ប្រភពដើម
លោកអឹុម សុងសឺម ចាប់កំណើតនៅឆ្នាំ១៩៤៣ នៅឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។
លោកអឹុម ស៊ាន និងអ្នកស្រីតាន់ សឿន ជាអ្នកផ្តល់កំណើតឱ្យលោកអឹុម សុងសឺម ។
លោកអឹុម សុងសឺម ជាអតីតសិស្សថ្នាក់ទី៣នៃវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង ។
ដុះពន្លកសិល្បៈចម្រៀងតាំងពីនៅរៀន
បើតាមអ្នកស្រីកែវ ច័ន្ទបូរណ៍ ជាអ្នកនិពន្ធប្រលោមលោក បានលើកឡើងឱ្យដឹងនៅក្នុងសា្នដៃរៀបរៀងពីប្រវត្តិរបស់រាជិនីសំឡេងមាសរស់ សិរីសុទ្ធា ថា ឪពុករបស់អ្នកស្រីឈ្មោះ ប៊ុន ថង ជាសាស្ត្រាចារ្យ និងដែលមានជំនាញខាងតន្ត្រី ដោយចេះលេងចាប៉ី ស្គរ និងហ្គីតាយា៉ងចំណាន បានជួយបណ្តុះបណ្តាលសិស្សរបស់គាត់ជាច្រើននាក់ឱ្យក្លាយជាអ្នកចម្រៀងល្បីឈ្មោះ មានលោកអឹុម សុងសឺម អ្នកស្រីហួយ មាស អ្នកស្រីប៉ែន រ៉ន និងប្អូនទាំងបីនាក់ គឺអ្នកស្រីប៉ែន រ៉ម អ្នកស្រីប៉ែន រ៉ាំ និងអ្នកស្រីប៉ែន ចន្ថា ។
នៅពេលទំនេរពីកិច្ចការជាសាស្ត្រាចារ្យនៅវិទ្យាល័យអ៊ាប ឃុតនេតយ៉ង លោកសាស្ត្រាចារ្យប៊ុន ថង បានបង្កើតថ្នាក់បង្រៀននៅផ្ទះឱ្យសិស្សជួបជុំគ្នាធ្វើលំហាត់សាលាដើម្បីឱ្យកាន់តែរៀនពូកែ ហើយជួនកាលគាត់នាំសិស្សហាត់លេងតន្ត្រី និងច្រៀង ក្នុងនោះមានទាំងលោកអឹុម សុងសឺម ផង ។ ទទួលការបណ្តុះបណ្តាលនោះផង និងទេពកោសល្យពីធម្មជាតិផង លោកអឹុម សុងសឺម បានទទួលចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធីប្រឡងចម្រៀងនៅក្រុងបាត់ដំបង ក្នុងគ្រាលោកនៅរៀននៅឡើយ ។
ទេពកោសល្យចម្រៀងកាន់តែលូតលាស់
បន្ទាប់ពីនោះមក លោកអឹុម សុងសឺម ត្រូវក្រសួងឃោសនាការទាក់ទងឱ្យចូលជាសមាជិកក្នុងក្រុមតន្ត្រីឈ្មោះ «ក្រុមតន្ត្រីយោធាភិរម្យ» ។
បើតាមអ្នកស្រីកែវ ច័ន្ទបូរណ៍ ឱ្យដឹងថា លោកអឹុម សុងសឺម ច្រៀងប្រចាំនៅរង្គសាល «ស្ទឹងខៀវ» នាខេត្តបាត់ដំបង មុនពេលលោកបានក្លាយជាអ្នកចម្រៀងល្បីឈ្មោះនៅភ្នំពេញ ។
អាជីពក្រៅពីជាអ្នកចម្រៀង
