ខេត្តកំពង់ស្ពឺ ៖ នាយរងស្នាក់ការ៣០១មួយរូបដែលឈរជើងតាមបណ្តោយផ្លូវជាតិលេខ៣ បានត្រូវកងរាជអាវុធហត្ថលើផ្ទៃប្រទេសឃាត់ខ្លួន បន្ទាប់ពីនាយរងរូបនេះបានបាញ់គំរាមមកលើកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ដែលកំពុងធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ តាមផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ។

ប្រភពព័ត៌មានឲ្យដឹងថា នាយរងស្នាក់ការ៣០១ដែលត្រូវបានឃាត់ខ្លួននេះឈ្មោះ យ៉េ អាយុជាង៤០ឆ្នាំ ជាមន្ត្រីអាវុធហត្ថនៅខេត្តតាកែវ ។ មុនពេលឃាត់ខ្លួន កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើដែលឈ្មួញដឹកជញ្ជូនយកទៅលក់នៅខេត្តតាកែវ ។

ខណៈឃាត់រថយន្តធ្វើការត្រួតពិនិត្យ ក៏លេចមុខលោក យ៉េ នាយរងស្នាក់ការលេខ៣០១ចេញមក ហើយទាញអាវុធបាញ់គំរាមមកលើក្រុមសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេសតែម្តង ។
ដោយប្រើសិទ្ធិការពារខ្លួន សមត្ថកិច្ចក៏បាញ់តនិងឈានដល់បង្ក្រាបបាននាយរងស្នាក់ការរូបនេះ រួចបញ្ជូនមកឲ្យអាវុធហត្ថខេត្តកសាងសំណុំរឿងបន្តតាមផ្លូវច្បាប់ ។ បើតាមសមត្ថកិច្ចខេត្តនិយាយថា នាយរងស្នាក់ការ៣០១រូបនេះ ក្រោយពីកសាងសំណុំរឿងរួចរាល់ហើយ ក៏បានបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី ។

ដោយឡែក មេឈ្មួញឈ្មោះ ណាក់ ស្រមូម ដែលកំពុងរត់គេចខ្លួន មានទីលំនៅក្នុងភូមិថ្មី សង្កាត់រកាធំ ក្រុងច្បារមន គឺជាឈ្មួញរកស៊ីបទល្មើសព្រៃឈើយូរឆ្នាំណាស់មកហើយ មិនដែលមានសមត្ថកិច្ចណាបង្ក្រាបឡើយ ទើបតែពេលនេះឃាត់បានបក្ខពួក ។

យោងតាមប្រភពពីអាវុធហត្ថខេត្តបានប្រាប់ថា ពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ស្វែងរកចាប់ខ្លួនមេឈ្មួញរូបនោះ ដើម្បីនាំយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