រាជធាណីភ្នំពេញ ៖ លោក កាំង សារិន ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើដ៏ចាស់វស្សាមួយរូប ដែលមានកសិដ្ឋានក្រពើស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្នុងស្រុក ដែលចុះទៅសម្ភាសន៍ផ្ទាល់ នៅម៉ោង៤និង១០នាទីថ្ងៃទី១៥ តុលា ២០២០នេះអោយដឹងថា សត្វក្រពើមួយក្បាល ពិតជារួចចេញពីអាងពិតមែន ប៉ុន្តែវានៅជាប់ក្នុង(សំណាញ់)រនាំដែកមួយជាន់ទៀត ពោលគឺវានៅក្នុងបវិវេណកសិដ្ឋានរបស់លោកនៅឡើយទេ ។
ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ លោកបន្តថា ក្រុមកម្មករនឹងចាប់វាមកវិញ នាពេលយប់ ដោយតាមរក និងឆ្លុះពិលរកមើល បើឃើញ យើងត្រូវទាក់ ឫមួយក៏ត្រូវឆក់ក្រពើដែលរួចនោះ ។ លោក កាំង សារិន អះអាងថា ក្រពើវាមិនងាយទៅរកមនុស្សទេ វាខ្លាចមនុស្សដែរហ្នឹង..! ហើយសត្វក្រពើ វាអត់ចង់ទៅឆ្ងាយពីគ្នាវាទេ(ពេលឮសំឡេងគ្នាវាយំ) វាមករក..! បើសិនវា រួចទៅកន្លែងណា ក៏វាទៅរកក្រពើគ្នាវាដែរ នេះបើតាមបទពិសោធន៍ចិញ្ចឹមក្រពើរបស់លោកជិត៣០ឆ្នាំមកហើយ ។
លោក កាំង សារិន បានបញ្ជាក់ថា សូមបងប្អូនប្រជាពលរដ្ឋ ពិសេសអ្នករស់នៅក្បែរកន្លែងកសិដ្ឋាន សូមកុំភ័យបារម្ភហួសហេតុពេក ក្រពើចិញ្ចឹម វាអាចស៊ាំជាមួយមនុស្ស ។ យ៉ាងណាក៏លោកសុំអោយប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ផងដែរ ។
ដោយឡែកលោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១៥ តុលា ២០២០ លោកទទួលស្គាល់ថា ពិតជាមានករណីសត្វក្រពើ រួចចេញពីអាងចិញ្ចឹមប្រាកដមែន ។ លោកថា រួចចំនួន១ក្បាល ដែលមានទម្ងន់ប្រមាណជិត៤០គីឡូក្រាម វាបានរួចនៅចន្លោះម៉ោងជាង៨ព្រឹក ថ្ងៃទី១៥ តុលានេះ នៅកសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែង ស្ថិតក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។ ហើយចំពោះមូលហេតុ នៃការរួចចេញសត្វក្រពើនេះដែរ លោកចៅសង្កាត់បញ្ជាក់ថា ទឹកជនលិចដល់អាង ប៉ុន្តែអាងចិញ្ចឹមក្រពើនោះ មានរនាំងដែកការពារដែរ ។
សូមជម្រាបផងដែរ ប្រមាណជាងមួយសប្ដាហ៍កន្លងមកហើយ ភ្លៀងធ្លាក់ជាបន្តបន្ទាប់ ធ្វើអោយមានជំនន់ទឹកភ្លៀងនៅតាមបណ្ដាខេត្ត និងតំបន់ជាច្រើនទៀត ត្រូវលិចលង់ រួមទាំងខេត្តកណ្ដាលផងដែរ ជាក់ស្តែងក្នុងខណ្ឌដង្កោ កំពុងរងនូវការវាយប្រហារយ៉ាងដំណំពីទឹកជំនន់ កន្លែងចិញ្ចឹមសត្វក្រពើខាងលើនេះ ត្រូវទឹកជន់ឡើងដល់អាង ដែលមានសត្វក្រពើជាច្រើនក្បាលផងដែរ សុទ្ធសឹងតែក្រពើធំៗ (ទម្ងន់៧០-៨០គីឡូ) ធ្វើអោយបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរកសិដ្ឋាននោះ មានការព្រួយបារម្ភយ៉ាងខ្លាំងពីសុខសុវត្ថិភាព ប្រសិនបើទឹកឡើងលិចអាង តែកន្លះម៉ែត្រទៀត ពិតជាមាន ហានិភ័យ ៕






ចែករំលែកព័តមាននេះ