ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡុ​ង សាល​វ័​ន្ត មិន​ខ្វល់​អ្នក​សើចយំ​នឹង​ស្ថានភាព​យ៉ាប់​យ៉ឺន​របស់​ខ្លួន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​គិត​ពី​ស្នាដៃ និង កេរ្តិ៍ឈ្មោះ អតីត​កីឡាករ​ល្បីឈ្មោះ លោក ឡុ​ង សាល​វ័​ន្ត មិន​គួរ​បន្ត​ធ្វើ​ការងារ​ជា​សន្តិសុខ​នៅ​ពេល​យប់​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ បើ​គិត​ពី​ស្នាដៃ និង កេរ្តិ៍ឈ្មោះ អតីត​កីឡាករ​ល្បីឈ្មោះ លោក ឡុ​ង សាល​វ័​ន្ត មិន​គួរ​បន្ត​ធ្វើ​ការងារ​ជា​សន្តិសុខ​នៅ​ពេល​យប់​នោះ​ទេ ដោយសារ​តែ​ការងារ​នោះ គឺ​មាន​មនុស្ស​មិន​តិច​នាក់​ទេ​ដែល​សើចយំ និង យល់​ថា គឺជា​ការងារ​មិន​សក្តិ​សម​នឹង​តម្លៃ​របស់​លោក​នៅ​ក្នុង​តួនាទី​ជា​គ្រូបង្វឹក​កីឡាករ​ជម្រើសជាតិ​នា​ពេល​បច្ចុប្បន្ន ។ ប៉ុន្តែ​លោក​បែរជា​ប្រកាស​ថា លោក​ទទួលស្គាល់​ពី​ជីវភាព​លំបាក​របស់​ខ្លួន ដូច្នេះ​បើ​ទោះជា​ការងារ​ធ្វើ​សន្តិសុខ​ពេល​យប់ ធ្វើ​ឱ្យ​លោក​​បាត់បង់​នូវ​ការ​ឱ្យ​តម្លៃ​ពី​មនុស្ស​មួយ​ចំនួន ក៏​លោក​នៅ​តែ​ធ្វើ ដោយសារ​តែ​តម្រូវការ​នៅ​ក្នុង​គ្រួសារ មិន​អាច​ឱ្យ​លោក​បាត់​ចំណូល​ពី​ការងារ​នេះ​បាន​។

លោក ឡុ​ង សាល​វ័​ន្ត និយាយ​ថា រាល់ថ្ងៃ​ដ្បិតថា​ក្លិប​ប្រដាល់​របស់​លោក​ដែល​ស្ថិត​នៅម្ដុំ​ភ្នំពេញ​​ថ្មី ក្នុង​ខណ្ឌ​សែន​សុខ គឺជា​ដី​ផ្ទាល់ខ្លួន ប៉ុន្តែ​ស្ថានភាព​ក្នុង​ការ​គ្រប់គ្រង​ចរន្ត​ក្លិប​ទាំងមូល គឺ​មានការ​លំបាក​ខ្លាំង ជា​ពិសេស​ក្នុង​ការ​រក​លុយ​មក​ផ្គត់ផ្គង់​កូនសិស្ស​ទាំង​១៥​នាក់ ដែល​រស់នៅ​ជា​ប្រចាំ បើ​ទោះជា​កូនសិស្ស​ខ្លះ​បាន​ជួយ​អង្ករ និង​ថវិកា​ក្នុង​ពេល​ចូល​ហាត់​ដំបូង​ៗ​ក្ដី ។

លោក​ថា រាល់ថ្ងៃ​លោក​ត្រូវ​ប្រឹងប្រែង​រក​លុយ​ពី​ការងារ​សន្តិសុខ​ពេល​យប់​ប្រចាំ​នៅ​ក្រុមហ៊ុន​លក់​រថយន្ត​មួយ​កន្លែង​ដែល​បាន​ប្រាក់ខែ​២០០​ដុល្លារ និង​ការងារ​ធ្វើ​ជា​គណៈកម្មការ​ផ្ដល់​ពិន្ទុ​នៅ​តាម​សង្វៀន​នានា ដើម្បី​យក​មក​ចិញ្ចឹម​គ្រួសារ និង កូនសិស្ស​ទាំង​១៥​នាក់ ដោយពេល​ខ្លះ​គឺ​មិន​ហ៊ាន​ឈឺ និង​មិន​ហ៊ាន​សម្រាក​នោះ​ផង ដោយសារ​តែ​ខ្លាច​កូនសិស្ស​ដាច់​បាយ និង​ខ្លាច​ក្លិប​ត្រូវ​បះ​ជើង។ ប៉ុន្តែ​លោក​មិន​ត្អូញត្អែរ​ទេ បើ​ទោះជា​ក្នុង​ពេល​ខ្លះ លោក​ចង់​រត់​ចោល​នៅ​ពេល​មាន​បញ្ហា​ហិរញ្ញ​វត្ថុ​ម្ដង​ៗ ។

