តើហេតុផលអ្វីខ្លះដែលឪពុកម្តាយមិនគួរគ្រប់គ្រងនូវជីវិតអាពាហ៍ ពិពាហ៍របស់កូនៗ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ពាក្យថា «នំមិនធំជាងនាល» សម័យមុនតែងតែលឺសឹងគ្រប់គ្នា ជាពិសេសកូនៗត្រូវតែចងចាំនូវពាក្យនេះជានិច្ច។ ក្នុងន័យនៃពាក្យនេះចង់សំដៅទៅលើ កូនប្រុសស្រីទាំងអស់ ត្រូវធ្វើតាម និងស្តាប់បង្គាប់របស់ឪពុកម្តាយ ឬធ្វើតាមការសម្រេចចិត្ត ក្នុងការរើសគូស្រករឬរៀបអាពាហ៍ពិពាហ៍ ដោយមិនត្រូវ រើសឬសម្រេចចិត្តដោយខ្លួនឯងនោះទេ។
ប៉ុន្តែដោយមានការប្រែរប្រួលវេលាកាន់តែទំនើប និងជឿនលឿន ក្នុងពេលបច្ចុប្បន្ន ឪពុកម្តាយខ្លះបានដើរតាមសម័យកាល និងកូនៗខ្លះក៏ដូចគ្នា ដែលពួកគេបានរើសគូរស្រករ ដោយខ្លួនឯង ហើយឪពុកម្តាយខ្លះក៏បានផ្តល់អតិភាពជូនកូនៗរបស់ខ្លួនផងដែរ ក្នុងការសម្រេចនៃអាពាហ៍ពិពាហ៍។ ដូចនេះបើគិតទៅលើពាក្យថា «នំមិនធំជាងនាល» ក៏បានប្រែខ្លួនទៅជាពាក្យថា «នំគឺធំជាងនាល» ហើយ។

បើក្រឡេកមកមើលនាពេលបច្ចុប្បន្នវិញ មានភាពខុសគ្នា ពីមុនចាស់ៗតែងតែនិយាយថា «នំមិនធំជាងនាល» ។ ប៉ុន្តែបច្ចុប្បន្ន អីឡូវនេះ «នំវាធំជាងនាលហើយ» ចឹងការរើសគូរស្រកបច្ចុប្បន្នគឺធំទៅលើកូន នេះជាការថ្លែងរបស់លោកស្រីនាយិកាម្នាក់ដែល លោកស្រីបានឆ្លងកាត់នូវពាក្យនេះ ហើយលោកស្រីក៏មិនបានបន្តអនុវត្តន៍នៃពាក្យនេះ ទៅដល់កូនៗរបស់លោកស្រីឡើយ ។
ជាមួយនឹងបទពិសោធន៍ក្នុងជំនាន់គ្រួសារពីសម័យមុន លោកស្រី កែវ មុំ ជានាយិកាក្រុមហ៊ុនផលិតនំស្រួយ លីលី បានឱ្យដឹងថា លោកស្រីបានរៀបអាពាហ៍ពិពាហ៍ ដោយឪពុកម្តាយរបស់លោកស្រីរៀបចំទុកដាក់ឱ្យ ទាំងដែលពេលនោះលោកស្រីមិនបានស្គាល់ពាក្យថា អ្វីទៅជាស្នេហានោះផង។
លោកស្រី កែវ មុំ បានបន្តថា «នៅជំនាន់ខ្ញុំមានការតឹងតែង ឪពុកម្តាយជាទូទៅ គាត់តែងតែគិតថា កូននៅក្នុងបន្ទុកគ្រួសារ ហើយម្យ៉ាងវិញទៀត ប្រសិនបើចង់រៀបគូស្រករគឺ ឪពុកម្តាយជាអ្នករៀបចំឱ្យ មើលខាងណាដែលគ្រួសារណាល្អ អ៊ីចឹងទៅប្រសិនជាគាត់ពេញចិត្តនរណាម្នាក់ ឬក៏គាត់គិតថា ល្អសម្រាប់យើងហើយ នោះគាត់នឹងរៀបចំអាពាហ៍ពិពាហ៍ឱ្យយើងតែម្តង»។
និយាយបណ្តើរលាយឡំនឹងសំណើចបណ្តើរ លោកស្រីបានបន្តថា «សម្រាប់ខ្ញុំជំនាន់នោះ គឺបែបហ្នឹង អ៊ីចឹងការរៀបអាពាហ៍ពិពាហ៍ គឺឪពុកម្តាយអ្នកទុកដាក់ ខ្ញុំមិនបានស្គាល់គ្នាជាមួយស្វាមីខ្ញុំពីមុនមកទេ ពេលនោះគឺថា យើងមិនបានដឹងថាស្នេហាជាអ្វីដែរ ដល់ពេលឪពុកម្តាយហៅរៀបការគឺរៀបការតែម្តង»។
ចំពោះកូនៗរបស់លោកស្រី គឺលោកស្រី មិនបានបង្ខិតបង្ខំឱ្យកូនៗរបស់លោកស្រី ត្រូវតែរៀបអាពាហ៍ពិពាហ៍តាមលោកស្រីនោះទេ មានន័យថា «យើងដើរទាន់សម័យកាល ឬពិភពលោកផងដែរ។ អ៊ីចឹងយើងមើលឃើញថា ពីមុនរឿងផ្សេង បច្ចុប្បន្នរឿងផ្សឹង កាលណាដែលយើងដើរមិនទាន់សម័យកាលនោះទេ វាអាចនឹងមានបញ្ហាកើតឡើង។ បើទោះបីយើងជា ឪពុកម្តាយ ប៉ុន្តែសិទ្ធនៃការសម្រេចគឺរបស់ពួកគាត់ (កូនៗ) ការរស់នៅគឺពួកគាត់តែពីរនាក់ប្តីប្រពន្ធនោះទេ មានរឿងអ្វីគឺរឿងពួកគាត់ពីរនេះឯង គាត់យកយល់គ្នា ស្រឡាញ់គ្នាយ៉ាងមិចគឺពួកគាត់ដឹងគ្នាទៅវិញទៅមក»។
លោកស្រីបានបន្តថា «ប្រសិនបើគាត់រៀបអាពាហ៍ពិពាហ៍តាមចិត្តរបស់ខ្ញុំ ហើយគាត់មិនបានស្គាល់ចិត្តគ្នាផង នោះនៅថ្ងៃណាមួយគាត់រស់នៅមិនចុះសំរុង ដូចនេះវាអាចបង្កឱ្យមានបញ្ហាជាច្រើននៅក្នុងគ្រួសារ។ ហើយយើងសង្កេតឃើញថា បញ្ហាគ្រួសារគឺពិតជាពិបាកដោះស្រាយនៅពេលវាកើតឡើងម្តងៗ»។

