ខេត្តកំពង់ស្ពឺ ៖ ស្ថានភាពទឹកដែលជន់លិច៤ភូមិនៃក្រុងច្បារមនពីល្ងាចថ្ងៃទី 14 រហូតមកដល់ព្រឹកថ្ងៃទី15 តុលានេះ គឺស្ថានភាពកម្ពស់ទឹកហាក់នៅថេរធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹង មានការធូរស្បើយលែងសូវព្រួយបារម្ភអំពីការជន់លិច។
អំឡុងពេលដែលប្រជាពលរដ្ឋកំពុងជួបការលំបាកនេះ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត, លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តដឹកនាំកងកម្លាំងទាំង៣ និងមន្ត្រីក្រោមឱវ៉ាទ ចុះជួយសង្គ្រោះប្រជាពលរដ្ឋរកទីទួលសុវត្ថិភាព ។ ហើយជាបឋមបានចំនួន២ភូមិ គឺភូមិរំលោង និងភូមិថ្មី ក្នុងសង្កាត់កណ្ដោលដុំ ក្រុងច្បារមន បានចំនួន ៣១ គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋប្រមាណជា១៦៦គ្រួសារ។
កាលយប់ថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០ លោកអភិបាលខេត្តក៏បានចែកអំណោយមួយចំនួនមានដូចជា តង់ និងសម្ភារៈប្រើប្រាស់ជាច្រើនទៀតទៅដល់ក្រុមគ្រួសារដែលជួបប្រទះការជន់លិច ដើម្បីដោះស្រាយបញ្ហាចំពោះមុខ។ ក្នុងនោះផងដែរ ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ បាននាំយកនូវអំណោយដូចជា ( ថ្នាំពេទ្យ មី ទឹកសុទ្ធ ត្រីខ សាប៊ូ ទឹកក្រូច ) មកជួយឧបត្ថម្ភដល់រដ្ឋបាលខេត្តកំពង់ស្ពឺក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងគ្រោះទឹកជំនន់ ដែលបង្កឡើងដោយព្យុះ ដើម្បីចែកជូនប្រជាពលរដ្ឋរងគ្រោះផងដែរ។
ក្នុងគ្រានោះផងដែរ លោកវ៉ីសំណាង ក៏បានគោរពជូនពរ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារមានសុខភាពល្អបរិបូណ៍ កាយពលមាំមួន ដើម្បីចូលរួមចំណែកក្នុងការកសាងប្រទេសឲ្យរីកចម្រើនក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបន្តទៅទៀត។
ហើយមន្ត្រីសាលាក្រុងច្បារមន បានបញ្ជាក់ផងដែរថា ស្ថានភាពទឹកថ្ងៃនេះខុសពីថ្ងៃម្សិលមិញ ព្រោះថាកាលពីម្សិលមិញទឹកបានលិចចំនួន២ភូមិនៅក្រុងច្បារមន លុះមកដល់ពេលនេះ មិនមានការជន់លិចបន្តទៀតនោះទេ៕
ចែករំលែកព័តមាននេះ