លោក​និយាយ​ថា​«​រាល់ថ្ងៃ​ខ្ញុំ​មានកូន​៤​នាក់​ប្រុស​១​ស្រី​៣ សុទ្ធតែ​នៅ​ពេញ​រៀន និង​អត់​ទាន់​ធ្វើការ​អី​កើត​ទេ ហើយខ្ញុំ​ត្រូវ​រ៉ាប់រង​កូនសិស្ស​ក្នុង​ក្លិប​១៥​នាក់​ទៀត​ហើយ​បើ​និយាយ​ពី​រឿង​លំបាក​គឺ​មហាលំបាក ព្រោះ​យូរ​ម្ដង​ៗ​ទើប​មាន​គេ​ជួយ​អង្ករ​១​បេឬ​២​បេ និង​លុយ​១០០​ដុល្លារ​ជាដើម ។

អ៊ីចឹង​បើ​ខ្ញុំ​ទោរទន់​មិន​ប្រឹង​កូនសិស្ស​ខ្ញុំ​នឹង​អត់បាយ​មិន​ខាន​»​។ លោក​បន្ត​ថា ការងារ​សន្តិសុខ​រាល់ថ្ងៃ មាន​មនុស្ស​មិន​តិច​មិនសូវ​ឱ្យ​តម្លៃ តែ​លោក​មិន​ខ្វល់ ដោយ​លោក​ប្រកាស​ថា បើ​ទោះជា​មាន​អ្នក​ណា​មិន​រាប់ អ្នក​ណា​មិនល្អ​ជាមួយ តែ​លោក​ពេញចិត្ត ដោយ​មិន​ឈប់​ហើយ​សុខចិត្ត​បាត់​ចំណូល​២០០​ដុល្លារ តាម​សម្ដី​របស់​អ្នក​ណា​នោះ​ទេ ។ លោក​បន្ត​ថា លោក​គឺជា​អ្នក​វេទនា​និង​ជា​អ្នកតស៊ូ​មួយ​រូប​ដើម្បី​ជម្នះ​ភាព​ក្រ ព្រោះ​ក្រៅពី​លោក​មិន​អាច​តស៊ូ​ធ្វើ​ជា​សន្តិសុខ​ពេល​យប់​បាន​ច្រើន​ឆ្នាំ​ដូច​ពេល​នេះ​ទេ បើ​ធៀប​នឹង​អតីតកាល​ដែល​ធ្លាប់​ជា​កីឡាករ​ល្បីឈ្មោះ និង​ក្រោយ​ពី​បាន​ក្លាយជា​ប្រធាន​ក្លិប​ប្រដាល់​មួយ​រូប​នោះ​។

លោក​យល់​ឃើញ​ថា ខ្លួន​តស៊ូ​បុ​៉​ន​ហ្នឹងហើយ នៅ​តែ​រក​ជោគជ័យ​មិនឃើញ​នោះ​ផង ។ លោក​បន្ត​ថា រាល់ថ្ងៃ​មិនមែន​លំបាក​តែ​រឿង​ជីវភាព​ប៉ុណ្ណោះ​ទេ លោក​ក៏​ខ្វាយខ្វល់​ណាស់​ដែរ​ពាក់​ព័ន្ធ​នឹង​ការ​ស្វះស្វែង​ឱ្យ​កូនសិស្ស​បាន​ឡើង​ប្រដាល់​គ្រាន់​បាន​លុយ​នោះ​ផង ខណៈ​ដែល​ជា​រៀង​រាល់​ខែ​លោក​ថា​មាន​តែ​កីឡាករ​៥​រូប​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​ប៉ុស្តិ៍​ទូរទស្សន៍​ឱ្យ​ឡើង​ប្រកួត ធ្វើ​ឱ្យ​លោក​ពិបាក​លៃលក​ឱ្យ​កីឡាករ​មាន​ទីផ្សារ​ប្រកួត​គ្រប់​គ្នា ។