ក្រៅពីអាជីពជាអ្នកចម្រៀង លោកអឹុម សុងសឺម បានចូលធ្វើជាយុទ្ធជនក្នុងកងពលតូចថ្មើរជើងលេខ១៣ មានឋានន្តរសិក្តិជាអនុសេនីយ៍ត្រី នៅក្រោយព្រឹត្តិការណ៍ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ។
លើសពីនេះបើតាមអ្នកស្រីកែវ ច័ន្ទបូរណ៍ បង្ហាញថា លោកអឹុម សុងសឺម ជាអតីតគ្រូបង្រៀននៅកំពងព្រះ បាត់ដំបង ។
អនុស្សាវរីយ៍ជាមួយអ្នកស្រីរស់ សេរីសុទ្ធា ពេលចាកចេញពីស្រុកកំណើតទៅនៅភ្នំពេញដំបូង នៅចុងឆ្នាំ១៩៦៧ អ្នកស្រីរស់ សិរីសុទ្ធា បានចូលជាសមាជិកក្នុងក្រុមតន្ត្រី «យោធាភិរម្យ» នៃក្រសួងឃោសនាការជាមួយលោកអឹុម សុងសឺម ដែរ ។ អ្នកស្រីរស់ សេរីសុទ្ធា តែងតែចេញច្រៀងជាសាធារណៈញឹកញាប់ជាដៃគូជាមួយលោកអឹុម សុងសឺម ។
លោកអឹុម សុងសឺម តែងតែជួយជ្រោមជ្រែង និងណែនាំផ្លូវជីវិតយា៉ងកក់ក្តៅដល់អ្នកស្រីរស់ សេរីសុទ្ធា ទុកដូចជាសាច់ញាតិរបស់លោកដែរ ។
អំឡុងពេលនោះអ្នកស្រីរស់ សេរីសុទ្ធា ជួលផ្ទះនៅក្បែរសាលាពៅអ៊ុំ ជិតផ្ទះអ្នកស្រីហួយ មាស ។ ពេលទៅធ្វើការអ្នកស្រីរស់ សេរីសុទ្ធា តែងតែជិះត្រីចក្រយាន (ស៊ីក្លូ) ។ ជួនកាលលោកអឹុម សុងសឺម បានយកអាសាដោយឱ្យអ្នកស្រីរស់ សេរីសុទ្ធា ជិះរថយន្តទៅជាមួយលោក ព្រោះធ្វើការនៅកន្លែងជាមួយគ្នា ។
ច្រៀងចំអកអ្នកស្រីហួយ មាស ជាសិស្សរួមថ្នាក់សិក្សា និងរួមគ្រូសិល្បៈ
ក្នុងរឿងរ៉ាវស្នេហាបែកព្រាត់របស់អ្នកស្រីហួយ មាស និងតន្ត្រីករប្រចាំវិទ្យុជាតិ លោកអ៊ុំ សុផានុរក្ស ដែលមានចម្រៀងឌឺដង ផ្លែផ្កាគ្នា គឺបទ «សំឡេងទ្រខ្មែរ» ច្រៀងដោយលោក អ៊ុំ សុផានុរក្ស, បទ «ចិត្តខុសពីមុន» ច្រៀងដោយអ្នកស្រីហួយ មាស, បទ «បក្សីក្ងោកមាស» ច្រៀងដោយលោកអឹុម សុងសឺម, បទ «ដំបៅស្នេហ៍» ច្រៀងដោយអ្នកស្រីម៉ៅ សារ៉េត និងបទ «កូនយើងបានអាយុ៥ឆ្នាំហើយ» ច្រៀងដោយលោកអាប់ឌុល សារី …គឺលោកអឹុម សុងសឺម មានចំណែកនៅក្នុងនោះដែរ ។
លោកអឹុម សុងសឺម និងអ្នកស្រីហួយ មាស ធ្លាប់រៀនរួមថ្នាក់ជាមួយគ្នា ក្រោមការបង្រៀនដោយសាស្ត្រាចារ្យប៊ុន ថង ។ លើសពីនេះអ្នកទាំងពីរទទួលការបណ្តុះបណ្តាលផ្នែកចម្រៀងពីសាស្ត្រាចារ្យប៊ុន ថង ទៀត ។
