នៅក្នុងវិនយប្បញ្ញត្តិ កឋិនលោកសំដៅយកតែចីវរបច្ច័យ គឺអ្នកធ្វើកឋិនមានសំពត់ត្រឹមតែអាចធ្វើស្បង់មួយ ក៏អាចធ្វើកឋិនបានដែរ ព្រោះភិក្ខុអ្នកទទួលក្រាលគ្រងកឋិន ក្នុងចំណោមត្រៃចីវរគឺ ស្បង់១ ចីវរ១ សង្ឃាដី១ គឺក្រាលបានតែ១មុខប៉ុណ្ណោះ បើក្រាលដល់ទៅពីរឬបីមុខនឹងមិនឡើងជាកឋិនឡើយ លោកហៅថា ខូចកឋិន ឬកឋិនត្ថារវិបត្តិ ។ ប៉ុន្តែការដែលអ្នកមានសទ្ធា ជាអ្នកមានជីវភាពធូរធារ ស្តុកស្តម្ភគេអាចនាំសម្ភារច្រើនៗដូចជា ចីវរ១ ត្រៃ ២ ឬ ៣ត្រៃ ឬក៏លើសនេះទៅទៀត មានទាំងសេនាសនបច្ច័យ គិលានបច្ច័យ បិណ្ឌបាតបច្ច័យ ឲ្យកាន់តែសម្បូរបែបច្រើនៗទៅទៀត ក៏រឹតតែប្រសើរវិសេស គឺបានផលានិសង្សដល់អ្នកធ្វើកឋិនកាន់តែច្រើនលើសលប់ ។
ទោះជាយ៉ាងណា តាមការសង្កេត បច្ចុប្បន្នការប្រតិបត្តិអង្គកឋិនហាក់ដូចជាពុំសូវមានភាពត្រឹមត្រូវតាមផ្លូវវិន័យនោះទេ ជាក់ស្តែងវត្តខ្លះ ភិក្ខុអ្នកក្រាលគ្រងគឺក្រាលនូវចីវរមួយត្រៃតែម្តង ឯវត្តខ្លះទៀតការក្រាលកឋិនគឺគេមិនបានអនុញ្ញាតឱ្យភិក្ខុអ្នកមានចីវរចាស់ទ្រុឌទ្រោមក្រាលកឋិនទេ គឺភិក្ខុអង្គណាមានតួនាទីធំជាងគេ ភិក្ខុអង្គនោះជាអ្នកក្រាលតែម្តង និងវត្តខ្លះទៀតគឺភិក្ខុអ្នកក្រាលគ្រងចេញរកកឋិនដោយខ្លួនឯងតែម្តង បានដើរទៅទាក់ទងពុទ្ធបរិស័ទឲ្យមកធ្វើបុណ្យកឋិននៅក្នុងវត្តរបស់ខ្លួន ដែលការណ៍នេះគឺមិនត្រឹមត្រូវនោះទេ ឬធ្វើឲ្យខូចកឋិនហើយ ។ បើតាមបញ្ញត្តិនៅក្នុងព្រះវិន័យ គឺត្រូវព្រះសង្ឃគង់ចាំពុទ្ធបរិស័ទជាអ្នកផ្តូចផ្តើមធ្វើបុណ្យវិញ មិនត្រូវទៅទាក់ទងកឋិនដោយខ្លួនឯងទេ ។
 កឋិនទាន គឺជាបុណ្យដែលមានចែងនៅក្នុងពុទ្ធប្បញ្ញត្តិ ពោលគឺពុំមែនជាបុណ្យប្រពៃណីរបស់អ្នកគោរពរាប់អាន ព្រះពុទ្ធសាសនាដូចជាបុណ្យដទៃមានបុណ្យផ្កាជាដើមឡើយ ។ កឋិនទានមានតែនៅក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ ហើយក៏ជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ គឺមិនមែនអាចធ្វើពេលណាក៏បានដែរនោះទេ គឺអាចធ្វើបានតែក្នុងរយៈពេល២៩ថ្ងៃគត់ចាប់ពីថ្ងៃ១រោចខែអស្សុជដល់ថ្ងៃ១៥កើត ខែកត្តិកប៉ុណ្ណោះ ហៅថាកឋិនកាល ជារយៈពេលបន្ទាប់ពីព្រះសង្ឃបវារណាចេញព្រះវស្សា ។
កឋិនទានមិនមែនត្រូវបានធ្វើឡើងតែនៅកម្ពុជាប៉ុណ្ណោះទេ ក៏មានផងដែរនៅតាមបណ្តាប្រទេសមួយចំនួនដែលកាន់ព្រះពុទ្ធសាសនាថេរវាទដូចជា ប្រទេសថៃ ភូមា ស្រីលង្កា និងឡាវជាដើម ។
លក្ខណៈពិសេសនៃបុណ្យកឋិនទានគឺអាចធ្វើបានទាំងគ្រហស្ថ ទាំងព្រះសង្ឃអាចធ្វើកឋិនបានដូចគ្នា។ ព្រះពុទ្ធជាម្ចាស់ទ្រង់អនុញ្ញាតឲ្យភិក្ខុសង្ឈទទួលក្រាលគ្រងនិងអនុមោទនាកឋិននោះ ដើម្បីសម្រាលនូវទុក្ខលំបាកក្នុងការប្រើប្រាស់បច្ច័យមួយចំនួនដូចជា ត្រៃចីវរ អាហារភោជន និងលាភសក្ការៈផ្សេងៗ ដែលកើតមានដល់សង្ឃ ហើយការសម្រាលទុក្ខនេះទៀតសោត ក៏បានតែត្រឹមរយៈកាល៥ខែ និងបានចំពោះតែភិក្ខុដែលចូលបុរិមិកាវស្សាអស់ត្រីមាសបានត្រឹមត្រូវ មិនដាច់វស្សាតែប៉ុណ្ណោះ ៕ សាន សារិន
                        
			         
				
ចែករំលែកព័តមាននេះ