លោក​និយាយ​ថា «​រាល់ថ្ងៃ​អាជីវ​ភាព​វា​លំបាក​ហើយ ប៉ុន្តែ​លំបាក​មួយទៀត​គឺ​កីឡាករ ព្រោះ​មួយ​ខែ​គេ​ឱ្យ​យើង​ដាក់​កីឡាករ​បាន​តែ​៥​នាក់​ទេ​ឡើង​វ៉ៃ ក្នុង​ពេល​កីឡាករ​យើង​មាន​ដល់​១៥​នាក់ ។ មាន​អ្នកខ្លះ​ត្រូវ​ទៅ​ស្រុក ដោយសារ​រក​លុយ​អត់​បាន ត្រង់​ហ្នឹងហើយ​ដែល​ខ្ញុំ​ថា​លំបាក​»​។

លោក ឡុ​ង សាល​វ័​ន្ត បន្ត​ទៀត​ថា រាល់ថ្ងៃ​លោក​សម្រាក​បាន​តិច​ណាស់​ដោយសារ​តែ​ត្រូវ​ទទួល​បន្ទុក​ធំ ។ ពេល​ថ្ងៃ​ហាត់ប្រាណ​ខ្លួនឯង​ផង​កុំឱ្យ​ឆាប់​ហត់​ពេល​បង្វឹក​សិស្ស ត្រូវ​ទៅ​បង្ហាត់​សិស្ស​ជម្រើសជាតិ​ផង ត្រូវ​បង្ហាត់​សិស្ស​ក្នុង​ក្លិប​ផង ពោល​គឺ​សម្រាក​បាន​តែ​មួយស្របក់​ៗ​ប៉ុណ្ណោះ ក៏​ត្រូវ​ទៅ​ធ្វើ​សន្តិសុខ​នៅ​ក្នុង​ក្រុមហ៊ុន​លក់​រថយន្ត​មួយ​ដល់​ភ្លឺ ដើម្បី​ប្រាក់ខែ​ទៀត​។

ក្នុង​វ័យ​៤៨​ឆ្នាំ​នៅ​ក្នុង​ពេល​នេះ លោក​ថា​ខ្លួន​ក៏​មិនសូវ​រឹង​មាំ​ដូច​មុន​នោះ​ដែរ ពិសេស​គឺ​ភ្នែក​មិន​សូវ​មើល​បាន​ឆ្ងាយ និង​ចាញ់​ពេល​យប់ ទើប​ទោះជា​ចង់​ប្ដូរ​របរ​មក​រត់​កង់​បី ក៏​មិន​អាច​នោះ​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក ឡុ​ង សាល​វ័​ន្ត កើត​នៅ​ក្នុង​ត្រកូល​កសិករ ដែល​មានស្រុក​កំណើត​នៅ​ភូមិ​ស្វាយ​កង់ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង ។ លោក​ជា​កូនកំព្រា​ឪពុក និង​បាន​សម្រេចចិត្ត​មក​ហ្វឹកហាត់​នៅ​ភ្នំពេញ ដោយ​ប្រើ​ជីវិត​ផ្សងព្រេង ។

លោក​ហ្វឹកហាត់​ជាមួយ​ក្លិប​ប្រដាល់​ក្រសួងមហាផ្ទៃ​ជាមួយ​លោកគ្រូ មាស សុ​គ្រី និង​លោកគ្រូ​ទិ​ត្យ ម៉ៃ​ទី ហើយ​ជា​ភ័ព្វសំណាង​លោក​តែងតែ​ដណ្តើម​បាន​ជ័យ​លា​ភី​ពានរង្វាន់​ជា​បន្តបន្ទាប់ ដោយ​បាន​ចំណាត់ថ្នាក់​លេខ​១ លេខ​២ ជា​ហូរហែ ។ អ្វី​ដែល​លោក​ចង​ចាំ​មិន​ភ្លេច​នោះ​គឺ​ការ​ប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​១​ជាមួយ​កីឡាករ អេ ភូ​ថង នា​ឆ្នាំ​១៩៩៧ ក្នុង​ពានរង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​១ ។

