ក្រសួងបរិស្ថាន​បាន​បន្ត​កិច្ចសហការ​គ្នា​ក្នុង​ការ​ចុះ​ល្បាត​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស


រាជធានី​ភ្នំពេញ ៖ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន រួម​នឹង​សមាជិក​នៃ​សហគមន៍​តំបន់ការពារធម្មជាតិ​បង្កើត​ឡើង​ដោយ​ស្របច្បាប់ និង​ទទួលស្គាល់​ដោយ​ក្រសួងបរិស្ថាន​បាន​បន្ត​កិច្ចសហការ​គ្នា​ក្នុង​ការ​ចុះ​ល្បាត​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស និង​ការពារ ព្រមទាំង​អភិរក្ស​ធនធានធម្មជាតិ​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​។ ក្នុង​រយៈ ពេល ៩​ខែ​ឆ្នាំ​២០២០ គឺ​ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​សហគមន៍​តំបន់ការពារធម្មជាតិ​បាន​ចុះ​ល្បាត​បាន​ចំនួន ១ ៨២៣ លើក ដែល​ក្នុង​ប្រតិបត្តិការ​ចុះ​ល្បាត​នោះ បទល្មើស​ធនធានធម្មជាតិ​ចំនួន ៩៥៤ ករណី​ត្រូវ​បាន​បង្ក្រាប ហើយ​បាន​កសាង និង​បញ្ជូន​សំណុំរឿង​ចំនួន ៤០​ករណី​ទៅ​តុលាការ ធ្វើការ​អប់រំ និង​ចុះ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ចំនួន ៤២០​ករណី និង​ពិន័យ​អន្តរការណ៍ ៤១​ករណី​។

នេះ​បើ​តាម​ការ​ថ្លែង​ឱ្យ​ដឹង​របស់​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន នៅ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២០​នេះ ដោយ​សង្កេត​ឃើញ​ថា​បទល្មើស​នៅ​តំបន់​មួយ​ចំនួន​មានការ​ថយ​ចុះ ដោយសារ​តែ​មាន​កិច្ចសហការ​ស្អិតរ​មួ​ត​ជាមួយ​សហគមន៍​តំបន់ការពារធម្មជាតិ ការ​បង្កើត​ស្នាក់​ការ​ល្បាត​ចល័ត ការ​រៀបចំ​ផែនការ​ល្បាត​បាន​ល្អិតល្អន់ និង​មានការ​ចូលរួម​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​។ លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន នេត្រ ភក្ត្រា បាន​ថ្លែង​ឱ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល​៩ ខែ​នេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​បង្ក្រាប​បទល្មើស និង​រឹបអូស​រណា​យន្ត​បាន​ចំនួន ៤៣៣​គ្រឿង រថយន្ត​៩​គ្រឿង គោ​យន្ត​ចំនួន​១០៦ គ្រឿង និង​ម៉ូតូ ៤៦​គ្រឿង រឹបអូស​ឈើ​ចំនួន ៣០៣​ម៉ែត្រគូប ដោះ​អន្ទាក់​បាន​ចំនួន ១៦៧៧ អន្ទាក់ និង​ដកហូត និង​រឹបអូស​កាំភ្លើង​កែ​ច្នៃ​បាន​ចំនួន ១០៣ គ្រឿង​។

