ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​ឌុ​ប​ឆ្នាំ​នេះ ការ​ប្រឡង​មាន​តែ​ម្តង អ្នក​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នឹង​ត្រូវ​ដាក់ទោស​ធ្ងន់​ជាង​មុន

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ទេស​រដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ឲ្យ​ដឹង​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុ​ប​) នៅ​ឆ្នាំ​នេះ​មាន​តែ​ម្តង ហើយ​តឹង​រ៉ឹង​ជាង​ឆ្នាំ​មុន

រាជធានី​ភ្នំពេញ ៖ លោក​ទេស​រដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ឲ្យ​ដឹង​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុ​ប​) នៅ​ឆ្នាំ​នេះ​មាន​តែ​ម្តង ហើយ​តឹង​រ៉ឹង​ជាង​ឆ្នាំ​មុន ជាមួយនឹង​ការ​ដាក់ទោស​អ្នក​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដោយ​មិន​មានការ​លើកលែង​ណាមួយ​ទៀត​ទេ ។

លោក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ថ្លែង​បែប​នេះ​ប្រាប់​អ្នក​សារព័ត៌មាន ក្រោយ​ពី​បញ្ចប់​ជំនួប​ពិភាក្សា​ការងារ​ជាមួយនឹង​មន្ត្រី​ទើប​ទទួល​ការងារ​ថ្មី​មួយ​រួប​ដែល​ជា​អនុព័ន្ធ​ច្បាប់​នៃ​ការិយាល័យ​សហព័ន្ធ​ស៊ើបអង្កេត​(FBI)​ប្រចាំ​កម្ពុជា នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ ២០១៥ ។
លោក​ទេស​រដ្ឋមន្ត្រី​បញ្ជាក់​ថា «​កន្លង​មក ការ​ប្រឡង បាក់​ឌុ​ប​មាន​គេ​ដាក់​សំណួរ​តាម​អ្នក​សារព័ត៌មាន​ថា ហេតុ​អ្វី​ACU​ចាប់ផ្តើម​ភ្លាម​តឹង​រ៉ឹ​ង​ខ្លាំង​ម្ល៉េះ គឺ​១៨០​អង្សា​តែ​ម្តង ។ យើង​សុំ​បញ្ជាក់​ថា យើង​បាន​ធ្វើ​ឡើង​គឺ​Step by step (​បន្តិច​ម្តង​)​ទេ ។ កន្លង​មក តាម​រយៈ​រាជរ​ដ្ឋា ភិ​បាល​បានឱ្យ​ប្រឡង​២​ដង ប៉ុន្តែ​សម្រាប់​ឆ្នាំ​នេះ​អត់​មាន​លើក​ទី​២​ទេ​ព្រោះថា​ត្រូវ​តឹង​ជាង​ឆ្នាំ​មុន ។

លោក​ទេស​រដ្ឋមន្ត្រី​បន្ថែម​ថា កន្លង​មក​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នៅ​ក្នុង​ការ​ប្រឡង​បាក់​ឌុ​ប អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​សុំ​ឱ្យ​តុលាការ​ចោទប្រកាន់ ក្នុង​បទ​ដែល​ទាប​បំផុត​ហើយ​មានការ​ព្យួរទោស​ថែម​ទៀត ពោល​គឺ​អត់​មានការ​ដាក់​ឱ្យ​ជាប់​ទោសពៃរ៍​នៅ​ក្នុង​ពន្ធនាគារ​នោះ​ទេ ។ ការ​ធ្វើ​បែប​នេះ គឺ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន គិតគូរ​ពី​ស្ថានភាព​សង្គម ហើយ​នេះ​ក៏​មិនមែន​ធ្វើ​ឡើង​ភ្លាម​តឹង​រ៉ឹង​ខ្លាំងក្លា​នោះ​ដែរ​គឺ​ធ្វើ​បណ្តើរ​ៗ​រហូត​ទាល់តែ​ទទួល​ជោគជ័យ​ដែល​ជា​ការ​ចង់បាន​របស់​ឪពុក​ម្តាយ​សិស្ស​ទូទៅ ។ ទោះជា​យ៉ាងណា​ក្តី ការ​ប្រឡង​បាក់​ឌុ​ប​កន្លង​មកនេះ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក៏​មិនមែន​ចេះ​តែ​ចាប់ខ្លួន​អ្នក​ប្រព្រឹត្ត​ខុស​នោះ​ដែរ ពោល​គឺ​ពិនិត្យ​ទៅ​លើ​មុខសញ្ញា​ដោយ​ខ្លះ​ត្រូវការ​ត្រឹមតែ​អប់រំ​តែ​ប៉ុណ្ណោះ ។

