ខេត្តសៀមរាប ៖ ភ្លេងបុរាណខ្មែរបានរក្សាទុកនៅនិរន្តរ៍ភាពរបស់ខ្លួនអាចឲ្យគេចងចាំតាមរយៈឧបករណ៍៤ប្រភេទ ដែលគេប្រើខ្សែសម្រាប់ដេញ កេះ កូត និងឧបករណ៍សម្រាប់ផ្លុំ និងវាយបង្កើតស្នូរ ដែលឧបករណ៍ទាំងនោះមានដូចជា៖ ស្គរ (ស្គរដី ស្គរសម្ភោរ ស្គរធំ ស្គរតូច ស្គរជ័យ), ឈឹង រនាត (រនាតឯក រនាតធុង), ទ្រ ទ្រសោ ទ្រអ៊ូ តាខេ ទ្រឆេ ខ្លុយ ឃឹម ឆាប គង គែន ណៃ មួង ស្រឡៃ ចាប៉ី គងវង្សតូច គងវង្សធំ ឃ្មោះ ប៉ាន់ កុងប៉ឹង ប៉ីអ។ល។
ឧបករណ៍ប៉ុន្មានប្រភេទនេះហើយ ដែលធ្វើឲ្យអន្តរជាតិស្គាល់ខ្មែរតាមរយៈឧបករណ៍ភ្លេងខ្មែរ។ ជាមួយនឹងឧបករណ៍ដដែលនេះ ក៏ត្រូវបានយកមកបង្ហាញពីប្រពៃណីរបស់ខ្លួនដែលប្រើក្នុងពិធីបែបសាសនាដូចជា ពិធីបុណ្យកឋិនទាន បុណ្យផ្កាប្រាក់ បុណ្យចូលឆ្នាំថ្មី បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងការសម្ដែងសិល្បៈសម័យជាដើម។
ភ្លេងខ្មែរមានច្រើនប្រភេទ ហើយការប្រើប្រាស់ឧបករណ៍ភ្លេង និងពេលវេលានៃការលេងក៏មានលក្ខណៈខុសគ្នាទៅតាមវង់ភ្លេងនីមួយៗផងដែរ។ ភ្លេងពិណពាទ្យ គេហៅភ្លេងពិណពាទ្យ ព្រោះនៅក្នុងក្រុមភ្លេងនោះកាលដើមឡើយគេនិយមប្រើពិណចេញផ្តើមមុនគេ។ អ្នកខ្លះហៅភ្លេងនេះច្រឡំជាភ្លេងសៀម តាមការពិតសៀមយកពីខ្មែរយើងវិញទេ។
សៀមហៅវង្សភ្លេងនេះថា ជា ប៉ីពាទ្យ (ពិផាត) ព្រោះក្នុងការចាប់ផ្តើមគេប្រើ ប៉ី ឬស្រឡៃនាំមុខគេ។ តាមការពិតភ្លេងពិណពាទ្យមានកំណើតចេញពីប្រទេសឥណ្ឌាតាំងពីសម័យព្រេងនាយមកម្ល៉េះ។ លុះក្រោយមកខ្មែរក៏បានកែសម្រួល និងថែមថយគ្រឿងភ្លេងឲ្យក្លាយជាភ្លេងរបស់ខ្មែរវិញ។
ខ្មែរនិយមប្រើប្រាស់ភ្លេងពិណពាទ្យ សម្រាប់ប្រគុំកំដរក្នុងឱកាសឡើងរោងលាបំណន់វត្ថុស័ក្ដិសិទ្ធិ ពិធីបុណ្យសព បម្រើក្នុងរបាំព្រះរាជទ្រព្យ និងពិធីបុណ្យសាសនាជាដើម។ ម្យ៉ាងទៀត ប្រជាជនខ្មែរយើងក៏និយមលេងភ្លេង ដើម្បីកំដរសិល្បៈដែលមានអាយុចំណាស់ដូចជារបាំបុរាណផងដែរ។
ពិណពាទ្យ ជាវង្សភ្លេងដែលលេងក្នុងការកំដររបាំបុរាណក្នុងពិធីបួងសួង (បន់ស្រន់លាបំណន់) ក្នុងពិធីសាសនា (បុណ្យកឋិនទាន បំបួសនាគ ពុទ្ធពិសាក) ជួនកាលប្រើក្នុងពិធីបុណ្យសព។
សព្វថ្ងៃវង់ពិណពាទ្យ ចែកជាពីរវង្ស គឺ វង់តូចមានប្រដាប់៥គ្រឿង ចំណែកវង់ធំមាន១០គ្រឿង។
នៅក្នុងព្រះរាជវាំងមានគ្រឿងភ្លេងពិណពាទ្យ ជាពិសេសមួយបែបហៅថា ក្រុមភ្លេងមហោរីមានគ្រឿងចម្រុះច្រើនយ៉ាងដល់ទៅ១៦គ្រឿង ដែលក្នុងវង្សភ្លេងនេះមានឧបករណ៍ដូចជា ប៉ី ឈឹង សម្ពោរ រនាត គងវង្សតូច ធំ ស្គរជ័យ និងស្រឡៃ។ ដូចនេះក្នុងនាមយើងជាកូនខ្មែរជំនាន់ក្រោយ គួរតែបន្តលើកស្ទួយជួយការពារមរតកសិល្បៈភ្លេងខ្មែរឲ្យបានគង់វង្សស្ថិតស្ថេរជារៀងរហូតទៅ កុំឲ្យបាត់បង់តទៅទៀត៕
ចែករំលែកព័តមាននេះ