នៅថ្ងៃទី5-6 ខែមេសា ឆ្នាំ2015 ក្លឹបភាសា និងវប្បធម៌ខ្មែរ សាកលវិទ្យាល័យប៊ូរផា (Cambodian Language and Culture Club, CLCC) បានរៀបចំកម្មវិធី “CLCC Songkran Khmer 2015” ដើម្បីអោយនិស្សិតខ្មែរដែលកំពុងរៀននៅប្រទេសថៃ បានចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរ និងដើម្បីផ្សព្វផ្សាយវប្បធម៌ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើងអោយគ្រូសិស្ស និស្សិតជនជាតិផ្សេងៗបានស្គាល់នូវវប្បធម៌ដ៏ល្អផូរផង់របស់យើង ពិសេសដើម្បីអោយជនជាតិថៃស្គាល់នូវភាពខុសប្លែកគ្នា រវាងវប្បធម៌ខ្មែរយើង និងថៃ ទោះបីជាមានកម្មវិធីសង្ក្រាន្តដូចគ្នា តែការប្រារព្ធធ្វើមិនដូចគ្នា ។
កម្មវិធីមានកម្មវិធីជប់លៀងរាត្រីវប្បធម៌ CLCC (CLCC CULTURE NIGHT) នៅល្ងាចថ្ងៃទី៥ មានការសម្តែងរបាំបុរាណ របាំសហ័សសម័យទាក់ទងប្រពៃណីខ្មែរយើង និងនៅព្រឹកថ្ងៃទី៦ យើងមានកម្មវិធីសូត្រមន្តរាប់បាត្រ ពូនភ្នំខ្សាច់ ស្រង់ព្រះ និងលេងល្បែងប្រជាប្រិយខ្មែរ ដោយរៀបចំតាមកម្មវិធីខ្មែរទាំងអស់ ក្នុងកម្មវិធីសូត្រមន្ត យើងបាននិមន្តព្រះសង្ឃខ្មែរដែលកំពុងសិក្សានៅប្រទេសថៃ ។
ក្នុងនាម ខ្ញុំបាទជាប្រធានក្លឹបភាសា និងវប្បធម៌ខ្មែរប្រចាំសាកលវិទ្យាល័យប៊ូរផាប្រទេសថៃ និងជាប្រធានគម្រោងកម្មវិធី CLCC សង្ក្រាន្តខ្មែរ ២០១៥ ខ្មុំមានមោទនភាពណាស់ ដែលបានបង្កើតកម្មវិធីឡើង ដើម្បីអោយនិស្សិតមកពីសាកលវិទ្យាល័យផ្សេងៗដូចជា សាកលវិទ្យាល័យជូឡាលុងកន សាកលវិទ្យាល័យមហិឌុល សាកលវិទ្យាល័យធុរកិច្ចបណ្ឌិត សាកលវិទ្យាល័យក្សេតសាស្ត្រ និងសាកលវិទ្យាល័យផ្សេងៗចូលរួមសប្បាយរីករាយក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរយើង និងពិសេសបំផុត បានផ្សព្វផ្សាយវប្បធម៌យើងអោយប្រទេសផ្សេងៗបានស្គាល់បានដឹង ។
តាំងនាម ខ្ញុំតំណាងឱ្យសិស្សនិស្សិតនៃសាកលវិទ្យាល័យប៊ូរផា សូមអរគុណដល់សាកលវិទ្យាល័យប៊ូរផា ដែលអនុញាតអោយយើងប្រារព្ធកម្មវិធីនេះឡើង និងសិស្សនិស្សិតខ្មែរមកពីសាកលវិទ្យាល័យផ្សេងៗទាំងអស់ ដែលចូលរួមធ្វើអោយកម្មវិធីរបស់យើងប្រារព្ធទៅដោយឱឡារិក និងអធិកអធ័ម ៕
ចែករំលែកព័តមាននេះ