លោក ឱម យ៉ិ​ន​ទៀង គូសបញ្ជាក់​ថា «​ការ​ប្រឡង​បាក់​ឌុ​ប​នៅ​អំឡុង​ខែសីហា ឆ្នាំ​២០១៥​ខាង​មុខ​នេះ​អាច​តឹង​ជាង​មុន ហើយ​បើ​ចាប់​បាន​អ្នក​ប្រព្រឹត្ត​នោះ​នឹង​យកទោស​អា​ទាប ប៉ុន្តែ​មិនមែន​ក្រោម​អា​ទាប​ដូច​កាលពីមុន​ទេ ដែល​មានទោស​ពី​៦​ខែ​ដល់​២​ឆ្នាំ​ទេ ។ តុលាការ​ដាក់ទោស​៦​ខែ ព្យួរ​៦​ខែ​ទៀត អ៊ីចឹ​ង​សូន្យ​ថ្ងៃ ប៉ុន្តែ​ឥឡូវនេះ​អត់​ទេ​ណា ! តែ​៦​ខែ​គឺ​ចូល​គុក​៦​ខែ​ហើយ​» ។

ទាក់ទិន​នឹង​ការ​ប្រឡង​បាក់​ឌុ​ប​នេះ​ដែរ លោក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​លើក​ឡើង​ដោយ​ក្រើនរំលឹក​ថា ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​ការ​ប្រឡង​បាក់​ឌុ​ប​ចាប់ផ្តើម​ពី​ការ​ដាក់ទោស​កម្រិត​ទាប​បំផុត ហើយនឹង​កើនឡើង​បន្តបន្ទាប់​ក្នុង​នោះ​អាច​ពី​៦​ខែ​ឬ​២​ឆ្នាំ​ឡើង​ទៅ ៩​ខែ​ឬ​ច្រើន​ឆ្នាំ​ជាង​នេះ ។ លោក​អះអាង​ថា ការ​ធ្វើ​បែប​នេះ​គឺ​ធ្វើ​តាម​លក្ខណៈ​កាំជណ្តើរ​បន្តិច​ម្តង​ៗ ដើម្បី​សំដៅ​ធ្វើ​យ៉ាងណា​ជួយ​ឱ្យ​វិស័យ​អប់រំ​នៅ​កម្ពុជា​កាន់តែ​មានគុណ​ភាព​និង​ទទួលស្គាល់​ពី​អន្តរជាតិ ។

លោក​ទេស​រដ្ឋមន្ត្រី បន្ថែម​ថា ការ​ប្រឡង​បាក់​ឌុ​ប​បាន​បង្ហាញ​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​ពុករលួយ​មួយ​ដែល​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​នា​ពេល​កន្លង​មក ហើយ​មានការ​ប្រែប្រួល​យ៉ាង​ខ្លាំង​ដោយ​គេ​មិន​អាច​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​បាន​ទៀត​ឡើយ ។ ក្រៅពី​នេះ ការ​អប់រំ​លើ​វិស័យ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​តាម​សាលារៀន​ក៏​បាន​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​របស់​សិស្ស​ជា​បន្តបន្ទាប់ ក្នុង​នោះ​កាលពី​ឆ្នាំ​មុន​បាន​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​បាន​បី​ថា្ន​ក់​គឺ​ពី​ថ្នាក់​ទី​១០​ដល់​ថ្នាក់​ទី​១២ ។ ប៉ុន្តែ​ឆ្នាំ​នេះ​មានការ​បញ្ចូល​កម្មវិធី​នេះ​ចាប់ពី​ថ្នាក់​ទី​៧​ដល់​ថ្នាក់​ទី​៩ ហើយ​ឆ្នាំ​ក្រោយ​នឹង​បញ្ចូល​កម្មវិធី​បី​ថ្នាក់​បន្ថែម​ទៀត​រហូត​ដល់​ថ្នាក់បឋមសិក្សា ។ យ៉ាងណា​ក៏​ដោយ​ចំពោះ​ថ្នាក់​ក្រោម​ៗ​ទុក​លទ្ធភាព​ឱ្យ​ក្រសួង​អប់​រំជា​អ្នកធ្វើការ​កែប្រែ និង​បញ្ចូល​កម្មវិធី​នេះ ។

ទាក់ទិន​នឹង​បណ្ដឹង​ពី​អំពើ​ពុក​រលួយ​វិញ​លោក​បាន​អះអាង​ថា ក្នុង​ឆ្នាំ​២០១៤​កន្លង​មក អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ទទួល​ពាក្យបណ្តឹង​ច្រើន ហើយ​ក្នុង​ចំណោម​នេះ​ពាក្យបណ្តឹង​ច្រើន​បំផុត​គឺ​គ្រូបង្រៀន​ពិសេស​នាយក​សាលា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ។ ក្នុង​នោះ​មាន​ពាក្យបណ្តឹង​មួយ​ចំនួន​មិន​ត្រូវ​បាន​ចាត់វិធានការ​គឺ​ដើម្បី​ទុក​ពេលវេលា​ឱ្យ​សាមីខ្លួន​ធ្វើការ​កែប្រែ​និង​ក្រសួង​អប់រំ​ធ្វើ​កំណែទម្រង់ ។

