ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​! តើ​ការ​វិនិយោគ​នៅ​លើ​វិស័យ​ដីធ្លី​សាងសង់​បុរី​-​ផ្ទះល្វែង​អាច​នឹង​ប្តូរ​ទិស​អភិវឌ្ឍន៍​ដែរ​ឬទេ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចូល​មក​ដល់​ខែតុលា ឆ្នាំ​២០២០​នេះ នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន និង​ក្រុងភ្នំពេញ​បាន និង​កំពុង​ទទួល​រង​គ្រោះ​ទឹកជំនន់​ទឹកភ្លៀង​ធ្វើ​ឱ្យ​ទីតាំង​បុរី​ផ្ទះល្វែង​មួយ​ចំនួន​ត្រូវ​បាន​លិច​ទឹក​បង្ក​ជា​ផលវិបាក​ទៅ​ដល់​អ្នក​ស្នាក់​នៅ ។ ផ្នែក​លើ​បទ​ពិសោធន៍​មេរៀន​នៃ​ជំនន់​ទឹកភ្លៀង​ពេល​នេះ តើ​ការ​វិនិយោគ​នៅ​លើ​វិស័យ​ដីធ្លី…

រាជធានី​ភ្នំពេញ ៖ ចូល​មក​ដល់​ខែតុលា ឆ្នាំ​២០២០​នេះ នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន និង​ក្រុងភ្នំពេញ​បាន និង​កំពុង​ទទួល​រង​គ្រោះ​ទឹកជំនន់​ទឹកភ្លៀង​ធ្វើ​ឱ្យ​ទីតាំង​បុរី​ផ្ទះល្វែង​មួយ​ចំនួន​ត្រូវ​បាន​លិច​ទឹក​បង្ក​ជា​ផលវិបាក​ទៅ​ដល់​អ្នក​ស្នាក់​នៅ ។

ផ្នែក​លើ​បទ​ពិសោធន៍​មេរៀន​នៃ​ជំនន់​ទឹកភ្លៀង​ពេល​នេះ តើ​ការ​វិនិយោគ​នៅ​លើ​វិស័យ​ដីធ្លី សម្រាប់​សាងសង់​បុរី ផ្ទះល្វែង​នៅ​ជំហាន​បន្ទាប់ អាច​នឹង​ប្តូរ​ទិស ឬ​ងាក​ទៅ​រក​តំបន់​មិន​ប្រឈម និង​ទឹក​លិច​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ទៅ​ដល់​អ្នកទិញ​សម្រាប់​រស់នៅ​ដែរ​ឬទេ? ពាក់ព័ន្ធ និង​បញ្ហា​ខាងលើ​នេះ បើ​តាម​អ្នកជំនាញ​ម្ចាស់​អភិវឌ្ឍន៍​គម្រោង​នឹង​ចាប់ផ្តើម​គិតពិចារណា​លើ​ការ​ទុក​ទីកន្លែង​សា​ធា​ណៈ​ឱ្យ​បាន​ច្រើន ដើម្បី​ជួយ​សម្រួល​នៅ​ពេល​ជួប​បញ្ហា ។

លោក​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​មាន​ប្រសាសន៍​ថា បញ្ហា​ទឹកជំនន់​នេះ​ខ្ញុំ​បានឃើញ​រាជរដ្ឋាភិបាល​បាន​គិតគូ​យូរ​មក​ហើយ តាម​គោលការណ៍​រំដោះ​ប្រព័ន្ធ​ទឹក​ចេញ តាម​រយៈ​ក្រសួង​ធនធានទឹក ឬ​ជា​ប្រភេទ​ទីតាំង​ដី ឬ​ជា​របស់​អង្គភាព​ណាមួយ​ដែល​គាត់​មើលឃើញ​អំពី​សក្តានុពល​នៃ​ការ​វិនិយោគ​ទៅ​កាន់​តំបន់​ទាំងនោះ ។ លោក​លើក​ឡើង​ថា «​ពាក់ព័ន្ធ និង​ទឹកជំនន់ ខ្ញុំ​គិត​ថា វា​កើតឡើង​នៅ​ក្នុង​រយៈពេល​ខ្លី ហើយ​វា​ជា​បទ​ពិសោធន៍​មួយ​ធ្វើ​ឱ្យ​ម្ចាស់​គម្រោង​មួយ​ចំនួន​គាត់​ចាប់ផ្តើម​ពិចារណា ពិសេស​គាត់​អាច​ផ្តល់​នៅ​ទីធ្លា​សាធារណ​ឱ្យ​ច្រើន​ជាង​នេះ ដើម្បី​ជួយ​សម្រួល​នៅ​ផ្នែក​ខ្លះ​នៃ​ទឹកជំនន់​។ តែ​ទោះជា​យ៉ាងណា​ទឹកជំនន់​នៅ​ពេល​នេះ​វា​មាន​ទំហំ​ធំ ទោះបី​មាន​កន្លែង​សាធារណៈ​ច្រើន​ក៏​ដោយ​វា​ក៏​ពិបាក​ទាញ​យក​ទឹក​ឱ្យ​អស់​ដែរ​» ។

