ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុផល​បាក់​ទំនប់ និង​ឥទ្ធិពល​ព្យុះ គឺ​ជា​ហេតុផល​ឱ្យ​ភាគ​ខាងត្បូង​ភ្នំពេញ​លិច​​ខ្លាំង​ក្នុងឆ្នាំនេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

គិត​ត្រឹម​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២០ ស្ថានភាព​លិចលង់​នៅ​តំបន់​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ រួម​មាន​តំបន់​រង្វង់​មូល​គួរ​ស្រូវ វត្ត​ព្រះ​ធាតុ បុរី​ពិភព​ថ្មី​គួរ​ស្រូវ និង​ទីតាំង​សំខាន់​ៗ​នៅ​ភាគ​ខាងត្បូង​ក្រុង នៅ​មិន​ទាន់​ស្រក​អស់​នៅឡើយ​ទេ ដោយ​ការ​លិចលង់​នេះ…

គិត​ត្រឹម​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២០ ស្ថានភាព​លិចលង់​នៅ​តំបន់​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ រួម​មាន​តំបន់​រង្វង់​មូល​គួរ​ស្រូវ វត្ត​ព្រះ​ធាតុ បុរី​ពិភព​ថ្មី​គួរ​ស្រូវ និង​ទីតាំង​សំខាន់​ៗ​នៅ​ភាគ​ខាងត្បូង​ក្រុង នៅ​មិន​ទាន់​ស្រក​អស់​នៅឡើយ​ទេ ដោយ​ការ​លិចលង់​នេះ ត្រូវ​បាន​អ្នកជំនាញ​អះអាង​ថា មិនមែន​លិច​ដោយសារ​តែ​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទីតាំង​នោះ​មិនល្អ ឬ​ដោយសារ​តែ​ការ​លុប​បឹង លុប​ប្រឡាយ ឬ​ដោយសារ​តែ​ទីតាំង​នោះ ជា​បាតខ្ទះ​នោះ​ឡើយ ប៉ុន្តែ​គឺ​មក​ពី​បញ្ហា​ព្យុះ​ដែល​បណ្ដាល​ឱ្យ​មាន​ភ្លៀង​ខុស​ប្រក្រតី​ធ្លាក់​ជាប់​ៗ​គ្នា​ក្នុងឆ្នាំនេះ ស្រប​ពេល​ដែល​ទំនប់​ចំការ​តែ​គី​រី​រម្យ ក៏​ត្រូវ​បាក់ បណ្ដាល​ស្ទឹង​ព្រែក​ត្នោត ដែល​នៅ​ក្បែរ​នោះ ជះ​ឥទ្ធិពល​លើ​ខណ្ឌដង្កោ​។ មន្ត្រី​ជំនាញ​ក៏​បាន​ពន្យល់​ពី​បញ្ហា​នេះ​ផង​ដែរ​។

ដកស្រង់​ខ្លឹមសារ​ពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ហេតុផល​មួយ​ផ្នែក​នៅ​ភ្នំពេញ ជា​ពិសេស​នៅ​ខណ្ឌដង្កោ ត្រូវ​លិច​ក្នុងឆ្នាំនេះ គឺ​ដោយសារ​តែ​ស្ថានភាព​ដី​ក្នុង​រាជធានី​ភ្នំពេញ កកើត​ឡើង​ក្នុង​តំបន់​ភូមិសាស្ត្រ​មួយ​ជា​ទំនាប​រាង​ជា​បាតខ្ទះ ហ៊ុម​ព័ទ្ធ​ជុំវិញ​ដោយ​បឹង​កប់​ស្រូវ ទន្លេសាប ទន្លេបាសាក់ និង​ស្ទឹង​ព្រែក​ត្នោត ដែល​ក្នុងឆ្នាំនេះ ស្ទឹង​ព្រែក​ត្នោត​ស្ដុក​ទឹក​ដែល​បាក់​ទំនប់​ពី​ទំនប់​ចំការ​តែ​នៅ​គី​រី​រម្យ​លែង​ជាប់ ទើប​បណ្ដាល​ហៀរ​ទឹក​លិច​មួយ​ផ្នែក​នៅ​ខណ្ឌដង្កោ​។