លោក ឡុ​ង សាល​វ័​ន្ត ពេល​នោះ​បាន​រង​របួស​បាក់ដៃ​ឆ្វេង តាំង​តែ​ទឹក​ទី​៣ ហើយ​តស៊ូ​បន្ត​ការ​ប្រកួត ដោយ យកដៃ​ស្តាំ​លើក​យួរ​វ៉ៃ​បន្ត​រហូត​ដល់​ទឹក​ទី​៥ លើក​ដៃ​លែង​រួច ទើប​អាជ្ញាកណ្តាល​បញ្ឈប់​ការ​ប្រកួត​។

ស្ថិត​នៅ​ក្នុង​វ័យ​៤៨​ឆ្នាំ លោកគ្រូ ឡុ​ង សាល​វ័​ន្តបាន​រៀបរាប់​ទៀត​ថា ឆ្លងកាត់​ការ​តស៊ូ​២២​ឆ្នាំ​ចុង​ក្រោយ​នេះ លោក​ថា​បាន​ជួប​អស់ហើយ មិន​ថា​ត្រជាក់​ក្តី ក្តៅរ​ងារ​ក្តី ដោយ​ត្រូវធ្វើ​ជាប្រធាន​ក្លិប​ផង គ្រូបង្វឹក​ផង កីឡាករ​ផង ពោល​គឺ​ធ្លាប់​ឆ្លងកាត់​គ្រប់​រសជាតិ ឈឺ​ក៏​ឈឺ សប្បាយ​ក៏​សប្បាយ ហត់​ក៏​ហត់​ដែរ សម្រាប់​ជំនាញ​កីឡាប្រដាល់​គុន​ខ្មែរ​នេះ​។

លោក ឡុ​ង សាល​វ័​ន្ត បន្ត​ថា មក​ទល់​មកនេះ លោក​កាន់តែ​សប្បាយ​ចិត្តនឹង​ការងារ​ជា​គ្រូបង្វឹក ជា​ពិសេស​គឺ​បន្ទាប់​ពី​ត្រូវ​បាន​សហព័ន្ធ និង​ក្រសួង​ជ្រើស​ឱ្យ​លោក​ធ្វើ​ជា​គ្រូបង្វឹក​កីឡាករ​ជម្រើស​ជាតិ នៅ​ក្នុង​អាណត្តិ​ថ្មី ដោយ​លោក​ប្រកាស​ថា នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​ជំរុញ​កីឡា​ករ​ជម្រើសជាតិ​កម្ពុជា​ឱ្យ​មានការ​ឈាន​ឡើង និង​បាន​ឈ្នះ​មេដាយ​កាន់តែ​ច្រើន​បន្ថែម​ទៀត ។ លោក​សំណូមពរ​ឱ្យ​យុវជន​នានា​ចូលរួម​ហ្វឹកហាត់​ឱ្យ​បាន​ច្រើន​កុះករ ដើម្បី​សុខភាព​ផង និង​​ដើម្បី​ការ​ប្រកួត​រក​លុយ​ដោះស្រាយ​ជីវភាព​ផង ក៏​ដូច​ជា​រួមចំណែក​លើក​ស្ទួយ​វិស័យ​កីឡា​ប្រដាល់​គុន​ខ្មែរ​ឱ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​តទៅ​ថ្ងៃ​អនាគត ជា​ពិសេស​គឺ​គោលដៅ​ដ៏​ធំធេង ដែល​ប្រទេស​កម្ពុជា​នឹង​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ នា​ឆ្នាំ​២០២៣ ខាង​មុខ ។

ជា​ចុង​ក្រោយ​លោក​ក៏​បាន​សំណូមពរដល់​មហាជន​នានា​ដែល​ស្រឡាញ់​ប្រភេទ​កីឡា​ប្រដាល់​គុន​ខ្មែរ សូម​ជួយ​គាំទ្រ​លើកទឹកចិត្ត​ជ្រោមជ្រែង​ជា​សម្ភារ ឬ​ថវិកា​ដល់​កីឡាករ ឬ​ក្លិប​ដែល​មានការ​ខ្វះ​ខាត ទោះ​តិច​ក្តី ច្រើន​ក្តី ដើម្បី​ជួយ​ជំរុញ​លើកកម្ពស់​វិស័យ​ប្រដាល់​គុន​ខ្មែរ​ឱ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