ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងស្រីជាង ១៤.០០០នាក់ ចែករំលែកបទពិសោធន៍នៃការបៀតបៀននិងការរើសអើងពីបណ្តាញសង្គម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការស្រាវជ្រាវរបស់ អង្គការភ្លែនអន្តរជាតិ បានឱ្យដឹងថា ការរំលោភបំពាននិងការបៀតបៀនធ្វើឱ្យក្មេងស្រីដកខ្លួនចេញ ពីវេទិកា ឬការប្រើប្រាស់ Facebook បណ្តាញសង្គម…

រាជធានីភ្នំពេញ ៖ ការស្រាវជ្រាវរបស់ អង្គការភ្លែនអន្តរជាតិ បានឱ្យដឹងថា ការរំលោភបំពាននិងការបៀតបៀនធ្វើឱ្យក្មេងស្រីដកខ្លួនចេញ ពីវេទិកា ឬការប្រើប្រាស់ Facebook បណ្តាញសង្គម Instagram និង Twitter នេះគឺជាការរកឃើញតាមរយៈការស្ទង់មតិសកលមួយ។

របាយការណ៍ចេញនៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២០ នេះបានបន្តថា ការស្ទង់មតិដ៏ធំបំផុត ស្តីពីអំពើហិង្សាតាមអ៊ីនធឺណិតបង្ហាញថាក្មេងស្រីម្នាក់ក្នុងចំណោមក្មេងស្រីប្រាំនាក់ (១៩ភាគរយ) បានចាកចេញ ឬកាត់បន្ថយការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីទទួលរងការបៀតបៀន ខណៈពេលដែលម្នាក់ក្នុងចំណោមដប់នាក់ (១២ភាគរយ) បានផ្លាស់ប្តូររបៀបនៃការបញ្ចេញមតិរបស់ពួកគេ។

សកម្មភាពរំលោភបំពានទាំងនេះកើតឡើងជាទូទៅនៅលើ Facebook ដែល ៣៩ភាគរយ និយាយថាពួកគេបានទទួលរង ការបៀតបៀន។ ប៉ុន្តែបើតាមរយៈការសិក្សាស្រាវជ្រាវសកល សកម្មភាពទាំងនេះបានកើតឡើងនៅលើគ្រប់ប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់ ដែលរួមមាន Instagram (២៣ភាគរយ) WhatsApp (១៤ភាគរយ) Snapchat (១០ភាគរយ) Twitter (៩ភាគរយ) និង TikTok (៦ភាគរយ)។
ការស្រាវជ្រាវរបស់ អង្គការភ្លែនអន្តរជាតិ ដែលជាអង្គការលើកកម្ពស់សិទ្ធិក្មេងស្រីឈានមុខគេ ដោយផ្អែកលើការស្ទង់មតិជាមួយក្មេងស្រីចំនួន ១៤.០០០នាក់ ដែលមានអាយុពី ១៥ ទៅ ២៥ឆ្នាំ នៅក្នុង ២២ប្រទេស រួមមានប្រេស៊ីល បេនីន សហរដ្ឋអាមេរិក និងឥណ្ឌា រួមជាមួយនឹងបទសម្ភាសន៍ស៊ីជម្រៅជាបន្តបន្ទាប់។

លោកស្រី Anne-Birgitte Albrectsen នាយិកាប្រតិបត្តិនៃអង្គការភ្លែនអន្តរជាតិបានមានប្រសាសន៍ថា «បើទោះបីជាការស្រាវជ្រាវនេះត្រូវបានប្រមូលផ្តុំពីការសន្ទនាជាមួយក្មេងស្រីជាង ១៤.០០០នាក់ មកពីទ្វីបជាច្រើន ប៉ុន្តែពួកគេចែករំលែកនូវបទពិសោធន៍ស្រដៀងគ្នានៃការបៀតបៀន និងការរើសអើង»។

លោកស្រី បានបន្តទៀតថា «សកម្មភាពរំលោភបំពានទាំងនេះអាចមិនបញ្ចេញទៅលើរាងកាយ ប៉ុន្តែជារឿយៗវាតែងតែបង្កើតនូវការគំរាមគំហែង មានលក្ខណៈឥតឈប់ឈរ និងបានដាក់ដែនកំណត់លើសេរីភាពក្នុងការបញ្ចេញមតិរបស់ក្មេងស្រី។ ការធ្វើឲ្យក្មេងស្រីដកខ្លួនចេញពីប្រព័ន្ធអ៊ីនធឺណិតគឺជាការបង្ខាំងភាពអង់អាចរបស់ពួកគេនៅក្នុងពិភពឌីជីថលដែលកំពុងតែកើនឡើង និងបំផ្លាញសមត្ថភាពរបស់ពួកគេក្នុងការបង្ហាញឲ្យគេឃើញ ឲ្យគេស្តាប់ និងក្លាយជាអ្នកដឹកនាំ»។