ក្នុង​នោះ​ទីតាំង​រង្វង់​មូល​គួរ​ស្រូវ​, បុរី​ពិភព​ថ្មី​គួរ​ស្រូវ​, បុរី​វី​អាយ​ភី​, ផ្សារ​ព្រែក​ជ្រៃ​, វត្ត​ព្រះ​ធាតុ សង្កាត់​ស្ពានថ្ម និង​បុរី​ធំ​ៗ​ស្ទើរ​ទាំងអស់​ផ្សេង​ទៀត​ដូច​ជា បុរី​រតនៈ​ភ្នំពេញ​, បុរី The ML Villa, បុរី អ៊ុយ ហុង​, ក្រុមហ៊ុន​ថ្នាំ​ពណ៌​ជាតិ Can Paint, និង​បុរី​ឡា​ផា​ម នៅ​ក្នុង​តំបន់​នោះ​ត្រូវ​លិច បើ​ទោះជា​បាន​រៀបចំ​ប្រព័ន្ធ​លូ​ធំ​ៗ​ត្រឹមត្រូវ ត្រូវ​តាម​ស្ថានភាព​ទីតាំង​អភិ​វ​ឌ្ឃ​ន៍​ថ្មី​។

អ្នកជំនាញ​បន្ត​ថា ការ​បម្រែបម្រួល​នៃ​អាកាសធាតុ​លើ​ពិភពលោក ដែល​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់​ៗ​គ្នា លើស​ពី​៤០​មី​លី​ម៉ែត្រ​ក្នុង​មួយ​ម៉ោង គឺជា​ហេតុផល​នាំ​ឱ្យ​មាន​ជំនន់​ទឹកភ្លៀង ដោយ​ក្នុងឆ្នាំនេះ មិនមែន​តែ​ភ្នំពេញ​ទេ សូ​ម្បី​តែ​នៅ​ទីក្រុង​សេ​អ៊ូ​ល បាងកក ហូ​ជី​មិ​ញ សឹ​ង្ហ​បុរី ម៉ាង​ជាង​នៅ​កម្ពុជា​ទៅ​ទៀត​។

ម្យ៉ាង​មក​ពី​ក្នុងឆ្នាំនេះ ទំនប់​ចំការ​តែ ដែល​ជា​អាង​ស្តុក​ទឹកធំ​មួយ នៅ​គី​រី​រម្យ​ត្រូវ​បាន​បាក់ ហើយ​បាន​បង្ហូរទឹក​ចូល​ស្ទឹង​ព្រែក​ត្នោត បណ្ដាល​ឱ្យ​ហូរហៀរ​ខ្លាំង ទើប​ផ្ទៃដី​នៅ​ខណ្ឌដង្កោ​នៅ​ភាគ​ខាងត្បូង​ត្រូវ​លិចលង់​ខ្លាំង​ខុស​ពី​រាល់​ឆ្នាំ​។ អ្នកជំនាញ​បន្ត​ថា បើ​តាមតែ​ស្ថានភាព​ភ្លៀង​ធ្លាក់​ក្នុង​រដូវវស្សា ដោយ​មិន​មាន​ឥទ្ធិពល​ព្យុះ គឺ​ភាគ​ខាងត្បូង​មិន​លិច​ដល់​ថ្នាក់​នោះ​ទេ ដោយសារ​តែ​នៅ​តំបន់​បុរី​ធំ​ៗ​ទាំងនោះ មានការ​រៀបចំ​ប្រព័ន្ធ​លូ ដែល​សុទ្ធតែ​ដាក់​ធំ​ៗ​ដើម្បី​រំដោះ​ទឹក​នោះ​ផង​។

លោកស្រី គឹ​ម ញឹ​ប គណៈ​អភិបាល​ខណ្ឌដង្កោ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ដោយសារ​តែ​ទឹក​ហៀរ​ខ្លាំង​ពី​ស្ទឹង​ព្រែក​ត្នោត ដែល​បណ្ដាល​ពី​ការ​បាក់​ទំនប់​ចំការ​តែ ទើប​បណ្ដាល​ឱ្យ​ទឹកដី​ខណ្ឌដង្កោ នៅ​ចំណុច​បុរី VIP បុរី​ពិភព​ថ្មី​គួរ​ស្រូវ និង​តំបន់​ជុំវិញ​ត្រូវ​លិច ស្រប​ពេល​ដែល​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ ប្រទេស​កម្ពុជា ក៏​មាន​ភ្លៀង​ធ្លាក់​ជាប់​គ្នា ដែល​បណ្ដាល​ឱ្យ​មាន​ជំនន់​ទឹកភ្លៀង​ផង ទើប​បណ្ដាល​ឱ្យ​តំបន់​ដែល​លិច​ទឹក​ទាំងនោះ មិន​អាច​រំដោះ​ទឹកបាន​ទាន់​ពេលវេលា​។

