ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំ​យក្ស​ពើង​និង​យក្ស​វ៉ក​នៅ​ខេត្តរតនគិរី​ជនជាតិ​ទំពួន​មាន​ជំនឿ​បើ​បេះ​ស្លឹកឈើ​កាន់​ពី​ភ្នំ​មួយ​ទៅ​ភ្នំ​មួយ​នឹង​ត្រូវ​រន្ទះបា.ញ់

8 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ធ្វើ​ដំណើរ​ចេញពី​ទីរួមខេត្ត​រតនគិរី​តាម​ផ្លូវជាតិ​លេខ​៧៨ ចម្ងាយ​៥០​គីឡូម៉ែត្រ ទៅ​ដល់​ក្រោយ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ប​កែវ​បត់​ស្តាំ​តាម​ផ្លូវលំ​ក្រួស​ក្រហម​ចម្ងាយ​២០​គីឡូម៉ែត្រ

ខេត្តរតនគិរី ៖ ធ្វើ​ដំណើរ​ចេញពី​ទីរួមខេត្ត​រតនគិរី​តាម​ផ្លូវជាតិ​លេខ​៧៨ ចម្ងាយ​៥០​គីឡូម៉ែត្រ ទៅ​ដល់​ក្រោយ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ប​កែវ​បត់​ស្តាំ​តាម​ផ្លូវលំ​ក្រួស​ក្រហម​ចម្ងាយ​២០​គីឡូម៉ែត្រ​នឹង​ទៅ​ដល់​ភូមិ​សា​ម៉​ល ឃុំ​ស៊ើ​ង  ស្រុក​ប​កែវ ខេត្ត​រតន​គិ​រ​រី​ទី​ដែល​មាន​ជនជាតិ​ដើម​ភាគតិច​ទំពួន​រស់នៅ​ជា​ច្រើន​គ្រួសារ ។  នៅ​ភូមិ​នោះ​មាន​ផ្នូរ​សព​យក្ស​ពើង យក្ស​វ៉ក ដែល​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ជាតិ ។

លោករ​មាំ សា អាយុ​៣៥​ឆ្នាំ ជនជាតិ​ទំពួន ជា​ឆ្មាំ​ការពារ​ផ្នូរ​សព​យក្ស​ពើង និង​យក្ស​វ៉ក កាលពី​ពេល ថ្មី​ៗ​នេះ​និទាន​ឱ្យ​ដឹង​ថា កាលពី​រាប់រយ​ឆ្នាំ​កន្លង​មក​ហើយ​មាន​មេកន្ទ្រាញ​ជនជាតិ​ទំពួន​ម្នាក់​ឈ្មោះ​យក្ស​ពើង ចេះ​មន្តអាគម និង​មាន​អំណាច​ត្រួតត្រា​លើ​ជនជាតិ​ទំពួន​ទាំងអស់​។ យក្ស​ពើង​មាន​ក្មួយ​ប្រុស​ឈ្មោះ​យក្ស​វ៉ក ហៅ​យក្ស​ភ្នក់ ចេះ​មន្តអាគម​ដែរ និង​មាន​ប្រពន្ធ​៧​នាក់ ជាតិ​សាសន៍ ផ្សេង​ៗ​គ្នា ។ ក្រោយមក​យក្ស​ពើង​មានចិត្ត​ស្រឡាញ់​ប្រពន្ធ​ទី​៧​របស់​ក្មួយ​ជា​ជនជាតិ​វៀតណាម ហើយ​ក៏​សុំ​ក្មួយ តែ​ក្មួយ​ឆ្លើយ​តប​វិញ​ថា «​បើ​ពូ​ចង់បាន​ប្រពន្ធ​ក្មួយ​យក​មួយ​ណា​យក​ទៅ តែ​ដោយឡែក​ប្រពន្ធ​ទី​៧ មិន​ឱ្យ​ដាច់ខាត​ព្រោះ​នាង​ស្អាត​ណាស់​» ។ ដោយ​ក្មួយ​ប្រកែក​មិន​ឱ្យ​ដាច់អហង្ការ​បែប​នេះ​ទាំង​២​នាក់​ក៏​កើត​ជម្លោះ​ច្បាំង​ដណ្តើម​ស្រី​គ្នា ។

ក្រោយមក​ក្មួយ​ប្រុស​ឈ្មោះ​យក្ស​វ៉ក ហៅ​យក្ស​ភ្នក់​នាំ​ប្រពន្ធ​ទាំង​៧​នាក់​ទៅ​រស់នៅ​លើ​ភ្នំ​ផ្សេង​ដែល​មាន​ចម្ងាយ​១០​គីឡូម៉ែត្រ​ពី​គ្នា ។ ទោះ​យក្ស​វ៉ក​ទៅ​នៅ​ឆ្ងាយ​យ៉ាងណា​ក្តី​ក៏​យក្ស​ពើង​នាំ​បក្សពួក​រាប់រយ​នាក់​ទៅ​ធ្វើសង្គ្រាម​ដណ្តើម​ប្រពន្ធ​ពី​ក្មួយ​ដែរ ។ ពេល​ពូ​និង​ក្មួយ​ធ្វើសង្គ្រាម​ជាមួយ​គ្នា​នោះ យក្ស​ពើង​បាន​យកឈ្នះ​ក្មួយ តែ​ក្មួយ​ឈ្មោះ​យក្ស​វ៉ក​ហៅ​យក្ស​ភ្នក់​មិន​ស្លាប់​ទេ ហើយ​នាំ​ប្រពន្ធ​ទី​៧​ភៀសខ្លួន​ចេញ​ទៅ​នៅ​ក្បែរ​ជើងភ្នំ ។ ដល់​ពេល​យក្ស​ពើង​ត្រឡប់​ទៅ​ផ្ទះ​វិញ​អត់​មាន​អង្គរក្ស​ការពារ គឺ​នៅ​តែ​ម្នាក់ឯង យក្ស​វ៉ក​ក៏​នាំ​បក្សពួក​៧​នាក់​តាម​ពីក្រោយ​រហូត​ដល់​ផ្ទះ ហើយ​បាញ់​នឹង​ស្នា​តេះ​ស្លាប់​បាត់​ទៅ ។