បើ​តាម​ប្រធាន​សមាគម​រូប​នេះ ទោះបី​ជំនន់​ទឹកភ្លៀង​ធ្វើ​ឱ្យ​បុរី ផ្ទះល្វែង​មួយ​ចំនួន​ប្រឈម​នឹង​ទឹក​លិច​ក៏​ដោយ សម្រាប់​ម្ចាស់​អភិវឌ្ឍន៍​អាច​និង​នៅ​បន្ត​អភិវឌ្ឍន៍​ស្រប​ទៅ​តាម​ផែនការមេ​របស់​រាជរដ្ឋាភិបាល ។

លោក ច្រឹ​ក​សុខ​នី​ម មាន​ប្រសាសន៍​ថា​«​នៅ​តាម​បុរី​ឬ​គម្រោង​ធំ​ៗ​មួយ​ចំនួន​គាត់​នៅ​តែ​បន្តសកម្មភាព​របស់​ពួក​គាត់​តាម​ផែនការមេ​របស់​ពួក​គាត់​ឱ្យ​ស្រប​ទៅ​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ដដែល ព្រោះ​អី​យើង​មើលឃើញ​ថា​នេះ​ជា​បញ្ហា​ប្រឈម​នៅ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ទេ ព្រោះ​ទឹកជំនន់​នេះ​វា​មាន​ត្រឹមតែ​ជះ​ឥទ្ធិពល​នៅ​កម្ពុជា​ទេ​»​។ ទន្ទឹម​នឹង​អ្នកជំនាញ​ក្នុង​វិស័យ​សំណង់​និង​អចលនទ្រព្យ​យល់​ឃើញ​ថា​ម្ចាស់​អភិវឌ្ឍន៍​គម្រោង​បុរី ផ្ទះល្វែង​អាច​នឹង​បន្ត​អភិវឌ្ឍន៍​ដើរ​តាម​ផែនការមេ​របស់​រាជរដ្ឋាភិបាល​មិន​ប្តូរ​ទិស​អភិវឌ្ឍន៍ តែ​សម្រាប់​អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​យល់​ថា​រាជរដ្ឋាភិបាល​គួរ​មានការ​កំណត់​ទីតាំង​ណា​អាច​ធ្វើ​បុរី​ឬ​ផ្ទះល្វែង​បាន​វា​ពាក់ព័ន្ធ​តំបន់​លិច​ទឹក​។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​មាន​ប្រសាសន៍​ថា «​ខ្ញុំ​គិត​ថា​វា​មិនមែន​អាស្រ័យ​តែ​លើ​ការ​ងាក​ទិស​រក​កន្លែង​ផ្សេង​ទេ​។​តាម​ពិត​ទៅ​រាជរដ្ឋាភិបាល​ត្រូវ​កំណត់​ថា​ទីតាំង​ណា​អាច​ធ្វើ​បុរី​បាន ព្រោះ​វា​ពាក់ព័ន្ធ​ទៅ​និង​តំបន់​លិច​ទឹក បឹង និង​ស្រះ​ដែល​ធ្វើ​ឱ្យ​ជន​លិច​ត្រូវ​លុប ព្រោះ​បឹង​និង​ស្រះ​ទាំងនោះ​ជា​កន្លែង​រំដោះ​ទឹកភ្លៀង​ឬ​ទឹកជំនន់​»​។

លោ​កប​ណ្ដិ​ត​លើក​ឡើង​ថា បើ​យើង​ធ្វើ​បុរី ឬ​ផ្ទះល្វែង យើង​ចាក់​ដី​លុប​បឹង​ទាំងនោះ វា​ជា​កត្តា​ធ្វើ​ឱ្យ​ប៉ះពាល់​ហើយ​វា​នឹង​ជួប​នៅ​បញ្ហា​រយៈពេល​វែង​។​លើស​ពី​នេះ វា​រី​អគ្គិសនី​នៅ​បណ្តា​ប្រទេស​នៃ​ទន្លេមេគង្គ​ខាងលើ​ក៏​ផ្តល់​ផល​ប៉ះពាល់​មក​ដល់​ការ​លិច​ជន់​ជោ​ដល់ទី​ក្រុង អីចឹង​ហើយ​រាជរដ្ឋាភិបាល​ត្រូវ​រៀបចំ​ប្រព័ន្ធ​រំដោះ​ទឹក​ឱ្យ​បាន​ត្រឹមត្រូវ​ដើម្បី​បង្កា​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត កុំឱ្យ​មានបទពិសោធន៍​បែប​នេះ​។