នៅពេលយុវតីហួយ មាស ប្រឡងឌីប្លូមវគ្គទីមួយធ្លាក់ នាងខកចិត្តជាខ្លាំង លែងមានកម្លាំងចិត្តចង់ចូលប្រឡងលើកទីពីរ ។ កាលនោះលោកអឹុម សុងសឺម ដែលជាសិស្សច្បង បានប្រឡងជាប់ធ្វើគ្រូបង្រៀន តែលោកមិនបានចូលធ្វើការខាងផ្នែកនេះទេ បែរជា បន្តការងារខាងតន្ត្រីយោធា ក្រសួងឃោសនាការទៅវិញ ដ្បិតលោកធ្លាប់បានចូលរួមការងារ នៅទីនោះតាំងពីនៅរៀនមកម្ល៉េះ ដូច្នេះហើយពុំដាច់អាល័យពីកន្លែងនោះ ។
លុះបានដំណឹងថា សិស្សប្អូនហួយ មាសបាក់ទឹកចិត្ត កើតទុក្ខ គេចមុខ មិនជួបនរណា ក៏ចេញទៅតាមរកនាងឱ្យមកបង្ហាញទេពកោសល្យរបស់នាង តាមរយៈក្រុមតន្ត្រីខេត្ត ដែលចេញផ្សាយស្នាដៃរៀងរាល់សប្តាហ៍ ដើម្បីលើកស្ទួយកម្លាំងចិត្តនាង។
អាស្រ័យប្រការនោះហើយ ដែលនាំឱ្យយុវតី ហួយ មាស មានឱកាសបានបញ្ចេញទេពកោសល្យរបស់ខ្លួន ផ្នែកសំនៀងវោហារ តាមនិស្ស័យសម្បទាដែលនាងពេញចិត្តបំផុត តាំងពីកុមារភាពរហូតដល់បានល្បីឈ្មោះពេញខេត្តទាំងមូលក្នុងរយៈពេលដ៏ខ្លី ។
នៅឆ្នាំដដែល ពេលលោកអឹុម សុងសឺមត្រូវផ្លាស់ទៅនៅភ្នំពេញ ដើម្បីបណ្តុះអាជីពជាតារាចម្រៀងប្រចាំប្រទេស លោកក៏បានស្វែងរកផ្លូវ ណែនាំសិស្សប្អូនរបស់លោកទៅសិល្បកររៀមច្បងផ្នែកតូរ្យតន្ត្រី និងវិទ្យុជាតិនៅភ្នំពេញដើម្បីជួយឱ្យពួកគេអាចបន្តការរីកដុះដាលនៅ ភ្នំពេញ ដូចលោកដែរ ក្នុងនោះមានសិស្សប្អូនហួយ មាស, ប៉ែន រ៉ន និងរស់ សេរីសុទ្ធា ដែលចេញទៅភ្នំពេញបន្តបន្ទាប់ក្នុងឆ្នាំតែមួយ ។
ក្នុងអាជីពចម្រៀង ពីដំបូងឡើយអ្នកស្រីហួយ មាស ច្រើនច្រៀងបទទោលតែប៉ុណ្ណោះ ហើយប្រសិនបើច្រៀងចម្រៀងឆ្លើយឆ្លងវិញ អ្នកស្រីច្រើនតែជ្រើសដៃគូជាមួយលោកអឹុម សុងសឺម ដែលជាសិស្សច្បងរបស់ខ្លួន មិនសូវឃើញច្រៀងជាមួយនរណាទៀតឡើយ ។ អ្នកស្រីហួយ មាស ប្រកាន់វិន័យខ្ជាប់ខ្ជួនណាស់ មិនសូវច្រៀងឆ្លើយឆ្លងជាមួយបុរសណាទេ រហូតដល់ពេលរៀបការមានកូនហើយ ទើបចាប់ដៃគូចម្រៀង ផ្សេងៗទៀតក្រៅពីលោកអឹុម សុងសឺម ។
រវាងលោកអឹុម សុងសឺម និងអ្នកស្រីហួយ មាស មានភាពជិតស្និទ្ធនឹងគ្នាបែបនោះ តែក្រោយមកមើលមុខគ្នាមិនចំទៅវិញ រឿងនេះទាក់ទិននឹងរឿងស្នេហាបែកព្រាត់របស់អ្នកស្រីហួយ មាស និងលោក អ៊ុំ សុផានុរក្ស ដោយលោកអឹុម សុងសឺម កាន់ជើងលោក អ៊ុំ សុផានុរក្ស ដែលជាមិត្តភក្តិរបស់លោក ។