ក្មេងស្រី និងស្ត្រីវ័យក្មេងទូទាំងពិភពលោកកំពុងទាមទារសកម្មភាពជាបន្ទាន់ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីការស្ទង់មតិដ៏សំខាន់មួយបានបង្ហាញថាជាងពាក់កណ្តាល (៥៨ភាគរយ) នៃពួកគេត្រូវទទួលរងការបៀតបៀន ឬរំលោភបំពាននៅលើប្រព័ន្ធអ៊ីនធឺណិត។

លោកស្រី Anne-Birgitte Albrectsen បានបន្តថា «ជារឿងដ៏គួរឱ្យខកចិត្ត ដែលពួកគេត្រូវបានគេទុកឱ្យដោះស្រាយអំពើហិង្សាតាមអ៊ីនធឺណិតដោយខ្លួនឯង ជាមួយផលប៉ះពាល់យ៉ាងខ្លាំងទៅលើទំនុកចិត្តលើខ្លួនឯង និងសុខុមាលភាពរបស់ពួកគេ។ ដោយសារ តែកូវីដ១៩ បានធ្វើឲ្យការរស់នៅរបស់យើងភាគច្រើន ត្រូវពឹងផ្អែកលើអ៊ីនធឺណិត ហើយជាមួយនឹងការបង្កើនលទ្ធភាពប្រើប្រាស់អ៊ីនធឺណិតនៅទូទាំងពិភពលោក វាដល់ពេលហើយដែលប្រព័ន្ធឌីជីថលត្រូវបង្កើតយុន្តការ និងវិធានការការពារអ្នកប្រើប្រាស់របស់ពួកគេ»។

ការសិក្សាដ៏ធំបំផុតនៃការសិក្សាប្រភេទនេះ បានរកឃើញថា ក្មេងស្រីដែលប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ និងទាប គឺដូចគ្នា គឺពួកគេត្រូវបានទទួលរងនូវសារបៀតបៀន រូបភាពអាសអាភាស ការលួចតាមដាននៅលើអ៊ីនធឺណិត និងទម្រង់នៃការរំលោភបំពានផ្សេងៗទៀត ហើយឧបករណ៍រាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់មិនមានប្រសិទ្ធភាពក្នុងការបញ្ឈប់វាទេ។
ការរំលោភបំពានក៏ធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ក្មេងស្រីនៅខាងក្រៅផងដែរ ដោយម្នាក់ក្នុងចំណោមប្រាំនាក់ (២២ភាគរយ) នៃអ្នកដែលបានចូលរួមស្ទង់មតិនិយាយថា ពួកគេ ឬមិត្តភក្តិមានភាពភ័យខ្លាចលើសុវត្ថិភាពរាងកាយរបស់ពួកគេ ខណៈ ៤៤ភាគរយ និយាយថាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវធ្វើការបន្ថែមទៀតដើម្បីការពារពួកគេ។

ប្រភេទនៃសកម្មភាពរំលោភបំពាន ជាទូទៅបំផុតគឺភាសាដែលបង្ហាញពីការរំលោភបំពាន និងប្រមាថ ដែលត្រូវបានរាយការណ៍ដោយក្មេងស្រី ៥៩ ភាគរយ ដែលត្រូវបានគេបៀតបៀន បន្ទាប់មកគឺការបង្អាប់ដោយចេតនា (៤១ ភាគរយ) ការមាក់ងាយរូបរាងកាយ និងការគំរាមកំហែងនៃអំពើហិង្សាផ្លូវភេទ (ទាំងពីរគឺ ៣៩ ភាគរយ)។

ច្រើនជាងមួយភាគបី (៣៧ ភាគរយ) នៃក្មេងស្រីដែលជាជនជាតិភាគតិច ហើយទទួលរងការរំលោភបំពាននិយាយ ថាពួកគេរងការបៀតបៀនលើជនជាតិ ឬពូជសាសន៍របស់ពួកគេ ខណៈពេលដែលជាងពាក់កណ្តាល (៥៦ ភាគរយ) នៃអ្នកដែលត្រូវបានគេស្គាល់ថាជាក្រុមអ្នកស្រលាញ់ភេទដូចគ្នា និយាយថាពួកគេត្រូវបានបៀតបៀនដោយសារតែ អត្តសញ្ញាណយេនឌ័រ ឬទំនោរផ្លូវភេទរបស់ពួកគេ។

របាយការណ៍ដែលមានចំណងជើងថា ត្រូវមានសេរីភាពតាមបណ្តាញអ៊ីនធឺណេត? បទពិសោធន៍របស់ក្មេងស្រី និងស្រ្តីវ័យក្មេង ពីការបៀតបៀនតាមអ៊ីនធឺណិត បានរកឃើញថាប្រព័ន្ធផ្សព្វផ្សាយសង្គមគឺជាផ្នែកមួយដ៏សំខាន់នៃជីវិតប្រចាំថ្ងៃរបស់យុវវ័យ ហើយវាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់សកម្មភាពកម្សាន្ត រៀនសូត្រ និងទំនាក់ទំនងជាមួយមិត្តភក្តិ និងក្រុមគ្រួសារ៕

អត្ថបទសរសេរ ដោយ