ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​នៅ​ស្រុក​បាភ្នំ​នាំ​គ្នា​ចិញ្ចឹម​ជ្រូក​ឡើង​វិញ បន្ទាប់​ពី​បោះបង់​ចោល​មួយ​រយៈ

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ មន្ត្រី​ជំនាញ​ពេទ្យសត្វ​ខេត្តព្រៃវែង បានឱ្យ​ដឹង​ថា រយៈពេល​២​ទៅ​៣​ខែ​មកនេះ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ស្រុក​បាភ្នំ បាន​នាំ​គ្នា​ងាក​មក​ចិញ្ចឹម​ជ្រូក​នៅ​តាម​ផ្ទះ ឡើង​វិញ​ហើយ ក្រោយ​ពី​បាន​បោះបង់​មុខរបរ​នេះ​ចោល​អស់​រយៈពេល​ជា​ច្រើន​ខែ ដោយសារ​តែ​បញ្ហា​ជំងឺ…

ខេត្តព្រៃវែង ៖ មន្ត្រី​ជំនាញ​ពេទ្យសត្វ​ខេត្តព្រៃវែង បានឱ្យ​ដឹង​ថា រយៈពេល​២​ទៅ​៣​ខែ​មកនេះ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ស្រុក​បាភ្នំ បាន​នាំ​គ្នា​ងាក​មក​ចិញ្ចឹម​ជ្រូក​នៅ​តាម​ផ្ទះ ឡើង​វិញ​ហើយ ក្រោយ​ពី​បាន​បោះបង់​មុខរបរ​នេះ​ចោល​អស់​រយៈពេល​ជា​ច្រើន​ខែ ដោយសារ​តែ​បញ្ហា​ជំងឺ និង​កត្តា​តម្លៃ​ទីផ្សារ​។

បើ​តាម​បងស្រី ឌឹ​ក យ៉ា ជា​កសិករ​ម្នាក់​នៅ​ភូមិ​តា​ពេជ្រ​ខាងជើង ក្នុង​ឃុំរ​ក្ស័​ជៃ ស្រុក​បាភ្នំ បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ តម្លៃ​ជ្រូក​នៅ​លើ​ទីផ្សារ​ខ្ពស់​ល្អ​ណាស់ គឺ​១​គីឡូក្រាម​តម្លៃ​១​ម៉ឺន​៤​ពាន់​រៀល ខុស​ពី​ឆ្នាំ​មុន​ដែល​លក់​បាន​ត្រឹមតែ​៧​ពាន់​ទៅ​៨​ពាន់​រៀល​ប៉ុណ្ណោះ​។

បងស្រី ឌឹ​ក យ៉ា បន្ត​ថា ដោយសារ​តែ​ជ្រូក​លក់​បាន​ថ្លៃ​បែប​នេះ ទើប​ពួក​គាត់​ជា​អ្នក​ចិញ្ចឹម​ចាប់​ផ្តើម​មាន​ក្តី​សង្ឃឹម ទាំង​អ្នក​ដែល​បាន​តស៊ូ​មិន​បោះបង់ និង​អ្នក​ដែល​បាន​បោះបង់​ចោល​ហើយ​នោះ ពេល​នេះ​ចាប់ផ្តើម​នាំ​គ្នា​ចិញ្ចឹម​ឡើង​វិញ​ហើយ ដោយ​ផ្ទះ​ខ្លះ​៥​ក្បាល ផ្ទះ​ខ្លះ​១០​ក្បាល​ទៅ​តាម​លទ្ធភាព ហើយនឹង​មាន​គំរោង​បន្ត​ដាក់​បន្ថែម​ជា​ច្រើន​ក្បាល​ថែម​ទៀត ទៅ​តាម​ដំណាក់​កាល បើសិនជា​តម្លៃ​ជ្រូក​នៅ​តែ​ខ្ពស់​ល្អ​បែប​នេះ​។

