ខេត្តកំពង់ឆ្នាំង ៖ អាជ្ញាធរខេត្ត-ស្រុក និងសមត្ថកិច្ចចម្រុះ បានចុះទប់ទឹកតាមបណ្តោយផ្លូវជាតិលេខ៥ ដែលជន់លិចដោយទឹកភ្លៀង នៅចំណុចគីឡូម៉ែត្រលេខ៤៩ ក្នុងភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ។ កិច្ចប្រតិបត្តិការទប់ទឹក និងសម្រួលចរាចរណ៍នេះ បានធ្វើឡើងតាំងពីព្រឹក
ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ និងបន្តសកម្មភាពរហូតមកដល់ថ្ងៃទី១៨ ខែតុលាទៀត ព្រោះស្ថាន ភាពទឹកនៅបន្តជួបការលំបាកក្នុងការធ្វើចរាចរណ៍នៅឡើយ ។ ទោះជាយ៉ាងនេះក្តី ការធ្វើដំណើរនៅអាចចរាចរណ៍បានដោយមានសមត្ថកិច្ចជាអ្នកជួយសម្រួលការកកស្ទះ ។

អភិបាលរងស្រុកកំពុងត្រឡាច លោក អាំសុគន្ធ ថ្លែងថា កំណាត់ផ្លូវជាតិលេខ៥ ចំណុចគីឡូម៉ែត្រលេខ៤៩ ទឹកជំនន់បានហូរកាត់តាំងពីម៉ោងប្រមាណ៥ភ្លឺថ្ងៃទី១៧ តុលា និងបានហូរ
កាន់តែខ្លាំងនៅវេលាម៉ោងជាង៩ព្រឹកថ្ងៃដដែល ។
ជំនន់ទឹកភ្លៀងដែលធ្លាក់ពីផ្នែកខាងលើ បណ្តាលឱ្យលិចផ្លូវជាតិលេខ៥ ដែលនៅចំណុចនេះគឺធ្លាក់មកពីស្រុកសាមគ្គីមានជ័យដែលមានភ្លៀងធ្លាក់ខ្លាំង ហើយចំណុចស្ពានមួយចំនួនដូចជាស្ពានពោធិ៍ជាដើម ទឹកហូរមិនទាន់ ម្ល៉ោះហើយទើបជន់លិចផ្លូវជាតិបែបនេះ ។

លោកអភិបាលរងស្រុកបានបញ្ជាក់ថា ទោះស្ថិតក្នុងស្ថានភាពជំនន់ទឹកភ្លៀងយ៉ាងនេះក្តី ក៏មិនទាន់មានផ្ទះសម្បែង និងបងប្អូនប្រជាពលណារងគ្រោះនោះទេ ហើយបើភ្លៀងរាំងត្រឹម៣-៤ថ្ងៃ ទឹកនឹងអាចស្រកវិញជាពុំខាន ។ ជាចុងក្រោយ លោកក៏សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវមានទឹកលិច សូមមេត្តាប្រុងប្រយ័ត្ន និងស្តាប់ការបញ្ជាសម្រួលចរា
ចរណ៍របស់សមត្ថកិច្ចតាមដងផ្លូវ ។

ចំណែកស្នងការរងនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី លុយ ឌីណា ដែលកំពុងសម្រួលចរាចរណ៍តាមដងផ្លូវ ថ្លែងថា ដោយទទួលបានការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត បានបញ្ជូនកម្លាំងនគរបាលខេត្តជាង១៥០នាក់ សហការជាមួយនគរបាលស្រុក មន្ត្រីជំនាញ និងក្រុមធ្វើផ្លូវថ្នល់របស់អង្គការJICA ចុះជួយទប់និងស្ទាក់ទឹកកុំឲ្យហូរជន់លិចលើផ្លូវ ដោយច្រកដីដាក់បាវយកមកទប់តាមចិញ្ចឹមផ្លូវ ។ ជាមួយគ្នានេះ កម្លាំងមួយផ្នែកទៀតសម្រួលចរាចរណ៍លើដងផ្លូវដើម្បីកុំឲ្យបើកបរលឿន និងកុំឱ្យមានការកកស្ទះចរាចរណ៍ ។

ដោយឡែក ខាងធ្វើផ្លូវរបស់ JICA ក៏បានជួយកាយប្រឡាយដែលកកស្ទះចរន្តផ្លូវទឹកឱ្យហូរចេញបានលឿន ដើម្បីទឹកឆាប់ស្រកចុះផងដែរ ៕









ចែករំលែកព័តមាននេះ