លោកស្រី​ថា បើ​ត្រឹម​ជំនន់​ទឹកភ្លៀង ទីតាំង​ដែល​រង​គ្រោះ​នោះ មិន​លិច​បែប​នឹង​នោះ​ទេ តែ​បញ្ហា​សំខាន់​គឺ​បណ្ដាល​មក​ពី​អាង​ស្តុក​ទឹក​ព្រែក​ត្នោត គ្រប់គ្រង​ទឹក​ដែល​ហៀរ​ពី​ការ​បាក់​ទំនប់​លែង​ជាប់ ហើយ​បណ្ដាល​ឱ្យ​តំបន់​ជុំវិញ​ត្រូវ​លិច​។ លោកស្រី​បាន​ទាំង​អះអាង​ថា នៅ​ឆ្នាំ​បន្តបន្ទាប់​ស្ថានភាព​បែប​នេះ អាច​នឹង​មិនកើត​មាន​នោះ​ផង បន្ទាប់​ពី​ខ្សែ​ក្រ​វ៉ា​ត់​ក្រុង គឺ​ទំនប់​ទប់ទឹក​សំខាន់​ៗ ត្រូវ​បាន​រៀបចំ​ច្បាស់លាស់​។

លោកស្រី​បាន​ទទូច​កុំឱ្យ​មានការ​យល់​ថា តំបន់​បុរី VIP តំបន់​ផ្សារ​ព្រែក​ជ្រៃ និង​តំបន់​ដែល​បាន​លិចលង់​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ តែ​បាន​លិច​មួយ​ឆ្នាំ​បែប​នេះ​ហើយ នឹង​លិច​រាល់​ឆ្នាំ ដោយសារ​តែ​ស្ថិត​ក្នុង​តំបន់​ទំនាប ពោល​គឺ​លោកស្រី​នៅ​តែ​យល់​ថា ស្ថានភាព​ដែល​បង្ក​ឱ្យ​លិច​នៅ​ក្នុង​ពេល​នេះ គឺ​បណ្ដាល​មក​ពី​កម្ពុជា​ទទួល​ឥទ្ធិ​ល​ព្យុះ បណ្ដាល​ឱ្យ​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា និង​បណ្ដាល​មក​ពី​បាក់​ទំនប់​ដែល​ធ្លាប់​ជា​អាង​ដ៏​សំខាន់ ហើយ​បណ្ដាល​ឱ្យ​ទឹក​ហៀរ​ចេញពី​អាង​ស្តុក ប៉ះ​ជាមួយនឹង​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា ព្រោះតែ​ឥទ្ធិពល​ព្យុះ​នោះ​តែ​ប៉ុណ្ណោះ​។

បទ​ពិសោធន៍​លិច​ទឹក​ឆ្នាំ​នេះ នឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​រក​វិធី​រុញច្រាន​ទឹក​ទៅ​កាន់​តំបន់​ដែល​មិន​ប៉ះ​ពាល់ ដើម្បី​កុំឱ្យ​ទឹកដី​ខណ្ឌដង្កោ រង​ការ​លិចលង់​ទៀត​។ ជាមួយ​គ្នា​នោះ លោកស្រី ក៏​អំពាវ​នាវ​ឱ្យ​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ឱ្យ​បាន​ខ្ពស់​សម្រាប់​ជំនន់​ទឹកភ្លៀង​។ ក្នុង​នោះ​ក្រុម​ការងារ​ជួយ​សង្គ្រោះ ក៏​បាន​យកចិត្តទុកដាក់ ក្នុង​តំបន់​ដែល​រង​គ្រោះ​ទាំងនោះ​ផង​ដែរ​៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