បើតាមសំដីកវីនិពន្ធនានាដែលនៅមានជីវិតដូចជាលោកអ៊ុំ ដរ៉ា លោកហេ ជុនសិ និងលោកហេង ហួវ៉េង (ស្លាប់ឆ្នាំ២០១២) ឱ្យដឹងថា កាលនោះចម្រៀងដំបូងគេបំផុតដែលបង្ហើរឡើងដើម្បីបកស្រាយពីការឈឺចាប់របស់លោកអ៊ុំ សុផានុរក្ស នោះមានចំណងជើងថា «សំឡេងទ្រខ្មែរ» ច្រៀងផ្ទាល់ដោយលោកអ៊ុំ សុផានុរក្ស ហៅយែលផ្ទាល់តែម្តង ដែលបទនេះគឺជាស្នាដៃនិពន្ធរបស់កវីសេកមាសម៉ា ឡៅពី ព្រោះកវីនេះកាន់ជើងលោកអ៊ុំ សុផានុរក្ស ហៅយែល ។ បទនេះលោកហេង ហួវ៉េង ដែលជាប្រធានក្រុមតន្ត្រីឃោសនាការ(វិទ្យុជាតិ) ជាអ្នកនិពន្ធបទភ្លេង និងសម្រួលតន្ត្រី ។
ដោយឡែក និយាយពីកវីរៀមច្បងពៅ ស៊ីផូ វិញជាអ្នកកាន់ជើងអ្នកស្រីហួយ មាស ពេលឮលោកអ៊ុំ សុផានុរក្សច្រៀងរិះគន់ចំអកអ្នកស្រីហួយ មាស ដោយចោទថា «ជាស្រីសាវា ស្រីក្បត់ប្តី រត់ចោលកូន» បែបនេះ លោកក៏និពន្ធចម្រៀងមួយបទឱ្យអ្នកស្រីហួយ មាស ច្រៀងបកទៅវិញ គឺបទ «ចិត្តខុសពីមុន» ។
បទ «ចិត្តខុសពីមុន» និពន្ធបទភ្លេង និងទំនុកច្រៀងដោយលោកពៅ ស៊ីផូ, សម្រួលតន្ត្រីដោយលោកហេង ហួវ៉េង, ច្រៀងដោយអ្នកស្រីហួយ មាស ប្រគំថតដោយវង់ភ្លេងឃោសនាការ។
«ចិត្តខុសពីមុនដែលអូនស្មានថាសុភាពបុរស នៅគ្រាដំបូងបង្អស់ដែលអូនបោះបង់ចិត្តលើបង ជឿលង់គំនិត ជឿពិតថាដូចបំណង ជឿថាបានមកលើដៃបង អស់សៅហ្មងក្នុងជីវិតថ្មី…»។
ទោះជាយ៉ាងណាក្តី ពាក្យពេចន៍ដែលអ្នកស្រី ហួយ មាស រៀបរាប់ដោះសា និងអង្វរលន់តួទាំងនេះមិនបានចូលត្រចៀកលោកអ៊ុំ សុផានុរក្ស ឡើយ ប៉ុន្តែវាបែរជាធ្វើឱ្យលោកកាន់តែឈឺចិត្តថែមទៀត ដោយមិនទទួលការដោះសាទាំងនោះបន្តិចណាទេ ។
ភ្លាមនោះលោកអឹុម សុងសឺម ជាអ្នកចម្រៀងក្នុងក្រុមតន្ត្រីវិទ្យុជាតិដែរ ហើយដែលកាន់ជើងលោកអ៊ុំ សុផានុរក្ស ក៏បាននិពន្ធចម្រៀងវាយបកវិញ និងច្រៀងដោយខ្លួនលោកផ្ទាល់ដើម្បីចំអកផ្លែផ្កា រិះគន់អ្នកស្រីហួយ មាស ជំនួសលោកអ៊ុំ សុផានុរក្ស ព្រោះតែឈឺចិត្តជួសមិត្តភក្តិ។ បទនោះមានចំណងជើងថា «បក្សីក្ងោកមាស» ។
