បុរស​ជនជាតិ​ហុង​គ្រីម្នាក់​សង្ស័យ​កើត​កូ​វី​ដ​-១៩ ថ្មី​​នៅ​ខេត្តសៀមរាប​កំពុង​រត់គេច​ខ្លួន​បាត់​ពី​កន្លែង​ស្នាក់​នៅ


រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ​ថា ករណី​សង្ស័យ​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី​ម្នាក់ លើ​បុរស​ជនជាតិ​ហុង​គ្រី នៅ​ខេត្តសៀមរាប ដែល​កំពុង​រត់គេច​ខ្លួន​បាត់​ពី​កន្លែង​ស្នាក់​នៅ​ហើយ និង​កំពុង​តែ​តាម​រក​ផង​ដែរ ។

ករណី​សង្ស័យ​វិជ្ជមាន​កូ​វី​ដ​-១៩ ចំនួន ០១​នាក់ ដែល​បាន​រាយ​ការ​ណ៌​ដោយ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប (​បច្ចុប្បន្ន កំពុង​រង​ចាំ​ការ​បញ្ជាក់​បន្ថែម​ពី​មន្ទីរ​ពិសោធ​ន៌​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ​) បាន​រត់គេច​ចេញពី​កន្លែង​ស្នាក់​នៅ​ក្នុងភូមិ​គ្រួ​ស ឃុំ​ស្វាយ​ដង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប មក​ទល់​ពេល​នេះ អាជ្ញាធរ​រក​មិន​ទាន់​ឃើញ​ទេ ។

សូម​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​ផ្តល់​ព័ត៌មាន​មក​អាជ្ញា​ធរមាន​សមត្ថកិច្ច មន្ទីរ​សុខាភិបាល​ខេត្ត ឫ​ទាក់ទង​លេខ ១១៥ ឫ​តាម​លេខ​ទូរស័ព្ទ​ដែល​មាន​ផ្តល់​ជូន​នៅ​ក្នុង​សេចក្តី​ជូន​ព័ត៌មាន​ខាងក្រោម​នេះ ។

ប្រសិនបើ​លោក​អ្នក​បានឃើញ​បុរស​ជនជាតិ​ហុង​គ្រី អាយុ ៧០​ឆ្នាំ​នេះ ដែល​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​ប្រកាស​ផ្សាយ​រក​តាំងពី​យប់​ម៉ោង​ប្រហែលជា ២១​និង​១៥​នាទី នៃ​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ នេះ​រួច​ហើយ ។

សូម​បញ្ជាក់ ៖ បុរស​រូប​នេះ ជា​អ្នក​ធ្វើ​ដំណើរ​ពី​ប្រទេស​បារាំង បន្ត​ជើងហោះហើរ​តាម​ប្រទេស​កូរ៉េ​ខាងត្បូង បាន​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២០ ហើយ លទ្ធផល​តេស្ត​របស់​គាត់​នៅ​ពេល​នោះ គឺ​អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩​។ បន្ទាប់​មក​គាត់​ត្រូវ​បាន​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ កន្លែង​ស្នាក់​នៅ​របស់​តាម​អាសយដ្ឋាន​ខាងលើ​នេះ នៅ​ខេត្តសៀមរាប រហូត​ដល់​ថ្ងៃ​ទី​១៣​នៃ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក របស់​គាត់​ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ ការ​ធ្វើតេស្ត​ឡើង​វិញ​ក៏​បាន​បង្ហាញ​លទ្ធផល​សង្ស័យ​ថា វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ហើយ​វត្ថុ​សំណាក​របស់​គាត់​ត្រូវ​បាន​បញ្ជូន (​មក​ដល់​នៅ​វេលា​យប់​ម៉ោង​ប្រហែលជា​១១៖០០​យប់ នៃ​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២០) ធ្វើការ​វិភាគ​បញ្ជាក់​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ ហើយ​ការ​វិភាគ​របស់​វិទ្យាស្ថាន​នេះ នឹង​ធ្វើ​នៅ​វេលា​ព្រឹក​នៃ​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២០ រីឯ​លទ្ធផល​រំពឹង​ថា​នឹង​អាច​ទទួល​បាន​នៅ​ល្ងាច​នៃ​ថ្ងៃ​ដដែល​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