រាជធានីភ្នំពេញ ៖ សមាគមរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងកម្ពុជា បានរៀបចំសន្និបាតបូកសរុបការងារប្រចាំឆ្នាំ និងបោះឆ្នោតជ្រើសរើសប្រធានក្នុងអាណត្តិថ្មី ។ ក្នុងការបោះឆ្នោតនោះ លោក វ៉ាន់ ស៊ូអៀង ដែលជាប្រធានចាស់របស់សមាគមរោងចក្រកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើងកម្ពុជា នៅតែរក្សាតំណាងជាប្រធានដដែល ទៅតាមការទុកចិត្ត និងគាំទ្រពីសមាជិកដែលចូលរួមទាំងអស់ ។ ពិធីសន្និបាតរបស់សមាគមរោងចក្រកាត់ដេរសម្លៀកបំពាក់និងស្បែកជើងកម្ពុជា បានធ្វើឡើងកាលពីថ្ងៃទី២៥ មេសា នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ដោយមានការចូលរួមជាអធិបតីពីសំណាក់លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មផងដែរ ។
លោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែងជើងកម្ពុជា បានមានប្រសាសន៍ថា ការជាប់ឆ្នោតជាប្រធានថ្មីនេះ លោកនឹងធ្វើយ៉ាងណា ដឹកនាំវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើងនៅកម្ពុជា ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីបង្ហាញដល់បរទេសថា កម្ពុជាពិតជាមិនអន់នោះទេ កម្ពុជាអាចផលិតសម្ភារនាំចេញដែលមានគុណភាពល្អ និងទទួលស្គាល់នៅលើពិភពលោក ។ នៅពេលសម្ភារដែលនាំចេញមានគុណភាពល្អ អនាគតនឹងមានអ្នកវិនិយោគជាបន្តបន្ទាប់មកវិនិយោគនៅកម្ពុជាទៀត ដោយសារតែគេស្គាល់ថា កម្ពុជាអាចមានសមត្ថភាពដែលផលិតបានសម្ភារល្អនេះ ជាដើម ។ ជាពិសេសលោកប្ដេជ្ញាចិត្តធ្វើយ៉ាងណាឱ្យកម្មករមានប្រាក់ចំណូលសមរម្យអាចផ្គត់ផ្គង់ជីវភាពបានល្អ ដើម្បីជួយដល់គ្រួសារបងប្អូន និងអាចឱ្យកូនៗចូលរៀនបានជាដើម ។
លោកបញ្ជាក់ដែរថា ទាក់ទងនឹងបញ្ហាកូដកម្ម បាតុកម្ម នៅប្រទេសណាក៏មានដែរ ហើយសម្រាប់កម្ពុជាមានសហជីពជាច្រើន តែសូមឱ្យសហជីពនោះ បម្រើផលប្រយោជន៍កម្មករពិតៗ មិនមែនសម្លឹងមើលតែផលប្រយោជន៍ផ្ទាល់ខ្លួនទេ និងសូមឱ្យគោរពច្បាប់ត្រឹមត្រូវ ដើម្បីឱ្យអ្នកវិនិយោគហ៊ានមកបណ្ដាក់ទុននៅកម្ពុជា កាន់តែច្រើន ។
លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា សកម្មភាពរបស់សមាគមរោងចក្រកាត់ដេរ បានឆ្លុះបញ្ចាំងទៅវិញទៅមកពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងអ្នកវិនិយោគនៅកម្ពុជា ។ បើសិននយោបាយនៅកម្ពុជាមិនមានស្ថិរភាពទេនោះ អ្នកវិនិយោគក៏មិនអាច ឬមិនហ៊ានមកបណ្ដាក់ទុននៅស្រុកយើងឡើយ ។ ព្រឹត្តិការណ៍នៅថ្ងៃនេះដែរ ក៏បានបង្ហាញពីជំនឿទុកចិត្តរបស់អ្នកវិនិយោគមកលើស្ថានភាពនយោបាយរបស់កម្ពុជាផងដែរ។
ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាលកម្ពុជាក៏បានយកចិត្តទុកដាក់សម្រួលភាពងាយស្រួលដល់អ្នកវិនិយោគ ដើម្បីទាក់ទាញអ្នកវិនិយោគមកបណ្ដាក់ទុនបន្ថែមនៅកម្ពុជា សម្រាប់ផ្ដល់ការងារដល់យុវជនដែលមានកំណើនជារៀងរាល់ឆ្នាំនេះ ៕
ចែករំលែកព័តមាននេះ