បទ «បក្សីក្ងោកមាស» លោកអឹុម សុងសឺម បានដាក់មនោសញ្ចេតនាជ្រៅណាស់ក្នុងពេលច្រៀង គឺហាក់ដូចរឿងនេះជារឿងផ្ទាល់របស់លោកអីុចឹង ដូច្នេះហើយបានជាពេលគេស្តាប់បទនេះកាលណា គេហាក់ឃើញរូបភាពតួប្រុសក្នុងចម្រៀងនេះកំពុងចុកចាប់ដល់កម្រិតកំពូល។ មិនថាតែពាក្យពេចន៍ដែលសង្កត់ធ្ងន់ចំពោះការខកចិត្ត និងចុកឈាមប៉ុណ្ណោះទេ សូម្បីតែការបញ្ចេញសំនៀងរបស់លោកអឹុម សុងសឺម ក៏ហាក់អួលណែនដើមទ្រូងយ៉ាងជ្រៅដែរ មិនដឹងថាពេលកំពុងថតបទនេះលោកបញ្ចូលអារម្មណ៍ និងទឹកចិត្តឈឺចាប់ជ្រៅដល់កម្រិតណាឡើយ ។
«បទបក្សីក្ងោកមាស» និពន្ធបទភ្លេង និងទំនុកច្រៀងដោយលោកអឹុម សុងសឺម, សម្រួលតន្ត្រីដោយលោកហេង ហួវ៉េង, ច្រៀងដោយអឹុម សុងសឺម ប្រគំថតដោយវង់ភ្លេងឃោសនាការ។
«តើដល់ឆ្នាំណាទើបអូនភ្ញាក់ខ្លួន ? កូនស្រស់ស្រីស្ងួនយំរកអូនខ្លាំង ចោលបង និងកូនឱ្យវេទនាណាស់ រស់អត់រស់ឃ្លានរលាំងរលះ នេះគឺកម្មក្រាស់យើងហើយណ៎ា…»។
ពាក្យ «ក្ងោកមាស» ក្នុងទំនុកច្រៀងនេះលោកអឹុម សុងសឺម ចង់សំដៅន័យពីរយ៉ាង ទី១ គឺសំដៅលើសត្វក្ងោកមាស ដែលជាបក្សីមានរូបល្អឆើតចូលចិត្តបង្អួតរាងដាក់គេឯង ។ ទី២ គឺលោកចង់សំដៅទៅឈ្មោះអ្នកស្រី ហួយ មាស តែម្តង ។
បែរមកលោកយ៉ង់ ឈៀង ហៅសំនៀងប្ញទ្ធី ឯណោះវិញ ដែលកាន់ជើងអ្នកស្រីហួយ មាស ពេលឮលោកអឹុម សុងសឺម ច្រៀងជេរដៀលអ្នកស្រីហួយ មាស កប់ៗមាត់បែបនេះ លោកក៏និពន្ធចម្រៀងមួយបទក្នុងបំណងឱ្យអ្នកស្រីហួយ មាស ច្រៀងបកត្រឡប់ទៅវិញ ។
គ្រានោះកវីដ៏ល្បីឈ្មោះ សំដីមុតដូចកាប់ពូថៅ ហើយដែលចូលចិត្តតែងនិពន្ធពីស្នេហាផិតក្បត់នេះបាននិពន្ធបទ មួយដែលមានចំណងជើងថា «ដំបៅស្នេហ៍»។ ចៃដន្យស្រាប់តែពេលនោះអ្នកស្រី ហួយ មាស ឈឺច្រៀងមិនកើត លោកយ៉ង់ ឈៀង ក៏ប្រគល់ទំនុកនោះទៅឱ្យអ្នកចម្រៀងជើងចាស់មួយរូបដែលលោកចូលចិត្តជាងគេ ជាអ្នកបកស្រាយជំនួសវិញ នោះគឺអ្នកស្រីម៉ៅ សារ៉េត ជាអ្នកចម្រៀងដ៏ល្បីប្រចាំវង់ភ្លេងយោធាភិរម្យ ហើយដែលមានលោកសម សាខន ប្តីអ្នកស្រីម៉ៅ សារ៉េត ជាមេភ្លេង នៃវង់ភ្លេងយោធាភិរម្យ ដឹកនាំវង់ភ្លេងនេះប្រគំថតតែម្តង ។
មរណភាពទាំងវ័យក្មេង និងកំពុងល្បីឈ្មោះ
