បន្ទាប់ពីក្រាលគ្រងនិងអនុមោទនាកឋិនរួច អានិសង្ស៥ប្រការដែលមានរយៈពេលរវាង៥ខែនឹងកើតមានដល់ភិក្ខុភ្លាម ដូចមានក្នុងវិន័យបិដកត្រង់កឋិនក្ខន្ធកថាយ៉ាងនេះថាៈ
១-អនាមន្តចារោ ត្រាច់ទៅកាន់ទីដទៃ ដោយមិនបាច់លាភិក្ខុផងគ្នានឹងមិនមានទោស។
២-អសមាទានចារោ ត្រាច់ទៅដោយមិនបាច់យកត្រៃចីវរគ្រប់ប្រដាប់ទៅជាមួយបាន។
៣-គណភោជនំ ឆាន់អាហារភោជនបានតាមការគួរនឹងមិនមានទោសឡើយ ។
៤-យាវទត្ថចីវរំ ទុកដាក់អតិរេកចីវរបានតាមត្រូវការ។
៥-យោ ច តត្ថ ចីវរុប្បាទោ សោ នេសំ ភវិស្សតិ ចីវរដែលកើតឡើងក្នុងអាវាស ចីវរនោះនឹងមានដល់ភិក្ខុនោះ។
ដោយកឋិនទានជាទាននាំឲ្យភិក្ខុសង្ឃជាអ្នកទទួលក្រាលគ្រង និងអនុមោទនា បានអានិសង្ស៥យ៉ាងដូចពោលមកនេះហើយបានជាទាយកទាយិកាអ្នកធ្វើកឋិនត្រូវបានអានិសង្សច្រើនជាអនេក សមដូចព្រះពុទ្ធដីកាថា សុខស្ស ទាតា មេធាវី សុខំ សោ អធិគច្ឆតិ ជនអ្នកមានប្រាជ្ញាណាមួយបានឲ្យនូវសេចក្ដីសុខស្រួលដល់អ្នកដទៃ ជននោះឯងរមែងបានជួបប្រទះនឹងសេចក្ដីសុខវិញជាក់ជាអនេក ។ សាន សារិន
ចែករំលែកព័តមាននេះ