ជម្លោះ​ល្បុក្កតោ និង​បុក្ក​តោ ត្រូវ​បាន​បញ្ចប់ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ជម្លោះ​ល្បុក្កតោ និង​បុក្ក​តោ ត្រូវ​បាន​បញ្ចប់

3 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ ទីបំផុត លោក ឆ​ន ច័ន្ទ​វិ​រៈ ហៅ​គ្រូ អា​ថា​ន់ ដែល​ជា​អ្នកបង្កើត​ក្រុម​ល្បុក្កតោ​ក្មេង​វត្តថា​ន់ ហើយ​ចង់​កែប្រែ​ឈ្មោះ​ក្បាច់គុន​ល្បុក្កតោ​ដែល​លោកបាន​និង​កំពុង​បង្ហាត់​មក​«​បុក្ក​តោ​»​វិញ…

រាជធានី​ភ្នំពេញ ៖ ទីបំផុត លោក ឆ​ន ច័ន្ទ​វិ​រៈ ហៅ​គ្រូ អា​ថា​ន់ ដែល​ជា​អ្នកបង្កើត​ក្រុម​ល្បុក្កតោ​ក្មេង​វត្តថា​ន់ ហើយ​ចង់​កែប្រែ​ឈ្មោះ​ក្បាច់គុន​ល្បុក្កតោ​ដែល​លោកបាន​និង​កំពុង​បង្ហាត់​មក​«​បុក្ក​តោ​»​វិញ ធ្វើ​ឱ្យ​ផ្ទុះ​ប្រតិកម្ម​ពី​មន្ត្រីជាន់ខ្ពស់​សហព័ន្ធ​រហូត​ចេញ​ការ​ព្រមាន​ឱ្យ​កែតម្រូវ​ជា​បន្ទាន់​ផង​នោះ បាន​បញ្ចប់​ការ​តតាំង​ជា​ពាក្យ​សម្ដី ហើយ​សម្រេច​សុំ​ទោស​ជា​សាធារណៈ ធ្វើ​ឱ្យ​មន្ត្រី​សហ​ព័ន្ធ​មានការ​ស្ងប់ចិត្ត​ផង​ដែរ ។ បើ​ទោះជា​មុន​នេះ​គេ​ឃើញ​លោក និង​មន្ត្រី​ល្បុក្កតោ តឹងសរសៃក​ដាក់​គ្នា និង​ធ្វើ​ឱ្យ​គេ​កត់​សម្គាល់ថា ជម្លោះ​នេះ​កាន់​តែ​រីក​ធំ​ក្រោយ​ពី​មានការ​បកស្រាយ​ថា ក្រុម​របស់​លោក​គឺ​មិន​ចំណុះ​ឱ្យ​សហព័ន្ធ​ល្បុក្កតោ​។

លោក ឆ​ន ច័ន្ទ​វិ​រៈ បាន​សរសេរ​នៅ​លើ​ហ្វេ​សប៊ុ​ក ដែល​ជា​ការ​បញ្ចប់ទំនាស់​ថា​«​សូម​គោរព​ឯកឧត្តម លោក​ជំទាវ ពុក​ម៉ែ បងប្អូន និង​ព្រឹទ្ធាចារ្យ​ក្បាច់គុន​ទាំងអស់​ជាទី​គោរព ទាក់ទង​នឹង​ក្បាច់គុន​ដោយ​ប្រើ​ពាក្យ​ក្បាច់គុន​ល្បុក្កតោ ឲ្យ​ដូរ​ទៅ​ជា​«​ក្បាច់គុន​បុក្ក​តោ​» ខ្ញុំ​នឹង​ធ្វើការ​កែប្រែ​ឲ្យ​ទៅ​ជា​«​ក្បាច់គុន​ល្បុក្កតោ​»​វិញ ។ ខ្ញុំបាទ​ឆ​ន ច័ន្ទ​វិ​រៈ ហៅ​លោកគ្រូ អា​ថា​ន់ រាល់​ការ​ខុសឆ្គង​ទាំង​ឡាយ​ណា​ដែល​កើតឡើង គឺ​ខ្ញុំ​ទទួល​ទាំងអស់​ពុំ​មាន​ជាប់​ទាក់ទង​នឹង​បុគ្គល​មួយ​ណា​ឡើយ ។ ខ្ញុំ​អត់​ចង់​ធ្វើការ​បកស្រាយ​និយាយ​វែកញែក​វែង​ឆ្ងាយ​បន្ត​ទៀត​ទេ ខ្ញុំ​សូម​បញ្ឈប់​ត្រឹមនេះ​។

អាស្រ័យ​ហេតុនេះ សូម​ឯកឧត្តម​លោក​ជំទាវ ពុក​ម៉ែ បងប្អូន និង​លោកគ្រូ​ព្រឹទ្ធាចារ្យ​ក្បាច់គុន​ទាំងអស់ សូម​អនុគ្រោះ​ដោយ​ក្តី​គោរព​អំពីខ្ញុំ​… «​ក្បាច់គុន​ល្បុក្កតោ​» ។ នេះ​ជា​ការ​បញ្ចប់​ភាព​ចម្រូងចម្រាស​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ ខណៈ​ដែល​ការ​ទទួល​ស្គាល់​នេះ គឺ​បន្ទាប់​ពី​លោក វ៉ា​ត់ ចំរើន អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​បាន​ប្រតិកម្ម​ថា​«​សូម​ឱ្យ​កែ​សម្រួល​ឡើង​វិញ​ជា​បន្ទាន់ នេះ​ជា​វិទ្ធង្សនា​វប្ប​ធម៌ និង​យុទ្ធ​គុន​អត្តសញ្ញាណ​ជាតិ ព្រលឹង​ជាតិ ដែល​ត្រូវ​បាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ចុះបញ្ជី​បេតិកភណ្ឌ​ជាតិ​រួច​ហើយ​នូវ​ពាក្យ​ថា​ «​ល្បុក្កតោ​» និង​មាន​កំណត់​ត្រា​ក្នុង​វចនានុក្រម​សម្តេច​ព្រះសង្ឃរាជ ជួន ណាត ជា​ពិសេស​គឺ​សំណើ​ដាក់​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​នៃ​មនុស្ស
ជាតិ​របស់​អង្គការ UNESCO រួច​ហើយ​។

គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​សហ​ព័ន្ធ​កីឡា​ល្បុក្កតោ នឹង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់។

លោកគ្រូ​តា​ក្រមា​មាស សាន គឹ​ម​ស៊ា​ន ក៏បាន​បង្ហាញ​ប្រតិកម្ម​ផង​ដែរ​ថា​«​ឈ្មោះ​គុន​ល្បុក្កតោ គឺ​មាន​តែ​មួយ គ្មាន​ពីរ​ទេ ចំពោះ​អក្សរ​សរសេរ​ថា ល្បុក្កតោ គឺ​បាន​ជ្រើសរើស មិនមែន​ខ្ញុំ​អ្នក​កែប្រែ​ឈ្មោះ​នេះ ឬ​ក៏​អក្សរសាស្ត្រ​ទេ​។ ព្រោះ​អក្សរ​នេះ ខ្ញុំ​បាន​ស្រាវជ្រាវ​ដកស្រង់​ចេញពី​វចនានុក្រម​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ដែល​ជា​អ្នកប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ​ជំនាន់​មុន ហើយ​លោក​បាន​ចងក្រង​ជា​វចនានុក្រម ដោយ​បាន​ប្រើ​ពាក្យ ល្បុក្កតោ​នេះ នៅ​ក្នុង​វចនានុក្រម ។ ដូច្នេះ អ្នក​ដែល​កែ​អក្សរ​របស់​លោក ខ្ញុំ​ជឿ​ថា​មិនមែន​ជា​អ្នកប្រាជ្ញ​អក្សរសាស្ត្រ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ទេ ។

សូម​មេត្តា​កុំ​កែ​អក្សរសាស្ត្រ​ដែល​អ្នកប្រាជ្ញ​វប្បធម៌​ជាតិ ដាក់​នៅ​ក្នុង​វចនានុក្រម​របស់​ខ្មែរ បង្ខូច​អក្សរសាស្ត្រ អក្សរសិល្ប៍​ជាតិ​ខ្លួនឯង និង​វប្បធម៌​ជាតិ​ខ្លួនឯង អ្នក​នោះ​មិនមែន​ជា​កូន​ខ្មែរ និង​ជា​អ្នករៀន​អក្សរសាស្ត្រ​ខ្មែរ​ច្បាស់លាស់​នៅឡើយ​ទេ ។ សូម​អស់លោក លោកស្រី និង​កូនចៅ​ទាំងអស់​ពិចារណា​ឱ្យ​បាន​ច្បាស់លាស់​ឡើង​វិញ «​បុក្ក​តោ » និង​«​ល្បុក្កតោ​» មាន​ន័យ​ខុស​គ្នា ឯ​អក្សរ​«​បុក្ក​តោ​»​ខ្ញុំ​មិន​ដែល​ឃើញ​តាំងពី​ខ្ញុំ​នៅ​រៀនអក្សរ​ខ្មែរ​ថ្នាក់​កុមារ ឆ្នាំ​១៩៥២ មក​ដល់​ថ្ងៃនេះ ដូច្នេះ​សូម​មេត្តា​ពិចារណា​ឡើង​វិញ កុំ​នាំ​គ្នា​បង្កាច់បង្ខូច​អក្សរសាស្ត្រ​របស់​ជាតិ​ខ្លួនឯង​»​។

លោកគ្រូ​តា​ក្រមា​មាស​បន្ត​ទៀត​ថា អក្សរ​គុន​ល្បុក្កតោ គឺ​ទទួលស្គាល់​ពី​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់ ជា​ពិសេស​រាជរដ្ឋាភិបាល​បាន​ដាក់​អក្សរ​គុន​ល្បុក្កតោ​នេះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី នៃ​មនុស្ស​ជាតិ​របស់ UNESCO រួច​ហើយ ក្នុង​ឆ្នាំ​២០១២ បើ​លោក​ចង់​កែ​អក្សរសាស្ត្រ​នេះ​សូម​មេត្តា​ដាក់​ពាក្យ​ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​វប្បធម៌​ជា​មុន​សិន ។ លោក​បាន​ទាំង​ចាត់​ទុក​ថា ការ​បង្កើត​ពាក្យ​ថ្មី ឬ​ស្រ​ដៀង​ខុស​ពី​អក្ខរាវិរុទ្ធ គឺជា​ការ​ធ្វើ​ឱ្យ​ភាន់​ច្រ​លំ និង​ធ្វើ​ឱ្យ​កូន​ខ្មែរ​វង្វេង​ថា ក្បាច់គុន​ណា​ជា​ក្បាច់គុន​ណា​នោះ​ផង ៕