ព​ន្ធ័​តា​ឡី (​បឹង​ស្នេហ៍​) នេះ ត្រូវ​បាន​រាជរដ្ឋាភិបាល សម្រេច​ដាក់​ជា​តំបន់ដីសើម​ប្រើប្រាស់​ច្រើន​យ៉ាង នៅ​លើ​ផ្ទៃដី​ប្រមាណ​ជាង ៤,០០០​ហិ​កតា ស្ថិត​នៅ​ក្នុង​ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ដើម្បី​ផ្តល់​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ និង​លើកកម្ពស់​វិស័យ​ទេសចរណ៍ធម្មជាតិ​ប្រចាំ​ខេត្ត​ផង​ដែរ​៕ ដោយ ៖ សុំ ពៅ​ពិសិដ្ឋ

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