រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ បានបញ្ជូនខ្លួនយុវជនម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចម៉ូតូមីងយកទៅដាក់បញ្ចាំបានប្រាក់ចំនួន១ ០០០ដុល្លារ រួចបម្រុងយកទៅទិញថ្នាំមកប្រើប្រាស់ តែសំណាងមិនល្អដេកលក់ចោរលួចលុយនោះអស់ ចុងក្រោយនៅជាប់ខ្នោះទៅទៀត ។
ជនសង្ស័យខាងលើឈ្មោះ សន ចាន់ឡា ហៅ ឃ្លេ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបានឲ្យដឹងថា កាលពីម៉ោង៥និង៥៧នាទីរសៀល ថ្ងៃទី៤ ខែតុលានោះ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាលួចម្នាក់នៅចំណុចក្នុងរោងចក្រផ្លូវរទេះភ្លើង ស្ថិតក្នុងភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
សមត្ថកិច្ចបន្តថា ក្រោយពីឃាត់ខ្លួនជនសង្ស័យរូបនោះបានហើយ នគរបាលព្រហ្មទណ្ឌបាននាំខ្លួនជនសង្ស័យយកទៅសាកសួរ ទើបមានចម្លើយថា រូបគេពិតជាបានប្រព្រឹត្តអំពើលួចម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌លឿងលាយស ពាក់ស្លាកលេខភ្នំពេញ១ID-២៣៥៩ ពិតប្រាកដមែន គឺលួចនៅផ្ទះលេខ៩១ ផ្លូវលេខ១៣២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១១និង១៥នាទីយប់ ហើយម្ចាស់ម៉ូតូឈ្មោះ អ៊ុយ ហ៊ុយចាន់សុភ័ក្រនាថ ដែលត្រូវជាមីងរបស់ជនសង្ស័យ។
ជនសង្ស័យបានសារភាពបន្តថា នៅម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានទុកម៉ូតូនៅមុខផ្ទះ ហើយចូលទៅសម្រាកបាត់ ដោយឃើញដូច្នោះជនសង្ស័យក៏បានចូលទៅលួចយកម៉ូតូនោះ រួចជិះគេចខ្លួនតែម្តងទៅ ។ លុះព្រឹកឡើង ជនសង្ស័យក៏យកម៉ូតូនោះទៅដាក់បញ្ចាំបានប្រាក់ចំនួន១០០០ដុល្លារ រួចក៏បានទៅសំងំដេកត្រៀមកម្លាំងដើម្បីយកពេលទៅទិញថ្នាំញៀនប្រើប្រាស់ ប៉ុន្តែដោយសារសំណាងមិនល្អ លុយ១០០០ដុល្លារនោះជាផលបានមកពីអំពើទុច្ចរិត (លួចគេ) ត្រូវចោរផ្សេងទៀតខ្វេះហោប៉ៅលួចបន្តបាត់អស់ ទីបំផុតប្រាក់ក៏បង់ថង់ក៏ដាច់ ថែមទាំងលទ្ធផលចុងក្រោយ ដៃក៏ត្រូវជាប់ខ្នោះរបស់សមត្ថកិច្ចនាំឲ្យដេកក្នុងពន្ធនាគារតែម្តង ៕
ចែករំលែកព័តមាននេះ