ដោយឡែក​កសិករ​ផ្សេង​ទៀត ដែល​ធ្លាប់​បោះបង់​មុខរបរ​ចិញ្ចឹម​ជ្រូក​នេះ​ចោល​នោះ បានឱ្យ​ដឹង​ដែរ​ថា កាលពីមុន​ពួក​គាត់​ស្ទើរតែ​៩០%​ទៅ​ហើយ ដែល​បាន​បោះបង់​មុខរបរ​ចិញ្ចឹម​ជ្រូក​ចោល ហើយ​ទៅ​ចាប់​ធ្វើ​មុខរបរ​ថ្មី​ជំនួស​វិញ ដោយសារ​តែ​មុខរបរ​នេះ​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន ដែល​ធ្វើ​ឱ្យ​ពួក​គាត់​ជា​អ្នក​ចិញ្ចឹម​ត្រូវ​ខាតបង់​រាល់​ឆ្នាំ​។

ប្រភព​ដដែល​បញ្ជាក់​ប្រាប់​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​អ្នក​ចិញ្ចឹម​ជ្រូក​តាម​ផ្ទះ​ត្រូវ​ខាតបង់​ច្រើន​នោះ គឺ​ដោយសារ​តែ​កត្តា​ធំ​ៗ​ចំនួន​២ កត្តា​ទី​១​គឺ​បញ្ហា​ចំណី​ជ្រូក​ដែល​ចេះ​តែ​ឡើងថ្លៃ​ខ្ពស់​ទៅ​ៗ ហើយ​កត្តា​ទី​២​គឺ​បញ្ហា​តម្លៃ​ជ្រូក​ដែល​ចេះ​តែ​ថោក​ទៅ​ៗ រហូត​ចិញ្ចឹម​លែង​ចំណេញ​ទើប​កសិករ​ខ្លះ​ដែល​ខ្វះ​លទ្ធភាព ត្រូវ​បង្ខំចិត្ត​ឈប់​ចិញ្ចឹម ហើយ​ចុង​ក្រោយ​គឺ​វត្តមាន​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក ដែល​ធ្វើ​ឱ្យ​ជ្រូក​ងាប់​អស់​ផង ទើប​ពួក​គាត់​ជា​កសិករ​នាំ​គ្នា​ឈប់​ចិញ្ចឹម​ជ្រូក​ទាំងអស់​គ្នា​តែ​ម្តង​ទៅ​។

ទោះជា​យ៉ាងណា​ក៏​ដោយ បច្ចុប្បន្ន​នៅ​ក្នុងស្រុក​បាភ្នំ​ទាំងមូល គេ​សង្កេត​ឃើញ​ប្រជា​កសិករ​បាន​នាំ​គ្នា​ងាក​មក​ចាប់​យកមុខ​របរ​ចិញ្ចឹម​ជ្រូក​តាម​ផ្ទះ​ជា​បណ្តើរ​ៗ​ឡើង​វិញ​ហើយ ក្រោម​ការ​ជួយ​សម្របសម្រួល​ណែនាំ​បច្ចេកទេស ពី​មន្ត្រី​ជំនាញ​ពេទ្យសត្វ​ស្រុក និង​ខេត្ត​ផង​ដែរ ដើម្បី​ជួយ​ការពារ​សត្វ​ជ្រូក​របស់​ប្រជា​កសិករ ពី​ជំងឺ​រាតត្បាត​ផ្សេង​ៗ ហើយ​គេ​សង្ឃឹមថា ទាំង​មន្ត្រី​ជំនាញ និង​អាជ្ញាធរ នឹង​ជួយ​គិតគូរ​ពី​បញ្ហា​តម្លៃ​សាច់​ជ្រូក​នៅ​លើ​ទីផ្សារ ធ្វើ​យ៉ាងណា​ឱ្យ​មាន​តម្លៃ​ខ្ពស់​ល្អ និង​មាន​ស្ថេ​រ​ភាព​បែប​នេះ​រហូត​ទៅ ដើម្បី​ឱ្យ​ប្រជា​កសិករ​ដែល​ជា​អ្នក​ចិញ្ចឹម មាន​កម្លាំងចិត្ត​បន្ត​នាំ​គ្នា​ចិញ្ចឹម​ជ្រូក​តទៅ​ទៀត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