លោករ​មាំ សា ឱ្យ​ដឹង​ថា តាម​រយៈ​ការ​ស្រាវជ្រាវ និង​ការ​និទាន ត​ៗ​គ្នា​ពី ចាស់​ៗ​សម័យ​មុន​រហូត​ដល់​បច្ចុប្បន្ន​នេះ​ថា យក្ស​វ៉ក ក្រោយ​ពេល​ធ្វើសង្គ្រាម​ជាមួយ​ឪពុកមា​នោះ​មិនដឹង​ស្លាប់​នៅ​កន្លែង​ណា​ទេ តែ​បន្សល់​ទុក​ស្លាកស្នាម​នៅ​លើ​ភ្នំ ស្ថិត​នៅ​ភូមិ​សា​ម៉​ល ឃុំ​ស៊ើ​ង ស្រុក​ប​កែវ ។ ក្រៅពី​នោះ​មាន​ផ្នូរ​សព​យក្ស​ពើង​នៅ​លើ​កំពូលភ្នំ មាន​អណ្តូង​ធម្មជាតិ​១ រាង​មូល​ទំហំ​១០​ម៉ែត្រ​៤​ជ្រុង មាន​ជម្រៅ​៧០​ម៉ែត្រ និង​កំផែង​ថ្ម​ការពារ​សត្រូវ ។

ជនជាតិ​ដើម​ភាគតិច​ទំពួន​ហៅ​ភ្នំ​ខាង​ឪពុក មា​ថា «​ភ្នំ​យក្ស​ពើង​» ដោយឡែក​ភ្នំ​ម្ខាង​ទៀត​ជា​របស់​ក្មួយ​ហៅ «​ភ្នំ​យក្ស​វ៉ក ឬ​ភ្នំ​យក្ស​ភ្នក់​» ស្ថិត​នៅ​ភូមិ​សមុទ្រ​លើ ឃុំ​សេ​ដា ស្រុក​លំ​ផាត់់ មាន​ចម្ងាយ​ពី​ភ្នំ​«​យក្ស​ពើង​»១០​គីឡូម៉ែត្រ ។ ស្លាកស្នាម​បន្សល់​ទុក​លើ​ភ្នំ​យក្ស​វ៉ក ហៅ​យក្ស​ភ្នក់ មាន​រោង​ដាំបាយ​ធ្វើ​ពី​ថ្ម និង​រូងភ្នំ​ស្នាក់​នៅ មាន​ចង្ក្រាន​បាយ​ធ្វើ​ពី​ថ្ម​ចំនួន​៣​ជ្រុង ។

លោករ​មាំ សា​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ជនជាតិ​ដើម​ភាគតិច​ទំពួន​នៅ​មាន​ជំនឿ​មួ​យ គឺ​ហាម​កូនចៅ​បេះ​ស្លឹកឈើ​លើ​ភ្នំ​យក្ស​ពើង​កាន់​ឆ្លង​ទៅ​ភ្នំ​យក្ស​វ៉ក ។ បើ​កាន់​ស្លឹកឈើ​ឆ្លង​នៅ​រដូវប្រាំង​នឹង​ត្រូវ​រន្ទះបាញ់ និង​មាន​ភ្លៀង​ធ្លាក់​ភ្លាម ។ ជនជាតិ​ទំពួន​ទាំងអស់​មិន​ហ៊ាន​យក​វត្ថុ​អ្វី​ឆ្លងកាត់​ពី​ភ្នំ​យក្ស​ពើង​ទៅ​ភ្នំ​យក្ស​វ៉ក​ទេ​ខ្លាច​រន្ទះបាញ់​មិន​ថា​រដូវប្រាំង ឬ​រដូវវស្សា​ឡើយ ។

លោក​ឆាយ  សា​វុ​ធ  ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តរតនគិរី​ឱ្យ​ដឹង​ថា ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​ដាក់​បញ្ចូល​ផ្នូរ​សព​យក្ស​ពើង​ជា​បេតិកភណ្ឌ​ជាតិ ហើយ​ដាក់​ឆ្មាំ​ការពារ​ទៀត​ផង ។

សព​ថ្ងៃ​អត់​មាន​ផ្លូវ​ល្អ​ទៅ​ដល់​ភ្នំ​យក្ស​ពើង យក្ស​វ៉ក ហៅ​យក្ស​ភ្នក់​ទេ តែ​នៅ​ពេល​មាន​ប្រាក់ មន្ទីរ​វប្បធម៌ នឹង​កសាង​ដើម្បី​ឱ្យ​អ្នកទេសចរ​ងាយស្រួល​ទៅ​កម្សាន្ត ៕