បន្ទាយមានជ័យ ៖ នៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នេះ ទឹកចាប់ផ្តើមជន់លិចនៅផ្នែកខ្លះក្នុងស្រុកថ្មពួក អូរជ្រៅ និងក្រុងប៉ោយប៉ែតហើយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។ បើតាមផេកនាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា ។
លោក អ៊ុំ រាត្រី ពេលនេះកំពុងដឹកនាំកម្លាំងចុះជម្លៀសប្រជាពលរដ្ឋទាំងយប់ ដោយប្រាប់ថា ទឹកដែលជន់លិចនៅផ្នែកខ្លះក្នុងក្រុងប៉ោយប៉ែត និងអូរជ្រៅនេះ គឺជាបរិមាណទឹកភ្លៀងនៅក្នុងប្រទេសផង និងទឹកខ្លះហូរធ្លាក់មកពីខាងប្រទេសថៃ។
បើតាម ឯកឧត្តម អ៊ុំ រាត្រី ទឹកដែលហូរមកពីប្រទេសថៃនេះ មិន មែនជាការបើកទំនប់នោះទេ គឺជាទឹកបរិមាណទឹកភ្លៀងដែលហូរហៀរធ្លាក់មក។ ដោយឡែកទំនប់នៅក្នុងខេត្តស្រះកែវ ដែលថៃធ្លាប់ជូនដំណឹងថាបើកនោះមិនទាន់បើកនៅឡើយទេ។
បើតាមឯកឧត្តម អ៊ុំ រាត្រី ប្រជាពលរដ្ឋនៅប៉ោយប៉ែតប្រមាណ ៥០គ្រួសារហើយ ត្រូវបានជម្លៀសពីលំនៅឋាន។ ទន្ទឹមនឹងប្រជាពលរដ្ឋប្រឈមការលិចលង់ដទៃទៀតក៏ត្រូវបានជូនដំណឹងឱ្យត្រៀម លក្ខណៈក្នុងការជម្លៀស ខណៈកងកម្លាំងត្រូវបានណែនាំត្រៀមលក្ខណៈជួយ សង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋ ៕
ចែករំលែកព័តមាននេះ