ប្រសិនបើយើងប្រៀបធៀបរឿងបញ្ហាគ្រួសារ ជាមួយនឹងរឿងបញ្ហាអាជីវកម្ម បញ្ហាគ្រួសារគឺពិបាកជារឿងអាជីវកម្មទៅទៀត យើងធ្វើអាជីវកម្មខាតលុយអស់ប្រឹងរកទៀត ពិបាកចិត្តតែមួយភ្លែតទេ តែបញ្ហាគ្រួសារ វាធ្វើឱ្យចិត្តមនុស្សវិលវល់ ស្រ្តេសច្រើន គិតអ្វីផ្តេសផ្តាស់ ។ ដូចនេះហើយទើបខ្ញុំគិតថា កូនគួរតែបើសិទ្ធសេរីភាពក្នុងការឱ្យគាត់ស្គាល់គ្នាជាមុន យល់ចិត្តគ្នា គាត់ពេញចិត្តគាត់យល់ព្រម គាត់អាចនាំមកឱ្យយើងមើល យើងជាម្តាយឪពុក តួនាទីគ្រាន់តែជួយមើលគាត់បន្ថែម ថាអ៊ូ បុគ្គលដែកគាត់រាប់អាននឹង ល្អឬមិនល្អ ក្រុមគ្រួសារគេយ៉ាងមិច មើលទៅដំណើរជិវិតគេស្រឡាញ់កូនយើងប៉ុណ្ណា ទៅមុខអត់។ យើងជួយមើលគាត់ យើងនឹងផ្តល់ប្រឹក្សាជូនពួកគាត់ពេលខ្លះមនុស្សពីរនាក់ដែលកំពុងតែស្រឡាញ់គ្នាគឺផ្អែមល្អែម ហើយប្រាកដណាស់គឺមើលមិនឃើញនូវបញ្ហារឿងអាក្រក់របស់ភាគីម្ខាងទៀតនោះទេ មើលឃើញតែចំណុចល្អ។ ចឹងយើងជាឪពុកម្តាយមានតួនាទីមើលឃើញ យើងប្រាប់គាត់ យើងណែនាំគាត់ ចឹងឱ្យគាត់រៀនមើលថាដៃគូររបស់គាត់ពិតជាល្អដូចដែលគាត់មើលឃើញ ឬក៏មិនល្អដូចដែលឪពុកម្តាយបងប្អូនមើលឃើញឬអត់។ ឧទាហរណ៍ថា មនុស្សម្នាក់នោះមិនល្អ ចឹងយើងមិនបានបង្ខំគាត់ឱ្យផ្តាច់ភ្លាមនោះទេ យើងត្រូវទុកពេលវេលាគាត់មើលគ្នាបន្តទៀត។ ដូចនេះហើយ គឹមានតែពេលវេលាទេ ទើបអាចឱ្យមនុស្សអាចដឹង និងរៀនយល់ពីគ្នាឱ្យបានច្បាស់ ។
លោកស្រី កែវ មុំ បានបន្តថា មនុស្សល្អ ឬមិនល្អ មានតែពេលវេលាទេ ទើបអាចបញ្ជាក់បាន ធម្មតាមនុស្សដែលមានពុតត្បុត មនុស្សដែលមានធ្វើល្អចំពោះយើងតែនៅតែមុខ ខាងក្រោយផ្សេង ឬក៏អត្តចរិកពិតប្រាកដ វាអាចនឹងបញ្ចេញនៅពេលណាមួយមិន ខាន។ លោកស្រីបានបន្ថែមថា ហើយនៅពេលដែលគាត់ដឹងនូវអ្វីជាការពិត គឺគាត់នឹងបែកគ្នាដោយសន្តិវិធី ដោយសប្បាយចិត្ត និងមិនមានការខឹងនឹងយើងដែលជាអ្នកប្រឹក្សានោះទេ។ ប្រសិនបើយើងឃើញភ្លាមបង្ខំគាត់ឱ្យបែបភ្លែត នោះគាត់មិនពេញចិត្តជាមួយយើងទេ ហើយគាត់ប្រាកដជាគិតផ្តេសផ្តាស់មកលើយើងទៀត៕



ចែករំលែកព័តមាននេះ