ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ផឹកស្រវឹងបានបើកកាណូតបាឡាស្មាច់បុកនឹងដង្គត់ឈើបណ្តាលឱ្យធ្លាក់ចូលទឹកលង់ស្លាប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៣ឧសភា ២០១៥ នៅចំណុចក្រចាប់ ស្ថិតក្នុងភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៌ ។
បើតាមនគរបាលស្រុកបរិបូរណ៍បាននិយាយថា បុរសរងគ្រោះមានឈ្មោះ សៀង ហៃ អាយុ៥៧ឆ្នាំ មានទីលំនៅភូមិត្រពាំងពោធិ៏ ឃុំពង្រ ស្រុករលាប្អៀរ តែបានមកស្នាក់នៅប្រកបរបរនេសាទត្រីនៅភូមិ-ឃុំកើតហេតុខាងលើ ។
មុនពេលកើតហេតុបរសរងគ្រោះបានផឹកស្រវឹង ហើយបានបើកកាណូតបាឡាស្មាច់ជូនបងប្អូនមកត្រើយម្ខាង លុះពេលត្រឡប់មកវិញបានបើកកាណូតលឿនហើយជ្រុលទៅបុកនឹងដង្គត់ឈើបណ្តាលឱ្យជនរងគ្រោះធ្លាក់ចូលទឹកលង់ស្លាប់តែម្តង ចំណែកកាណូតបានជ្រុលទៅបុកនឹងសត្វក្របីមួយក្បាលទៀតទើបក្រឡាប់លិចចូលទៅក្នុងទឹក ។
នគរបាលដែលបានទៅពិនិត្យសពជនរងគ្រោះ បាននិយាយថា ជនរងគ្រោះស្រវឹង ហើយពេលកើតហេតុទំនងជាខ្យល់គរផងទើបបណ្តាលឱ្យលង់ទឹកស្លាប់បែបនេះ ព្រោះកន្លែងកើតហេតុមានទឹករាក់ល្មម ហើយជនរងគ្រោះក៏ចេះហែលទឹកដែរ មិនគួរលង់ទឹកឡើយ ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