រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាអ្នកដឹកម្ហូបអាហារតាមអនឡាញរបស់ក្រុមហ៊ុន Food Pan
da បានចាញ់បោកជនជាតិចិនម្នាក់ដែលលក់ទូរស័ព្ទឲ្យអស់ប្រាក់ចំនួន១០០ដុល្លារ ប៉ុន្តែបានតាមស្វែងរកជនបោកប្រាស់រហូតប្រទះឃើញ និងឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោងប្រមាណ៧និង១៥នាទីយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ នៅតាមផ្លូវលេខ១៣៦ ម្តុំផ្សារតាប៉ាង ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ។
ជនរងគ្រោះឈ្មោះ ដាវីដ អាយុប្រមាណ២៣ឆ្នាំ ត្រូវបានជនជាតិចិនម្នាក់កុម្មង់ម្ហូបក៏ដឹកយកទៅឱ្យនៅម្តុំផ្សារតាប៉ាង ។ ខណៈដឹកទៅដល់ឃើញបុរសជនជាតិចិនម្នាក់ឈរនៅទីនោះ ស្មានតែជាជនជាតិចិនដែលជាអ្នកកុម្មង់ម្ហូប ក៏ទៅសួរនាំដឹងទើបថាមិនមែនជាអ្នកកុម្មង់ម្ហូបទេ ។ ជាមួយនេះ ក៏បានឈរនិយាយជាមួយចុះឡើង ស្រាប់តែជនជាតិចិននោះយកទូរស័ព្ទដៃ១គ្រឿងម៉ាកអាយហ្វូនអ៊ិច មកលក់ឲ្យក្នុងតម្លៃ៣០០ដុល្លារ ។ ប៉ុន្តែដោយខ្លួនគាត់មានលុយតែ១០០ដុល្លារក៏តថ្លៃសុំនៅត្រឹម១០០ដុល្លារ ហើយជនជាតិចិននោះក៏ព្រមលក់ឲ្យរួចគេចខ្លួនបាត់ស្រមោលទៅ។
ជនរងគ្រោះរៀបរាប់ទៀតថា ក្រោយមកទើបខ្លួនដឹងថាទូរស័ព្ទដៃនេះខូចហើយក្លែងក្លាយ ទៀតក៏ស្តាយក្រោយ និងហៅមិត្តភក្តិដែលធ្វើការជាមួយគ្នាជិះម៉ូតូស្វែងរកតាំងពីម៉ោង២រសៀលរហូតដល់ម៉ោងប្រមាណ៧និង៥នាទីយប់ថ្ងៃទី៨ ខែតុលា ស្រាប់តែប្រទះឃើញជនជាតិចិនខាងលើនៅក្បែរផ្សារតាប៉ាង ក៏ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចដើម្បីសួរនាំ ប៉ុន្តែជនជាតិចិននោះមិនព្រមសារភាពទេ ។
ប៉ុន្តែដោយសារមិត្តភក្តិរបស់ខ្លួនជាច្រើននាក់ទៅជួយអន្តរាគមន៍ផង សមត្ថកិច្ចក៏បានឲ្យទៅហៅសន្តិសុខដែលយាមនៅកន្លែងកើតហេតុមកអះអាង ទើបជនជាតិចិននោះព្រមសងលុយចំនួន១០០ដុល្លារវិញ ៕
ចែករំលែកព័តមាននេះ