ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពាវនាវ​ឱ្យ​លុប​រូប​ស្រី​ស្រាត​ងូតទឹក​មន្ដ​ចេញពី​ទូរស័ព្ទ​ដៃ​និង​ឧបករណ៍​ឯទៀត បើ​ចាប់​បាន​មានទោស

15 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ឧត្ដមសេនីយ៍ ត្រី​ទូច ណា​រ៉ុ​ថ ស្នងការ​នគរបាល​រាជធានីភ្នំពេញ បាន​ប្រកាស​ព្រមាន​ជា​សាធារណៈ​ថា មិន​ថា​យុវជន ឬ​ប្រជាពលរដ្ឋ​ណា​ទេ ដែលមាន​រូប​អាសអាភាស​ទាំងឡាយ​ដែល​បាន មក​ពី​អ​ន្ទិ​ត​កំហូច​វត្ដ​ស្រះ​ចក ដែល​បាន​លួចថត​ស្ដ្រី​ងូតទឹក​មន្ដ​នោះ បើ​ឆែក​រក​ឃើញជន​ទាំងនោះ​នឹង​អាច​ប្រឈម​មុខ​នឹង​ផ្លូវច្បាប់ ។ លោកស្នងការ​នគរបាល​រាជធានី​បានធ្វើការ​ប្រកាស​ហាមឃាត់​បែប​នេះ ខណៈ ពេល​ដែល​លោក​កែវ ធា ប្រធាន​ការិយាល័យ ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​នីតិជន​បាន​ធ្វើការ​ឃាត់ខ្លួន​យុវជន​ម្នាក់​ឈ្មោះ សឿ​ន សុ​ភ័ក្ដ្រ អាយុ​២៤​ឆ្នាំ កាលពី​ព្រឹក​ថ្ងៃ​ទី៨ កក្កដា នៅ​ចំណុច​មុខ​សណ្ឋាគារ​មាន ហួរ ដែល​យុវជន​រូប​នេះ​បាន​និង​កំពុង​បញ្ចូល​រូបអាសអាភាស​នេះ​បន្ដ​ឱ្យ​អតិថិជន​របស់​ខ្លួនតាម​កុំព្យូទ័រ ។ លោក​ឧត្ដមសេនីយ៍​ទូច ណា​រ៉ុ​ថ មាន​ប្រសាសន៍​ថា វា​ជា​ការ​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​តំលៃ​ស្ដ្រី​ខ្មែរ ដែល​រង​គ្រោះ ដោយ​ការ​លួច​ថត​យ៉ាង​អគតិ ។

ដូច្នេះ​បើ​យុវជន ឬ​ជន​ណា​មាន​រូប​អាសអាភាស​បែប​នោះ សុំ​ឱ្យ​លុប​ចោល​ពី​ក្នុង​ទូរស័ព្ទ ឬ​ពី​ឧបករណ៍ណាមួយ​ដែល​អាច​ចាក់​មើលឃើញ​រូបភាពទាំងនោះ ។ បើ​មិន​ដូច្នោះ​ទេ សមត្ថកិច្ច​រក ឃើញ​នឹង​ចាត់ការ​តាម​ផ្លូវច្បាប់ ។ ជាក់ស្ដែង ដូច​យុវជន​ខាងលើ​នេះ គេ​នឹង​ត្រូវ​រង​នូវ​ការ បញ្ជូន​ទៅ​កាន់​តុលាការ​តាម​ផ្លូវច្បាប់ ។ តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា បញ្ហារំជើបរំជួល​ពី​រូប​ស្រី​ស្អាត​ងូតទឹក​មន្ដ​ច្រើនជាង​៤០​នាក់ ត្រូវ​បាន​គេ​ចម្លង​ឱ្យ​គ្នា​មើលតាម​ទូរស័ព្ទ​ដៃ មិនមែន​តែ​ក្នុង​រាជធានីភ្នំពេញ​នោះ​ទេ​ តែ​បាន​ធ្លាយ​ទៅ​ដល់​ខេត្ដមួយ​ចំនួន​រួច​ទៅ​ហើយ ។ ចំពោះ​ការ​អំពាវនាវ​របស់​លោកស្នងការ​ប៉ូលិស​នេះ គប្បី​គ្រប់គ្នា​ទទួលយក និង​បញ្ឈប់​ការ​ត្រេកត្រអាល លើ​រូបភាព​គួរ​ឱ្យ​ឈឺចាប់​របស់​ស្ដ្រីភេទ​ដែលរង​គ្រោះ​នោះ​ទៅ​ដោយ​គិត​ថា បើ​ប្រពន្ធ យើង​ប្អូនស្រី​យើង ឬ​ម្ដាយ​យើង បងស្រី​យើង តើ​គ្រប់​គ្នា​មាន​អារម្មណ៍​បែប​ណា ?