ខេត្តរតនគិរី ៖ គ្រាដែលកម្លាំងរដ្ឋបាលព្រៃឈើថ្នាក់កណ្តាលចុះមកភូមិភាគឦសាន សកម្មភាពដឹកជញ្ជូនឈើប្រណីតឆ្ពោះទៅប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវមានភាពស្ងប់ស្ងាត់មួយរយៈ។ ឥឡូវគេសង្កេតឃើញសកម្មភាពដឹកជញ្ជូនឈើបានចាប់ផ្តើមកក្រើកឡើងវិញហើយ ដោយពុំរំខានសមត្ថកិច្ចជំនាញ និងស្ថាប័នពាក់ព័ន្ធធ្វើការទប់ស្កាត់ឡើយ។
បើតាមសមត្ថកិច្ចតូចតាចម្នាក់ប្រចាំការនៅផ្លូវជាតិលេខ៧៨ ហើយពុំសូវទទួលបានផលប្រយោជន៍ពីជំនួញឈើប្រាប់ឲ្យដឹងថា មធ្យោយដឹកជញ្ជូនឈើប្រើប្រាស់រថយន្តឡិចស៊ីស ឡង់គ្រីស្ស័រ បាឡែន សាំងយ៉ុង និងរថយន្តមួយបាំងកន្លះជាដើម។
ប្រភពព័ត៌មានខាងលើប្រាប់បន្តទៀតថា ការដឹកជញ្ជូនឈើប្រណីតច្រើនប្រព្រឹត្តទៅនៅពេលយប់ ដោយក្រុមឈ្មួញយកឈ្មោះមន្ត្រីជាន់ខ្ពស់ នគរបាលខេត្ត មន្ត្រីជាន់ខ្ពស់យោធាខេត្ត និងមន្ត្រីជាន់ខ្ពស់តុលាការខេត្តជាដើម ដើម្បីជាឈ្នាន់ក្នុងការចរាចរណ៍ឈើទៅវៀតណាមក៏ដូចជាការជួយបន្ធួរបន្ថយថ្លៃរត់ការសមត្ថកិច្ចតាមផ្លូវ។
ប្រភពព័ត៌មានខាងលើបញ្ជាក់ឲ្យដឹងទៀតថា ក្រុមឈ្មួញទៅប្រមូលទិញឈើប្រណីតតាមបណ្តាស្រុកមួយចំនួនដូចជាស្រុកលំផាត់ ស្រុកកូនមុំ ស្រុកវ៉ឺនសៃ និងស្រុកអូរជុំជាដើម រួចដឹកជញ្ជូនមកស្តុកទុកក្នុងក្រុងបានលុង ខ្លះស្តុកទុកនៅស្រុកអូរយ៉ាដាវ និងក្រុមឈ្មួញខ្លះទៀតដឹកឆ្ពោះទៅប្រទេសវៀតណាមតែម្តង តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។
ទាក់ទិនទៅនឹងក្រុមឈ្មួញដឹកជញ្ជូនឈើប្រណីតទាំងថ្ងៃ ទាំងយប់ ដូចហែកឋិនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ដោយគ្មានការទប់ស្កាត់នេះដែរ ភ្នាក់ងារកោះសន្តិភាពប្រចាំខេត្តរតនគិរីមិនអាចសុំការបំភ្លឺណាមួយពីសមត្ថកិច្ចប្រចាំការទីនោះបានទេនៅព្រឹកថ្ងៃទី០៥ ឧសភា ២០១៥នេះ។ គេរង់ចាំមើលថាតើអាជ្ញាធរខេត្តរតនគិរីហ៊ានបញ្ចេញកណ្តាប់ដៃដែកបង្ក្រាបក្រុមឈ្មួញដឹកឈើប្រណីតខុសច្បាប់ដែលមានខ្នងក្រាស់បែបនេះដែរឬទេ?
ចែករំលែកព័តមាននេះ