រាជធានីភ្នំពេញ ៖ ស្ត្រីជនជាតិចិនដែលត្រូវគេសង្ស័យថា អាចមកពីចាញ់ល្បែងអស់ប្រាក់ពីខ្លួន ហើយគ្មានកន្លែងស្នាក់នៅ ចង់ត្រលប់ស្រុកវិញតែគ្មានលទ្ធភាព ណាមួយសណ្ឋាគារដែលខ្លួនស្នាក់នៅក៏គេបណ្ដេញចេញ ព្រោះគ្មានប្រាក់បង់ថ្លៃឈ្នួល ហើយនៅក្នុងដៃកាន់ កាបូបវ៉ាលីសធំពណ៌ក្រហមពីរ ដើរតែលតោលតែម្នាក់ឯងគ្មានគោលដៅ មិនដឹងទៅណា ក៏សម្រេចចិត្តអង្គុយកណ្តាលផ្លូវយំតែម្នាក់ឯង បង្កការផ្អើលដល់កម្លាំងល្បាតអធិការដ្ឋានខណ្ឌដូនពេញ កាលពីវេលាម៉ោង11និង30នាទីយប់ ថ្ងៃទី14 ខែតុលា ឆ្នាំ2020 នៅចំណុចរង្វង់មូលសម្តេចសង្ឃជួនណាត ផ្លូវព្រះសីហនុ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
ស្ត្រីជនជាតិចិនខាងលើនេះ ត្រូវបានអ្នកស្គាល់ប្រាប់ឱ្យដឹងថា នាងមានឈ្មោះ ZHAO YUNYAN អាយុ32ឆ្នាំ ជាភ្ញៀវទេសចរណ៍ ស្នាក់នៅមិនពិតប្រាកដក្នុងរាជធានីភ្នំពេញ ។

បើតាមប្រភពពីស្ត្រីរងគ្រោះខាងលើ បានប្រាប់ទៅអ្នកបកប្រែភាសាចិនម្នាក់ឱ្យដឹងថា នាងមករស់នៅប្រទេសកម្ពុជានេះរយៈពេល9ខែមកហើយ គឺនាងមកទេសចរណ៍ និងរកការងារធ្វើ តែនាងមកនេះគ្មានគោលដៅច្បាស់លាស់ទេ ទើបរកការងារមិនបានធ្វើ។ ដោយមុនកើតហេតុ គឺរូបនាងស្នាក់នៅសណ្ឋាគារណាហ្គាវើរទី1 តែដល់ពេលអស់ប្រាក់បង់ថ្លៃឈ្នួល ទើបសណ្ឋាគារបណ្ដេញនាងចេញឈប់ឱ្យស្នាក់នៅ។
ស្ត្រីជនជាតិរូបនេះបន្តថា មុនកើតហេតុ គឺរូបនាងគ្មានប្រាក់ជាប់នឹងខ្លួននោះទេ គឺដើរតែលតោលតែម្នាក់ឯង គ្មានគោលដៅ គ្មានកន្លែងស្នាក់នៅ ចង់ទៅស្រុកចិនវិញតែគ្មានលទ្ធភាព មិនដឹងត្រូវទៅណា ក៏សម្រេចចិត្តអង្គុយយំតែម្នាក់ឯងកណ្តាលផ្លូវបែបនេះ ទើបបង្កជាការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរួចរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកជួយអន្តរាគមន៍ជួយសង្គ្រោះភ្លាមៗតែម្តង។

យោងតាមប្រភពពីក្រុមអ្នករត់ម៉ូតូកង់បីនៅម្តុំកន្លែងកើតហេតុវិញបានឱ្យដឹងថា នារីខាងលើជាមនុស្សញៀនល្បែង និងជាមនុស្សសតិមិនប្រក្រតី (បែកថ្នាំ) គឺតែងតែដើរនិយាយតែម្នាក់ឯងពេញផ្លូវ គ្មានអ្នកណាចាប់អារម្មណ៍ជាមួយនាងឡើយ នេះបើតាមការបញ្ជាក់ពីក្រុមអ្នករត់ម៉ូតូកង់បី។

ទោះជាយ៉ាងណា បន្ទាប់ពីមានការភ្ញាក់ផ្អើលនេះហើយ ស្រាប់តែមានបុរសជនជាតិចិន2នាក់ដែលធ្វើដំណើរឆ្លងកាត់ទីនោះប្រទះឃើញជនរួមជាតិខ្លួនឯងមានបញ្ហា ក៏ឈប់សួរនាំដឹងរឿងហេតុ ពួកគេក៏សម្រេចចិត្តឱ្យនាងទៅសម្រាកនៅផ្ទះរបស់គេមួយរយៈពេលខ្លី ដើម្បីរង់ចាំរកដំណោះស្រាយនៅពេលក្រោយ ហើយនារីរងគ្រោះក៏ព្រមទៅតាម ដោយមិនរំខានដល់សមត្ថកិច្ចឡើយ ៕
ចែករំលែកព័តមាននេះ