កសាងជីវិតបានល្បីឈ្មោះ ក្នុងនាមជាអ្នកចម្រៀង ប៉ុន្តែមរណភាពបានបង្អាក់លោកអឹុម សុងសឺម មិនឱ្យនៅបង្កើនប្រជាប្រិយភាពតទៅទៀត ។ យោងតាមសារព័ត៌មាន «វត្តភ្នំ» ចេញផ្សាយថ្ងៃទី២០ មីនា ឆ្នាំ១៩៧២ ឱ្យដឹងថា ជំងឺមហារីកក្រពះ បានបញ្ចប់ជីវិតលោកអឹុម សុងសឺម ក្នុងវ័យ២៩ឆ្នាំ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ១៩៧២ វេលាម៉ោង៥ និង៣០នាទីល្ងាច នៅគេហដ្ឋានរបស់លោកក្នុងក្រុងបាត់ដំបង ។
បទចម្រៀងថតថាសចុងក្រោយ
បទចម្រៀងដែលលោកអឹុម សុងសឺម ថតថាសចុងក្រោយមុនពេលលោកទទួលមរណភាពមានបទ «ឪពុកខ្ញុំ», បទ «ភ្នំពេជ្រនិល», បទ «កំលោះ-ក្រមុំហឺុហា» និងបទ «ចាំមើលតែ ផ្លូវ» ។ ក្នុងចំណោមបទចម្រៀងទាំងនោះ បទ «ចាំមើលតែផ្លូវ» មានប្រជាប្រិយភាពជាងគេ ហើយមកដល់បច្ចុប្បន្ន (ឆ្នាំ២០១៥) នៅតែមានប្រជាប្រិយភាពមិនទាន់សាបរលាបនៅឡើយ ។
ក្រៅពីបទចម្រៀងទាំងនោះ លោកអឹុម សុងសឺម មានបទចម្រៀងជាច្រើនបទទៀតដូចជាបទ «បក្សីក្ងោកមាស», «ស្នេហាជាស្រាពុល» «ស្រីក្បត់ឥតន័យ», «សង្ឃឹមចុងក្រោយ», «យប់មិញសុបិនឃើញអូន», «ភូមាចាក់កង្កែប (ច្រៀងរួមគ្នាជាមួយហែ សុខុម)», «ក្រមុំចាស់ (ច្រៀងរួមគ្នាជាមួយនៅ ណារិន)», បទ «រំដួលក្រចេះ», «ឆ្នាំមុន», «លាហើយសង្សារ», «ស្រណោះកន្ទោងខៀវ», «សំឡេងបងច្រៀង», «បុប្ផានៃដួងចិត្ត», «ព្រានព្រៃក្លាហាន», «អាថ៌កំបាំងស្នេហា», «ខ្មៅអើយខ្មៅ(ច្រៀងរួមគ្នាជាមួយអ្នកស្រីរស់ សេរីសុទ្ធា)», «ប្រុសពេញដីស្រីពេញនគរ(ច្រៀងរួមគ្នាជាមួយអ្នកស្រីរស់ សេរីសុទ្ធា», «ម៉ាក់ថឺង(ច្រៀងរួមគ្នាជាមួយអ្នកស្រីរស់ សេរីសុទ្ធា», «ខូចខ្លួនខូចប្រាណ(ច្រៀងរួមគ្នាជាមួយអ្នកស្រីរស់ សេរីសុទ្ធា», «សន្យាប្រាំពីរថ្ងៃ(ច្រៀងរួមគ្នាជាមួយអ្នកស្រីហួយ មាស», «ផ្កាល្ហុង(ច្រៀងរួមគ្នាជាមួយអ្នកស្រីហួយ មាស», «អូនស្ម័គ្របងទេ?(ច្រៀងរួមគ្នាជាមួយអ្នកស្រីហួយ មាស», «ប្រយ័ត្នខ្ញុំស្រែក(ច្រៀងរួមគ្នាជាមួយអ្នកស្រីហួយ មាស», «ទៅហើយមកវិញ(ច្រៀងរួមគ្នាជាមួយអ្នកស្រីហួយ មាស», និងបទ«រាំវង់ប្រពៃណី(ច្រៀងរួមគ្នាជាមួយអ្នកស្រីហួយ មាស)» ជាដើម ៕
ចែករំលែកព័តមាននេះ