លោក​បណ្ឌិត លើក​ឡើង​ថា «​កន្លង​មក​ការ​សាងសង់​យើង​មិន​មានច្បាប់ បទ​បញ្ញា​តិ​នានា​ពាក់ព័ន្ធ​និង​ការ​កំណត់​ទីតាំង​សាងសង់ ទើប​ធ្វើ​ឱ្យ​អ្នកមាន​លុយ​មួយ​ចំនួន​គាត់​ទៅ​ទិញ​ដី​បឹង ដី​ទំនាប​អាច​ចាក់​ដី​បាន ដោយសារ​តែ​គ្មាន​ច្បាប់​, ដោយសារ​មាន​ទំនាក់ទំនង​ជិត​ស្និ​ទរ​វាង​អ្នកជំនួញ​និង​អ្នក​អនុវត្ត​ច្បាប់​តាម​ក្រសួង​ពាក់ព័ន្ធ​នានា​អនុញ្ញាត​ឱ្យ​គាត់​អាច​ចាក់​ដី​លុប​បឹង​នេះ​បាន ហើយ​កែ​របឹង​ធម្មជាតិ​របស់​រាជរដ្ឋាភិបាល​ឱ្យទៅ​ជា​បឹង​ឯកជន​អាច​វិនិយោគ​បាន​។​កត្តា​ទាំងនេះ​បាន​លើកកម្ពស់​ប្រជាពលរដ្ឋ​មក​រស់នៅ​ក្រុងភ្នំពេញ​ច្រើន ហើយ​គ្មាន​បឹង​សម្រាប់​រំដោះ​ទឹក គ្មាន​លក្ខណៈ​ជីវសាស្ត្រ​ធម្មជាតិ​គ្រប់គ្រាន់ សម្រាប់​ឱ្យ​ការ​រស់នៅ​ប្រកបដោយ​សុខភាព​នោះ​ទេ​»​។

បើ​តាម​អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​រូប​នេះ ថា​ពាក់ព័ន្ធ​នឹង​តម្លៃ​នៅ​តាម​តំបន់​ទឹក​លិច អាច​នឹង​នៅ​មាន​តម្លៃ​ដូច​ដើម​បើ​ទោះបី ទឹក​ជន់​លិច​ក៏​ដោយ តំបន់​លិច​ទឹក​គេ​អាច​ចាក់​ដី​ឡើង​មក​វិញ​បាន​(​ចាក់​ដី​បន្ថែម​) សំខាន់​អាស្រ័យ​ទៅ​លើ​ច្បាប់​ថា​ដី​នេះ​រាជរដ្ឋាភិបាល​មិន​អនុញ្ញាត​ឱ្យ​សាងសង់​នោះ​ទេ មិន​អាច​រស់នៅ​បាន​ទេ នោះ​ទើប​ធ្វើ​ឱ្យ​ដី​នោះ​គ្មាន​ហាងឆេង ។​តែបើ​ដី​នោះ​គ្មាន​ច្បាប់​ហាមឃាត់​ទេ​តម្លៃ​ដី​នៅ​តែ​ខ្ពស់​ដដែល​។ លោក​បណ្ឌិត​លើក​ឡើង​ថា សម្រាប់​ប្រជាពលរដ្ឋ​ឆ្លងកាត់​បទ​ពិសោធន៍​ជំនន់​ទឹកភ្លៀង​នេះ គាត់​ប្រាកដជា​ត្រូវ​ស្វែងរក​មុន​ចាប់ផ្តើម​ទិញ​ដី ឬ​ផ្ទះ​នេះ​គាត់​នឹង​គិតពិចារណា​ទៅ​លើ​ការ​លិច​ទឹក​នេះ​ហើយ ។

ពាក់ព័ន្ធ​និង​សំនួរ​សួ​ថា​តើ​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្អះ​ល្វែង​អាច​និង​ប្តូរ​ទិស​ឬ​ងាក​ទៅ​រក​កន្លែង​ផ្សេង​មិន​ប្រឈម​ទឹក​លិច​ដែរ​ឬទេ​នៅ​គម្រោង​បន្ទាប់? លោក​បណ្ឌិត​សង្កត់ធ្ងន់​ថា​«​ខ្ញុំ​គិត​ថា​ក្រុមហ៊ុន​មិន​អាច​ទៅ​សាងសង់​កន្លែង​ផ្សេង​ទេ ព្រោះ​ចំណាយ​ទិញ​ដី​អស់​លុយ​យ៉ាងច្រើន បើ​គាត់​ងាក​ចេញ ដី​នេះ​ទុក​ចោល​ប្រាកដ​ដី​នេះ​គ្មាន​ហាងឆេង ដូច្នេះ​គាត់​ត្រូវ​សាងសង់​ហើយ ដោយ​ចាក់​ដី​បន្ថែម​កុំ​ទឹក​លិច​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