រាជធានីភ្នំពេញ ៖ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានធ្វើការព្រមានត្រង់ៗទៅម្ចាស់សណ្ឋាគារហ៊ីម៉ាវ៉ារី ដែលលោកបានចោទប្រកាន់ថា តំណាងសណ្ឋាគារនេះ មានចេតនាញុះញង់ឲ្យអ្នកដែលពាក់ពន្ធ័ផ្សេងៗប្តឹងជំទាស់ក្នុងបំណងរារាំងទៅនឹងគម្រោងស្ថាបនាច្រាំងទន្លេ និងផ្លូវថ្មើរជើងសម្រាប់ជំហានទី១ ចាប់ពីសាលសន្និសីទចតុមុខទៅស្ពានកោះពេជ្រ ។
លោកប៉ា សុជាតិវង្ស បានធ្វើការព្រមានបែបនេះ កាលពីល្ងាចថ្ងៃទី៥ ឧសភា ២០១៥ ក្នុងពេលដែលលោកអញ្ជើញចុះទៅពិនិត្យមើលការដ្ឋានស្ថាបនាច្រាំងទន្លេនេះ ដោយសុំកិច្ចសហការពីម្ចាស់សណ្ឋាគារដែលពាក់ព័ន្ធដើម្បីបិទរបងស័ង្កសីឲ្យការដ្ឋានងាយស្រួលដំណើរការ ។
លោកប៉ា សុជាតិវង្ស មានប្រសាសន៍ថា «កន្លងមកនេះបើតាមអ្វីដែលសាលារាជធានីភ្នំពេញទទួលព័ត៌មានបាន គឺម្ចាស់សណ្ឋាគារហ៊ីម៉ាវ៉ារីនេះបានដើរកៀងគរគេឯងឲ្យប្តឹងជំទាស់ទៅនឹងគម្រោងសាងសង់ច្រាំងទន្លេនេះ ហើយថែមទាំងធ្វើការចោទប្រកាន់ថា អាជ្ញាធររាជធានីភ្នំពេញបានរំលោភទៅលើសណ្ឋាគារហ៊ីម៉ាវ៉ារីថែមទៀត ។
លោកបានបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញមិនបានរំលោភទៅលើសណ្ឋាគារនេះទេ តែការពិតគឺសណ្ឋាគារនេះទេ ដែលបានរំលោភលើដីសាធារណៈរបស់រដ្ឋ តែទោះជាយ៉ាងណាក្នុងនាមអាជ្ញាធររាជធានីភ្នំពេញមានការយោគយល់ច្រើន ដោយមិនចង់ឲ្យប៉ះពាល់ខ្លាំងទៅលើសណ្ឋាគារទាំងនេះទេ គឺយើងនឹងធ្វើការបញ្ចៀសឲ្យមានផលប៉ះពាល់តិចតួច ប៉ុន្តែបើខាងសណ្ឋាគារនេះចង់លេងតាមលក្ខណៈផ្លូវច្បាប់ គឺសាលារាជធានីភ្នំពេញក៏អនុវត្តទៅតាមច្បាប់ដែរ ហើយបើសាលារាជធានីធ្វើទៅតាមច្បាប់មែននោះ គឺសណ្ឋាគារហ៊ីម៉ាវ៉ារី នេះត្រូវប្រឈមនឹងការវាយចោលតែម្តង»។
លោកប៉ា សុជាតិវង្ស បានបញ្ជាក់ទៀតថា «បើយើងមានកិច្ចសហការគ្នាល្អ នោះសាលារាជធានីអាចចាក់ដីបំពេញធ្វើជាច្រាំងទន្លេដែលមានទទឹង១៥ម៉ែត្រនេះជំនួសវិញ ដោយសាលារាជធានីភ្នំពេញមិនចង់ឲ្យមានការប៉ះពាល់ខ្លាំង និងប្រឈមដាក់គ្នានោះទេ » ។
គួររំលឹកថា ច្រាំងទន្លេ និងផ្លូវថ្មើរជើងតាមបណ្តោយមាត់ទន្លេ ចាប់ពីសាលសន្និសីទចតុមុខដល់ស្ពានកោះពេជ្រ ដែលត្រូវស្ថាបនាក្នុងជំហានទី១នេះ មានប្រវែង៩៥០ម៉ែត្រ ទទឹងពី៦ទៅ១៥ម៉ែត្រ ស្ថាបនាជាងមួយឆ្នាំដែលត្រូវចំណាយថវិកាប្រមាណជាង៧លានដុល្លារ ហើយបន្ទាប់ពីស្ថាបនាជំហានទី១នេះហើយ សាលារាជធានីភ្នំពេញគ្រោងស្ថាបនាជំហានទី២ ចាប់ពីស្ពានកោះពេជ្រ រហូតដល់ស្ពានអាកាសព្រះមុនីវង្ស និងស្ថាបនាបន្តទៀតដល់តាខ្មៅតែម្តង ។
មន្ត្រីសាលារាជធានីភ្នំពេញបានឲ្យដឹងថា «ការស្ថាបនាផ្លូវថ្មើរជើង និងច្រាំងទន្លេនេះ អាចកាត់បន្ថយការកកស្ទះចរាចរនៅតាមផ្លូវជាប់មាត់ទ្លេបានច្រើន ម្យ៉ាងចង់បង្កើតឲ្យមានលំហសាធារណៈក្នុងទីក្រុងបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋទៅកំសាន្ត ហាត់ប្រាណ និងមានការរៀបចំដាក់បង់សម្រាប់អង្គុយលេងផងដែរ ៕
ចែករំលែកព័តមាននេះ