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ឯកឧត្តម នេត្រ ភក្ត្រា បាន​គូសបញ្ជាក់​ថា នេះ​គឺជា​កិច្ច​ខិតខំ​ប្រឹង ប្រែង​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​សហគមន៍​នៃ​តំបន់ការពារធម្មជាតិ ក្នុង​ការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ក្នុង​តំបន់​ព្រៃ​ឡង់​ឱ្យ​បាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅ​មុខ​ទៀត​។ ជាមួយ​គ្នា​នេះ រដ្ឋលេខាធិការ​ក្រសួង​បរិ ស្ថាន​រូប​នេះ​ក៏​បាន​លើក​ឡើង​ថា ទោះបីជា​មានការ​ចុះ​ទប់ស្កាត់ និង​បង្ក្រាប​ទាំង​យប់​ទាំង​ថ្ងៃ​ពី​សំណាក់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​និង​សមាជិក​នៃ​សហគមន៍​តំបន់ការពារធម្មជាតិ​ក៏​បទល្មើស​ធនធានធម្មជាតិ​ទ្រង់ទ្រាយ​តូច​ដូច​ជា​ការ​លប​លួច​កាប់​ឈើ ការ​ទន្ទ្រាន​រាន​យក​ដី ធ្វើ​ជា​កម្មសិទ្ធិ​ការ​បរបាញ់ និង​ការ​ដាក់​អន្ទាក់​សត្វព្រៃ​នៅ​តែ​បន្ដ​កើត​មាននៅ​ក្នុង​តំបន់​ព្រៃ​ឡង់​ដែល​ចាំបាច់​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​បន្ត​ទៀត​។

លោក​នេត្រ ភក្ត្រា បាន​គូសបញ្ជាក់​ថា មាន​កត្តា​ផ្សេង​ៗ​ដែល​ជំរុញ​ឱ្យ​មាន​បទល្មើស​ទាំងនេះ​ក្នុង​នោះ​រួម​មាន កត្ដា​ជីវភាព​របស់​ប្រជា​សហគមន៍ ដែល​ធ្លាប់តែ​ពឹង​អាស្រ័យ​ទៅ​លើ​ផល អនុ​ផល​ព្រៃឈើ និង​ការ​ទាក់ទាញ និង​ញុះញង់​ពី​សំណាក់​ក្រុម​ឈ្មួញ​ទុច្ចរិត គួប​ផ្សំ​នឹង​ចំនួន​មន្ដ្រី​ឧ​ទ្យា​នុ​រក្ស​ដែល​បាន​ឈរជើង​នៅ​ក្នុង​តំបន់​នោះ​នៅ​មាន​កម្រិត​នៅឡើយ​។ ទោះ​យ៉ាងណា ឯកឧត្តម​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែង​ថា កម្លាំង​មាន​សមត្ថកិច្ច​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​មានការ​តាំងចិត្ត​ខ្ពស់​ក្នុង​ការ​ទប់ស្កាត់ និង​បង្ក្រាប​យ៉ាង​ម៉ឺងម៉ាត់​ប្រឆាំង​នឹង​បទល្មើស​ធនធានធម្មជាតិ​ដែល​កើតឡើង​ស្រប​តាម​ច្បាប់​នានា​។

លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន នេត្រ ភក្ត្រា ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងបរិស្ថាន និង​ដៃគូ​អភិវឌ្ឍ​បាន​យកចិត្ដទុកដាក់​ខ្ពស់​លើ​ការ​រៀបចំ និង​ពង្រឹង​យន្ដការ​គ្រប់គ្រង ការ​ផ្ដល់​មធ្យោបាយ ឧបករណ៍ សម្ភារ ក៏​ដូច​ជា​ការ​ជួយ​លើក​ស្ទួយ​ជីវភាព​របស់​ប្រជា​សហគមន៍​មូលដ្ឋាន​បន្ថែម​ទៀត​តាម​រយៈ​ការ​បង្កើត​មុខរបរ​ថ្មី បង្កើត​សេដ្ឋកិច្ច​នៅ​មូលដ្ឋាន បង្កើន​ចំណូល​ការ​ជំរុញ​ទេសចរណ៍ធម្មជាតិ​ជាដើម ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការងារ​គ្រប់គ្រង ការពារ និង​អភិរក្ស​តំបន់​ព្រៃ​ឡង់​។ បច្ចុប្បន្ន​នេះ ក្រសួងបរិស្ថាន​បាន និង​កំពុង​សហការ​អនុវត្ត​គម្រោង​ការពារ និង​អភិរក្ស​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ជាមួយ​គម្រោង​ព្រៃ ឡង់​បៃតង​គាំទ្រ​ថវិកា​ដោយ USAID របស់​សហរដ្ឋអាមេរិក​សម្រាប់​រយៈពេល ៥​ឆ្នាំ (២០១៨-២០២៣) ក្នុង​ទំហំ​ទឹកប្រាក់ ២១​លាន​ដុល្លារ​។

លោក​បាន​បន្ត​ថា រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍​កំពុង​អនុវត្ត​ផែនការ​សកម្មភាព​នានា​ដើម្បី​ធ្វើ​ប្រសើរ​ឡើង​នូវ​ការ​អភិរក្ស ជីវៈចម្រុះ និង​ស្ថានភាព​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ព្រមទាំង​បង្កើត​ឱ្យ​មាន​និរន្តរភាព និង​សមធម៌​នៃ​កាលានុវត្តភាព ផ្នែក​សេដ្ឋកិច្ច ជីវភាព​សហគមន៍ និង​ទុន​ធម្មជាតិ​សម្រាប់​ការ​វិនិយោគ​ឡើង​វិញ នៅ​ក្នុង​ដែនជម្រកសត្វព្រៃ «​ព្រៃ​ឡង់​» និង​តំបន់​កា​ពារ​ធម្មជាតិ ជុំវិញ​តំបន់​ព្រៃ​ឡង់​។ គម្រោង​នេះ មាន​កិច្ចសហការ​ជាមួយ​ក្រសួង បរិស្ថាន ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ពាក់ព័ន្ធ ដើម្បី​ពង្រឹង​ការ​ការពារ អភិរក្ស​ធនធានធម្មជាតិ និង​ជីវៈចម្រុះ ផ្តោត​លើ​ការងារ​កំណត់ និង​បែងចែក​តំបន់​គ្រប់គ្រង ការ​បោះបង្គោល​ព្រំប្រទល់ ការ​រៀបចំ​ផែនការ​គ្រប់គ្រង និង​ការ​ចុះបញ្ជី​ដី​រដ្ឋ នៅ​ដែនជម្រកសត្វព្រៃ «​ព្រៃ​ឡង់​» និង​តំបន់​ការពារ ធម្មជាតិ​មួយ​ចំនួន​ជុំវិញ តំបន់​ព្រៃ​ឡង់ បណ្តុះបណ្តាល និង​ពង្រឹងសមត្ថភាព មន្ត្រី​ឧ​ទ្យា​នុ​រក្ស ក៏​ដូច​ជា​លើកកម្ពស់​ជីវភាព​ប្រជា​សហគមន៍​អភិរក្ស​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​។

សូម​បញ្ជាក់​ថា​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អនុក្រឹត្យ នៅ​ខែឧសភា ឆ្នាំ ២០១៦ មាន​ផ្ទៃដី​ជាង ៤៣ ម៉ឺន​ហិ​កតា ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ចំនួន​៤ រួម​មាន ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង​។ ប​ច្ចប្ប​ន្ន​នេះ​មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន ៨៤ នាក់​បាន និង​កំពុង​ឈរជើង​ការពារ​នៅ​ក្នុង​នោះ ខេត្តកំពង់ធំ​មាន ៣៤​នាក់ ខេត្តស្ទឹងត្រែង​មាន ២៤​នាក់ និង​ខេត្តក្រចេះ​ចំនួន​១២ នាក់ ខេត្តព្រះវិហារ​ចំនួន ១៣ នាក់ ហើយ​សហគមន៍​តំបន់ការពារធម្មជាតិ​មាន​ចំនួន ១៩ នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ដែល​បាន​ចូលរួម​សហការ​ចុះ​ល្បាត​ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​៕ ដោយ ៖ សុខ សា​រ៉ា​យ

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