ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុភូត​ព្រះអាទិត្យ​បែងភាគ​ផ្អើល​ក្រុង​បាត់ដំបង

11 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ អព្ភូតហេតុ​កម្រ​ប្រទះ​ឃើញ​មួយ​នៅ​លើ​លំហ​មេឃ បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​គួរ​ឱ្យ​កត់សម្គាល់ នៅ​ក្រុង​បាត់ដំបង កាលពី​វេលា​ម៉ោង​៧​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​១ មេ​សា ដោយ​ប្រជាពលរដ្ឋ បន្ទាប់​ពី​បានឃើញ​ព្រះអាទិត្យ​បាន​រះ​ឡើង​បំភ្លឺ​ដែន​ពសុធា​នោះ បែរជា​មាន​ពន្លឺ​ផ្សេង​ៗ ប្រៀប​ដូច​ជា​ព្រះអាទិត្យ​បែងភាគ ។ អ្នក​តាមដាន​ពី​អព្ភូត​ហេតុនេះ និយាយ​ថា នៅ​ពេល​ទើបតែ​រះ​ឡើង​នោះ អាច​មើលឃើញ​ព្រះអាទិត្យ​៣ ដ៏​ចម្លែក ។ លុះ​រះ​ឡើង​ខ្ពស់​នៅ​ម៉ោងជាង​៨​ព្រឹក ក៏​បានឃើញ​ពន្លឺ​ពេញវង់ មាន​ទាំង​៥ ។

គ្មាន​ការ​បញ្ជាក់​ណាមួយ​ពី​អ្នកជំនាញ​បច្ចេកទេស ឬ​ពី​អ្នក​វិទ្យាសាស្ត្រ​ណាមួយ​ដើម្បី​ឱ្យ​ដឹង​ពី​មូលហេតុ​នេះ​បាន​ឡើយ ។ គ្រាន់តែ​អ្នកខ្លះ បាន​គិត​ទៅ​តាម​អបិយ​ជំនឿ​ថា ប្រាកដជា​មាន​ប្រផ្នូល​អ្វីមួយ​កើតឡើង​នៅ​ថ្ងៃ​ណាមួយ​មិន​ខាន ។

អ្នកខ្លះ​បាន​គិត​តាម​បែប​វិទ្យាសាស្ត្រ​ថា នេះ​ជា​ចំណាំងផ្លាត​រវាង​ពន្លឺព្រះអាទិត្យ និង​ផ្ទៃ​ទឹកភ្លៀង ឬ​ទឹកកក ដែល​មាននៅ​លើ​លំហ​អាកាស​ដែល​នៅ​ជុំវិញ​ព្រះអាទិត្យ បណ្តាល​ឱ្យ​មានការ​ចែងចាំង​ជះ​មក​លើ​ភព​ផែនដី​តែ​ប៉ុណ្ណោះ ។ តាម​អព្ភូត​ហេតុនេះ​ដែរ តាម​ភាសាវិទ្យា​សាស្ត្រ​ហៅ​ថា Parhelion គឺជា​បាតុភូត​សម្ពាធ​បរិយាកាស ដែល​កើតឡើង​ដោយសារ​ចំណាំងផ្លាត​រវាង​ព្រះអាទិត្យ និង​គ្រី​ស្តា​ល់​ទឹកកក ។ អព្ភូតហេតុ​បែប​នេះ មិនមែន​កើត​មាន​តែ​នៅ​កម្ពុជា​ទេ ប្រទេស​មួយ​ចំនួន​ក៏​ធ្លាប់​ឃើញ​ធម្មជាតិ​ចម្លែក​បែប​នេះ​ដែរ ។

នៅ​វេលា​ម៉ោង​៨​គត់ ព្រះអាទិត្យ​ដែល​បាន​ចែងចាំង​ឃើញ​ចំនួន​៣​នោះ បាន​ប្រែប្រួល​ទៅ​ជា​ចំនួន​៥​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី តាម​រង្វង់​មូល ដែល​ភាគច្រើន​គេ​ហៅ​ថា​ឥ​ន្ធ​នូ ដែល​នៅ​ខាងកើត​មាន​ចំនួន​៣ និង​ខាងជើង​មាន​១ និង​ខាងត្បូង​មាន​មួយ ។ ក្នុង​រង្វង់​មូល​នោះ​ហើយ​មាន​ពន្លឺ​បែក​ជា​៥​នោះ បាន​បាត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​៩​ព្រឹក ។

តាម​បែប​វិទ្យាសាស្ត្រ អ្នកខ្លះ​អះអាង​ថា ជា​ដំណើរ​របស់​ព្រះអាទិត្យ ដែល​ដើរមក​ផុត​ពន្លឺ​ចំណាំងផ្លាត​នៃ​ផ្ទៃ​ទឹក ។ បន្ទាប់​ពី​បាត់​ពន្លឺ​ទាំង​៥​ហើយ នៅ​សល់​តែ​ពន្លឺព្រះអាទិត្យ​មួយ​ប៉ុណ្ណោះ ដែល​បាន​បញ្ចេញ​រស្មី​មក​ក្តៅហែង​ដូច​ថ្ងៃ​ធម្មតា ។

ទោះបីជា​បែប​នេះ​ក្តី នៅ​វេលា​រសៀល​ម៉ោង​៣​ក្នុង​ថ្ងៃ​ដដែល​នោះ មេឃ​ចាប់ផ្តើម​ស្រទំ ងងឹត​ជុំវិញ​ក្រុង​បាត់ដំបង តែ​គ្មាន​ភ្លៀង​ធ្លាក់​ទេ គឺ​មាន​តែ​ខ្យល់​បក់ រកកល​ចង់​ភ្លៀង​ប៉ុណ្ណោះ តាម​ស្ថានភាព​នេះ ត្រូវ​បាន​រំពឹង​ថា ភ្លៀង​កក់ខែ នឹង​បង្អុរ​មក​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​មិន​ខាន ៕