លោក​ទេស​រដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង បានឱ្យ​ដឹង​ទៀត​ថា ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ នៅ​កម្ពុជា​ទទួល​បាន​ជោគជ័យ​ដោយ​ក្នុង​នោះ​ដូច​ជា ប្រទេស​សិង្ហ​បុរី​ដែល​មានការ​ប្រឆាំង​អំពើ​ពុក​រលួយ​រយៈពេល​២៥​ឆ្នាំ ហើយ​កោះ​ហុងកុង​មាន​រយៈពេល​ជិត​២០​ឆ្នាំ ពួក​គេ​ទើប​ទទួល​បាន​ជោគជ័យ​ដូច​សព្វថ្ងៃ ។ សម្រាប់​កម្ពុជា​ត្រឹមតែ​រយៈពេល​៥​ឆ្នាំ អាច​ទទួល​បាន​ជោគជ័យ​ត្រឹម​កម្រិត​នេះ​ចាត់​ទុក​ថា ល្អ​ប្រសើរ​ហើយ ពីព្រោះ​ថា​មន្ត្រីរាជការ​មួយ​ចំនួន​ដែល​គេ​ធ្លាប់តែ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នឹង​មានការ​ញញើត​និង​មើល​មុខក្រោយ​ដែរ ។ ទោះបីជា​យ៉ាងណា នា​ពេល​បច្ចុប្បន្ន​មនុស្ស​មួយ​ចំនួន​ធំ​គេ​បាន​បោះបង់​ចោលការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នេះ ចំពោះ​អ្នក​ដែល​នៅ​នោះ​សុទ្ធតែ​អ្នកធំ​មួយ​ចំនួន ហើយ​គេ​កំពុង​ធ្វើ​យ៉ាង​ប្រយ័ត្នប្រយែង​និង​មើល​មុខក្រោយ​មិន​បាន​បើកចំហ​ដូច​លើក​មុន​ឡើយ បើ​មិន​ដូចនេះ​ពួក​គេ​នឹង​ប្រឈម​ការ​ត្រូវ​ដាក់ទោស​យ៉ាងធ្ងន់ធ្ងរ​ពុំខាន ។

គួរ​រំឭក​ថា ការ​ប្រឡង​បាក់​ឌុ​ប​នា​ឆ្នាំ​កន្លង​មក អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ចេញ​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​សង្កេតការណ៍​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ក្នុង​សម័យ​ប្រឡង​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៤​ថា បាន​ដំណើ​ការ​ទៅ​ដោយ​រលូន​និង​មាន​តម្លាភាព​យុត្តិធម៌​ត្រឹមត្រូវ​ស្រប​តាម​ពាក្យស្លោក «​អ្នកចេះ គឺ​ជាប់​» របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​បំផុស​ឡើង ។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ចូលរួម​ធ្វើ​ជា​អ្នក​សង្កេតការណ៍​តាំងពី​ដំណើរការ​សំ​ណេ​រ កំណែ​រហូត​ដល់​ការ​ប្រកាស​លទ្ធផល​ដែល​មាន​អ្នក​សង្កេតការណ៍​សរុប​ចំនួន​២៧១៥​នាក់​មក​ពី​សង្គម​ស៊ី​វិល បុគ្គល​ឯកជន និង​មន្ត្រី ACU ដោយ​បាន​ដាក់​ពង្រាយ​នៅ​តាម​មណ្ឌល​ប្រឡង​ទាំង​១៥៤ ទូ​ទាំង​ប្រទេស ។

ជា​លទ្ធផល ការ​ប្រឡង​បាក់​ឌុ​ប​នៅ​ឆ្នាំ​២០១៤ លើក​ទី​មួយ​មាន​បេក្ខជន​សរុប ៩៣.៤៥៦​នាក់ មាន​១៥១​មណ្ឌល ចែក​ជា ៣.៧៧៩​បន្ទប់ ហើយ​ការ​ប្រឡង​លើក​ទី​១ មាន​សិស្ស​ប្រឡង​ជាប់​ជាង​២៥​ភាគរយ ។ ចំណែកឯ​ការ​ប្រឡង​លើក​ទី​២​វិញ បេក្ខជន​ដែល​ប្រឡង​ជាប់​មាន​ចំនួន ១០.៨៧១​នាក់ ស្មើនឹង​១៧,៩៤%​នៃ​បេក្ខជន​ដែល​មាន​វត្តមាន​ត្រូវ​ចូលរួម​ប្រឡង​ចំនួន​៦០.៦១១​នាក់ ។ បេក្ខជន​ដែល​ទទួល​បាន និទ្ទេស​C មាន​ម្នាក់ និទ្ទេស​D មាន​ចំនួន​៥៥​នាក់ និង​និទ្ទេស​E មាន​ចំនួន​១០.៨១៥​នាក់ ។

សាធារណជន​បាន​រំពឹង​ថា ការ​ប្រឡង​បាក់​ឌុ​ប​ក្នុងឆ្នាំនេះ​នឹង​មានការ​តឹង​រ៉ឹ​ង​ជាង​ហើយ​សិស្ស​ក៏​បាន​ត្រៀមខ្លួន​ក្នុង​ការ​ប្រឡង​បាន​ប្រសើរ​ជាង​ឆ្នាំ​មុន​ៗ​ដែរ ដោយ​លទ្ធផល​នោះ​គេ​ជឿជាក់​ថា អត្រា​សិស្ស​ប្រឡង​ជាប់​នឹង​កើន​ជាង​មុន ៕​